ក្រុមហ៊ុន​ប្រេង​បារាំង​ផ្អាក​ការ​ទូទាត់​​សាច់ប្រាក់​ទៅ​ឱ្យ​យោធា​មីយ៉ាន់ម៉ា

រូប​ឯកសារ៖ ផ្លាកសញ្ញា​ក្រុមហ៊ុន​តូតាល់ (Total) នៅ​ទី​ស្នាក់ការ​កណ្តាល​នៅ​ជាយ​ក្រុង​ប៉ារីស​ ប្រទេស​បារាំង។

យោធា​មីយ៉ាន់ម៉ា​បាន​បាត់បង់​ប្រភព​ប្រាក់​ចំណូល​មួយ នៅ​ពេល​ដែល​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ Total ដ៏​ធំ​របស់​បារាំង​បាន​ថ្លែង​កាលពី​ចុង​ខែ​ឧសភាកន្លង​ទៅ​ថា ការ​ទូទាត់​សាច់ប្រាក់​ទៅ​ក្នុង​ក្រុមហ៊ុន​រួម​មួយ​ដែល​មាន​ភាគហ៊ុន​របស់​យោធា​មីយ៉ាន់ម៉ាត្រូវ​បាន​ផ្អាក​ដោយ​សារ​តែ​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​នេះ​។

ក្រុមហ៊ុនប្រេង​ Total ស្ថិត​ក្រោម​សម្ពាធ​ពី​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ទាមទារ​ឱ្យ​ក្រុម​ហ៊ុន​នេះ «បញ្ឈប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​របប​យោធា» ចាប់​តាំង​ពី​មាន​រដ្ឋ​ប្រហារ​យោធា​កាល​ពីខែកុម្ភៈ​មក។​ក្រោយ​ពី​រដ្ឋប្រហារ​នោះ​មក​មាន​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅទៅ​លើ​អ្នកក្រុម​អ្នកប្រឆាំង​តវ៉ា។​

​ក្រុម​តាម​ដានស្ថានការណ៍​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ប្រមាណ​ជាង​ ៨០០ នាក់​ត្រូវ​បានក្រុម​យោធា​សម្លាប់។

ក្រុមហ៊ុន​ប្រេង​Total បាន​បញ្ជាក់ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សេចក្តី​សម្រេច​ក្នុង​ការ​ផ្អាក​ការ​ទូទាត់​ប្រាក់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុនMoattama Gas Transportation Company Limited (MGTC) ​កាលពី​ថ្ងៃទី១២ ខែឧសភា​កន្លង​ទៅ។ ក្រុមហ៊ុន​MGTC ជា​ក្រុមហ៊ុន​រកស៊ី​រួម​មួយ​ដែល​មាន​កម្មសិទ្ធិ​លើ​បណ្តាញ​បំពង់​ប្រេងដែល​ត​ភ្ជាប់​ពី​ទីតាំង​បូម​ប្រេង ក្នុង​តំបន់​សមុទ្រ​ Yadana និង​ប្រទេស​ថៃ។

ការ​ផ្អាក​ការ​ទូទាត់​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ក្រុមហ៊ុន​ប្រេង​Total ដែល​មាន​ភាគហ៊ុន​ចំនួន ៣១% នៅ​ក្នុង​ក្រុមហ៊ុន​ MGTC និង​ក្រុមហ៊ុន​ប្រេង​Chevron របស់​អាមេរិក​ដែល​មាន​ភាគហ៊ុន​ចំនួន ២៨%។

ក្រុមហ៊ុន​ថៃ PTTEP មាន​ភាគហ៊ុន​ចំនួន​២៥% ក្នុង​ក្រុមហ៊ុន​នោះ ខណៈ​ដែល​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​មីយ៉ាន់ម៉ា (MOGE) ដែល​កាន់កាប់​ដោយ​យោធា​មាន​ភាគហ៊ុន​ចំនួន ១៥%។​

ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​មីយ៉ាន់ម៉ា (MOGE) រក​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​បានប្រមាណ​១ពាន់​លាន​ដុល្លារ​ពី​ការ​លក់​ឧស្ម័ន​ធម្មជាតិ។

ក្រុមហ៊ុន​ Total បាន​ថ្លែង​ថា «ក្នុង​បរិបទដែល​ប្រទេស​មីយ៉ាន់ម៉ា​មិន​មាន​ស្ថិរភាពការ​បែងចែក​សាច់​ប្រាក់​ទៅ​ឱ្យ​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ផ្អាក» ដែលការ​ផ្អាក​នេះមាន​ប្រសិទ្ធភាព​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែមេសា​មក។

ក្រុមហ៊ុន​ Total បាន​បន្ថែម​ទៀត​ថា​ខ្លួន «ថ្កោលទោស​អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា» និង​គោរព​តាម​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ប្រឆាំង​នឹង​របប​យោធា​ដោយសហភាព​អឺរ៉ុប​ឬ​សហរដ្ឋអាមេរិក។

បណ្តាញ​បំពង់​ប្រេងរបស់ក្រុមហ៊ុន ​MGTC នាំ​យក​ប្រេង​ពី​កន្លែង​បូម​ប្រេង​ក្នុង​តំបន់​សមុទ្រ​Yadana​ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន ​Total ទៅ​ព្រំដែន​មីយ៉ាន់ម៉ា​ជា​មួយ​នឹង​ប្រទេស​ថៃ។

ក្រុមហ៊ុន​Total ថា​ខ្លួន​នឹង​បន្ត​ផលិត​ប្រេង​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ។

​បើ​យោង​ទៅ​លើរបាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​Total បាន​ឲ្យ​ដឹង​ថា​ក្រុម​ហ៊ុន​នេះ​ បាន​បង់ប្រាក់​ប្រមាណ​២៣០ លាន​ដុល្លារ​ ក្នុង​ឆ្នាំ២០១៩ និង​ទឹកប្រាក់​ចំនួន​ ១៧៦ លាន​ដុល្លារក្នុង​ឆ្នាំ២០២០ ក្នុង​រូបភាព​ជាពន្ធដារ​និង​ «សិទ្ធិ​សម្រាប់​ការ​ផលិត» ទៅ​ឱ្យ​អាជ្ញាធរ​មីយ៉ាន់ម៉ា។

កាសែត​បារាំងមួយ​ឈ្មោះ Le Monde បាន​រាយការណ៍​លម្អិត​ពី​ការ​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន​ប្រេង​Total ជា​មួយ​នឹង​ក្រុមហ៊ុន​MGTC កាលពី​ដើម​ខែឧសភា​កន្លង​ទៅ​នេះ ហើយ​ក៏​បាន​រាយការណ៍​ផង​ដែរថា ក្រុមហ៊ុននេះបានបើកការិយាល័យនៅ​លើដែនដី​កោះ​Bermuda ដែល​ល្បី​ថាយក​ពន្ធ​ទាប​នោះ។

កាសែត ​Le Monde បានក៏បាន​រកឃើញ​ផង​ដែរថា «ប្រាក់​ចំណេញ​ដ៏​ច្រើន​មហិមា​ពី​ប្រតិបត្តិការ​ប្រេង​នេះមិនត្រូវ​បាន​បង់​ចូល​ទៅ​ក្នុង​ថវិកា​រដ្ឋរបស់ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​រក្សា​ទុក​យ៉ាង​ច្រើន​ដោយ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ទាំង​ស្រុង​ដោយ​ក្រុមយោធា»​ទៅ​វិញ។​

ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការចេញ​ផ្សាយ​សេចក្តីរាយការណ៍​នោះ​មក កាសែត​ Le Monde និយាយ​ថា ក្រុមហ៊ុន​ Total បាន​លុប​ចោល​នូវ​គម្រោងផ្សាញ​ពាណិជ្ជកម្ម​មួយ​ចំនួន​ដែល​ខ្លួនគ្រោង​នឹង​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​នេះ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នោះ។

ក្រុមហ៊ុន​បរទេស

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួនបាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​បរទេស​នានា​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ​នូវ​វត្តមាន​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ខណៈ​យោធា​កំពុង​បង្កើន​ការ​ប្រើប្រាស់​កម្លាំង​ដ៏​ឃោរឃៅ​របស់​ខ្លួន​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នោះ។

របប​យោធាយោធា​មីយ៉ាន់ម៉ា​មាន​ផលប្រយោជន៍​នៅ​ក្នុង​វិស័យ​ធំៗ​ជាច្រើន​ក្នុង​សេដ្ឋកិច្ច​មីយ៉ាន់ម៉ា​ដោយ​រាប់​ចាប់​ពី​វិស័យ​រ៉ែ​ធនាគារ​ ប្រេង​រហូត​ដល់​វិស័យ​ទេសចរណ៍​ជា​ដើម។

ក្រុមហ៊ុន​ថាមពល​ EDF ដ៏​ធំ​របស់​បារាំង​បាន​ផ្អាក​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​នៅ​ទី​នោះ​ក្រុមហ៊ុន​នេះ​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនីមួយ​កន្លែង​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ១,៥ ពាន់​លាន​ដុល្លារ។

​ទន្ទឹមនឹង​នេះ​ដែរ​ក្រុមហ៊ុន​ផលិត​រថយន្ត​Suzuki របស់​ជប៉ុន ក៏​បាន​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​រោងចក្រ​ក្នុង​ស្រុក​ចំនួន​ពីរ​ភា្លមៗរបស់​មីយ៉ាន់ម៉ា​បន្ទាប់​ពី​មាន​រដ្ឋប្រហារ​យោធា​នោះ​មក។ រោងចក្រ​ទាំង​ពីរ​នេះ​បាន​ដំឡើង​រថយន្ត​ចំនួន ១៣.៣០០ គ្រឿង​នៅ​ក្នុង​ឆ្នាំ២០១៩ ដែល​ភាគច្រើន​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក។

ប៉ុន្តែ​ក្រុមហ៊ុន Suzuki ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ចាប់​តាំង​ពី​ឆ្នាំ១៩៩៨​មក​នោះ​បាន​បើក​ដំណើរ​ការ​រោងចក្រ​របស់​ខ្លួន​ឡើង​វិញ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក និង​មាន​បំណង​សាងសង់​រោងចក្រ​ទី៣​មួយ​កន្លែង​ទៀត​នៅ​ក្នុង​ប្រទេស​នេះ។

​មីយ៉ាន់ម៉ា​ក៏​ជា​ប្រទេស​ផលិតសម្លៀកបំពាក់​ដ៏​សំខាន់​មួយ​ផង​ដែរ។ ក្រុមហ៊ុន​សម្លៀក​បំពាក់​មួយ​ចំនួន​ដូចជា​ក្រុមហ៊ុន​ Benetton របស់ប្រទេស​អ៊ីតាលី និង​ក្រុមហ៊ុន​ H&M របស់​ប្រទេសស៊ុយអែត​ជា​ដើមបាន​ផ្អាក​ការ​បញ្ជា​ទិញ​ថ្មី​ទាំង​អស់​របស់​ខ្លួនពី​ប្រទេស​មីយ៉ាន់ម៉ា។

ក្រុមហ៊ុន​ផលិត​ស្រាបៀរ ​Kirin របស់​ជប៉ុន​បាន​និយាយ​ថា ខ្លួន​នឹង​កាត់​ផ្តាច់​ចំណង​ទាក់ទង​ជា​មួយក្រុម​យោធា​ដែល​ខ្លួន​បាន​សហការ​ក្នុង​ប្រតិបត្តិការ​រោងចក្រ​ផលិត​ស្រា​ក្នុង​ស្រុក​ចំនួន​ពីរ​កន្លែង។ ក្រុមហ៊ុន​នេះ​បាន​ចោទប្រកាន់​របប​យោធា​ពី​ការ​ធ្វើ​សកម្មភាព​«ផ្ទុយនឹង​» គោលការណ៍​របស់​ក្រុមហ៊ុន​ជប៉ុន​ស្តីពី​សិទ្ធិ​មនុស្ស។

ប៉ុន្តែ​ក្រុមហ៊ុន​នេះលើកឡើង​ថា នៅ​ពេល​នេះ​ខ្លួន​មិន​មាន​បំណង​ដក​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ទាំង​ស្រុង​នោះ​ទេ៕