តុលាការ​បារាំង​រក​ឃើញ​ចុង​ចោទ​ ៥១​ នាក់​ថា​មាន​ទោស​នៅក្នុង​រឿង​ក្តី​រំលោភ​ទ្រង់ទ្រាយ​ធំ​មួយ

រូបគំនូររបស់តុលាការនេះធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង Avignon ប្រទេសបារាំង បង្ហាញជនជាប់ចោទ លោក Dominique Pelicot (ឆ្វេង) និងមេធាវីរបស់គាត់ Beatrice Zavarro (ស្តាំ) ក្នុងអំឡុងពេលកាត់ទោសលោកពីបទរំលោភសេពសន្ថវៈលើអតីតប្រពន្ធរបស់លោក អ្នកស្រី Gisele Pelicot (ក្រោមខាងឆ្វេង)។

បន្ទាប់ពី​តុលាការ​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​កាត់ក្តី​ថា​ចុងចោទ​៥១នាក់​មាន​ទោស​ក្នុង​រឿង​ក្តី​ដាក់​ថ្នាំ​សន្តំ​និង​រំលោភ​ ជនរងគ្រោះ​អ្នកស្រី Gisele Pelicot ​បាន​ថ្លែងថា​រឿង​ក្តីនេះ​គឺជា​ «រឿង​ដ៏​សែន​លំបាក​ឈឺផ្សារ​មួយ» ប៉ុន្តែ​អ្នកស្រី​មិន​ដែល​ស្តាយ​ក្រោយ​ដាក់​ឱ្យ​រឿង​ក្តីនេះ​ជា​រឿង​ក្តី​សាធារណៈ​នោះទេ។

ក្រោយ​សវនការ​រយៈពេល​៤ខែ​នៅ​ទីក្រុង Avignon ភាគ​អាគ្នេយ៍​ប្រទេស​បារាំង អតីត​ស្វាមី​របស់​អ្នកស្រី Pelicot អស់​រយៈពេល​៥០ឆ្នាំ​គឺ​លោក Dominique Pelicot​ វ័យ​៧២ឆ្នាំ​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អតិបរមា​២០ឆ្នាំ។

កាលពី​ខែកញ្ញា លោក​បាន​សារភាព​ទោស​កំហុស​ថា​បាន​ដាក់​ថ្នាំ​ភរិយា​របស់​លោក ហើយរំលោភ​ពេល​បាត់បង់​ស្មារតី និង​បាន​ហៅ​អ្នកដែល​លោក​មិនដែល​ស្គាល់​មក​ចូលរួម​ជាមួយលោក​រំលោភ​ភរិយា​របស់​លោក​អស់រយៈ​ពេល​១០ឆ្នាំ។​

អង្គចៅក្រម​៥នាក់​បាន​ប្រគល់​សហចុងចោទ​៥០នាក់​របស់​អ្នកស្រី Pelicot ដែល​ជាបុរស​មាន​អាយុ​ពី​២៧ឆ្នាំ​ដល់​៧៤ឆ្នាំ ឱ្យ​ជាប់​ពន្ធនាគារ​ពី​៣ដល់​២០ឆ្នាំ។

នៅក្នុងអត្ថាធិប្បាយ​ដំបូងៗ​របស់​អ្នកស្រី​ក្រោយ​ការ​កាត់​ក្តីនេះ អ្នកស្រី Gisele Pelicot បានប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​អ្នកស្រី​គិតដល់​កូនៗ​៣នាក់​របស់​អ្នកស្រី​និង​ចៅៗ​ផងដែរ «ព្រោះពួកគេ​ជា​អ្នកជំនាន់​ក្រោយ។ អ្នកស្រី​តតាំង​រឿង​ក្តីនេះ​ក៏​ដោយ​សារ​ពួកគេ​ដែរ»។

អ្នកស្រីបាន​ថ្លែងថា អ្នកស្រីក៏​គិតដល់​ក្រុម​គ្រួសារ​ដទៃ​ទៀត​ដែល​រងគ្រោះដោយ«សោកនាដកម្ម​បែបនេះ»។ ចុងបញ្ចប់​អ្នកស្រី​និយាយ​ថា «ខ្ញុំ​គិត​ដល់​ជនរងគ្រោះ​ដែល​មិនត្រូវបាន​គេ​ទទួល​ស្គាល់​ដែល​ជាញឹកញាប់​រឿងរ៉ាវ​មិន​ត្រូវបាន​គេ​ដឹងឮ។ ខ្ញុំចង់​ឱ្យ​អ្នកដឹងថា​យើង​បាន​ឆ្លងកាត់​រឿងរ៉ាវ​លំបាក​ដូចគ្នា»។​

ចាប់តាំងពី​រឿង​ក្តីនេះ​បាន​ចាប់ផ្តើម​ឡើង​កាលពី​ខែកញ្ញា អ្នកស្រី Pelicot បាន​ក្លាយ​ជា​និមិត្តរូប​ស្ត្រី​ក្លាហាន​ និង​មាន​អ្នកគាំទ្រ​របស់​អ្នកស្រី​ជាច្រើន​នាក់​រង់ចាំ​នៅ​ខាង​ក្រៅ​តុលាការ៕