ការ​ធ្វើ​នាវាចរណ៍​របស់​អង់គ្លេស​និង​បារាំង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ

  • Ralph Jennings

នាវិក​នាវា​ចម្បាំង​បារាំង​ម្នាក់​មើល​នាវា​ចម្បាំង​បារាំង​ឈ្មោះ Montcalm ចូល​មក​ដល់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​ក្នុង​ក្រុង Toulon ប្រទេស​បារាំង កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤។

ក្រុម​អ្នក​វិភាគ​និយាយ​ថា នាវា​ចម្បាំង​អង់គ្លេស​និង​បារាំង​នឹង​ចេញ​ដំណើរ​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​រដូវ​ក្តៅ​នេះ ដើម្បី​បង្ហាញ​ពី​កម្លាំង​ទ័ព​ជើង​ទឹក​ដែល​ប្រហែល​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​ស្រុក​របស់​ខ្លួន​ពេញ​ចិត្ត ប៉ុន្តែ​នឹង​ធ្វើ​ចិន​ដែល​ជា​ភាគី​ដ៏​សំខាន់​នៅ​ក្នុង​ដែន​សមុទ្រ​នេះ​មិន​សប្បាយ​ចិត្ត ហើយ​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​មាន​វត្តមាន​យោធា​កាន់​តែ​ច្រើន​នៅ​តំបន់​នេះ។

អ្នក​ជំនាញ​និយាយ​ថា ក្រុម​នាវា​របស់​ប្រទេស​មហា​អំណាច​នៅ​អឺរ៉ុប​ទាំងពីរ​រួម​មាន​អង់គ្លេស​និង​បារាំង​ដែល​មិន​មែន​ជា​ប្រទេស​ទាមទារ​ចំណែក​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ នឹង​ក្លាយ​ជា​ហេតុផល​មួយ​យក​ទៅ​ពន្យល់​ដល់​ពលរដ្ឋ​នៃប្រទេស​របស់​ពួកគេអំពីការ​បង្កើន​ការ​ចំណាយ​ទៅ​លើវិស័យ​យោធា។ ការ​ធ្វើ​នាវាចរណ៍​របស់​ពួកគេ​ក៏​នឹង​បង្ហាញ​ពី​កម្លាំង​នៃ​បច្ចេកវិទ្យា​ការពារ​ជាតិ​របស់​បារាំង និង​ការ​ជួយ​សហរដ្ឋអាមេរិក​ក្នុង​ការ​ធានា​ថា ផ្លូវ​សមុទ្រ​នេះ​ត្រូវ​បើក​ទូលាយ​សម្រាប់​អន្តរជាតិ​ប្រើប្រាស់ ទោះ​ណា​មាន​ការ​គ្រប់គ្រង​កាន់​តែខ្លាំង​ឡើង​ពី​សំណាក់​ប្រទេស​ចិន​ក៏​ដោយ។

គ្រោងការណ៍​នាវាចរណ៍​កាត់​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ទំហំ​៣,៥លាន​ គីឡូម៉ែត្រ​ការ៉េ​ ត្រូវ​បាន​គេ​ប្រកាស​កាលពី​ដើម​ខែ​មិថុនា នៅ​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ថ្នាក់​ដឹកនាំ​យោធា​ដែល​គេ​ហៅ​ថា Shangri-La Dialogue និង​មាន​ការ​ចូលរួម​ពី​លោកស្រី​ Florence Parly រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង និង​សមភាគី​អង់គ្លេស​របស់​លោកស្រី​គឺ​ លោក Gavin Williamson។​

លោក Huang Kwei-bo ដែល​ជា​ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​កិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ជាតិ​ Chengchនៅ​ក្នុង​ទីក្រុង​តៃប៉ិ​បាន​និយាយ​ថា៖ «តាម​ច្បាប់ ពួកគេ​មាន​សិទ្ធិ​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្តែ​បើ​គិត​ពី​នយោបាយ​និង​យុទ្ធសាស្ត្រ ពួកគេ​កំពុង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​ស្មុគស្មាញ និង​កំពុង​ជួយ​អាមេរិក​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​ជំហរ​ដ៏​រឹងមាំ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ក្នុង​តំបន់​នេះ»។​

ក្តី​បារម្ភ​ក្នុង​ស្រុក

លោក Alan Chong ដែល​ជា​សាស្ត្រាចារ្យ​រង​នៅ​សាលា​សិក្សា​អន្តរជាតិ S. Rajaratnam នៃ​សកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា ប្រទេស​អឺរ៉ុប​ទាំង​ពីរ​នេះ​ដែល​ធ្លាប់​បាន​ដាក់​អាណានិគម​នៅ​ទូទាំង​ពិភពលោក ចង់​បង្ហាញ​ដល់​ពលរដ្ឋ​របស់​ខ្លួន​នូវ​អ្វី​ដែល​យោធា​របស់​ពួកគេ​អាច​ធ្វើ​បាន​ បន្ទាប់​ពី​មាន​ការ​បង្កើន​ការចំណាយ​ទៅលើ​វិស័យ​យោធា។

លោក Chong ថ្លែង​ថា៖ «រដ្ឋាភិបាល​អង់គ្លេស​និង​បារាំង​បន្ត​បង្ហាញ​នូវ​ការ​ចាយវាយ​ទៅ​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន។ មហាអំណាច​លំដាប់​ទី២ មាន​ដូចជា​ អង់គ្លេស និង​បារាំង​ជា​ដើម​នោះ នឹង​ប្រឈម​មុខ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ពន្យល់​ឲ្យ​បាន​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ដ៏​ច្រើន​របស់​ខ្លួន»។​

ថវិកា​សម្រាប់​វិស័យ​ការពារ​ជាតិ​អង់គ្លេស​មាន​ចំនួន​ប្រមាណ ៤៦៨០លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ២០១៦ ដែល​ជា​ចំនួន​ច្រើន​លំដាប់​ទី៥​នៅ​ក្នុង​ពិភពលោក នេះ​បើ​យោង​តាម​គេហទំព័រ​ក្រសួង​ការពារ​ជាតិ​អង់គ្លេស។ គេហទំព័រ​នេះ​សរសេរ​ថា រដ្ឋាភិបាល​ «ប្តេជ្ញា​បង្កើន​ចំណាយ​ទៅលើ​វិស័យ​ការពារ​ជាតិ» យ៉ាង​ហោច​ណាស់​ក៏​០,៥%​ដែរ។

ប្រទេស​បារាំង​មាន​គម្រោង​ចំណាយ​ថវិកា​ចំនួន​៣៦១ ពាន់​លាន​ដុល្លារ​លើ​វិស័យ​ការពារ​ជាតិ​ចាប់​ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២៥ ដែល​កើន​ឡើង​រហូត​ដល់ ៥៥%​បើ​ធៀប​នឹង​ថវិកា​ចាប់​ពី​ឆ្នាំ២០១៤ ដល់​២០១៨។ វិទ្យាស្ថាន​ Stockholm អន្តរជាតិ​សម្រាប់​ស្រាវជ្រាវ​សន្តិភាព​ (Stockholm International Peace Research Institute) បាន​ឲ្យ​ដឹងថា បារាំង​ក៏​ជា​ប្រទេស​ផ្គត់ផ្គង់​អាវុធ​ធំ​ទី៣​ផង​ដែរ។

លោក Jonathan Spangler ដែល​ជា​នាយក​អង្គការ​វិភាគ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ឬ South China Sea Think Tank នៅ​ក្នុង​ទីក្រុង​តៃប៉ិ​បាន​និយាយ​ថា បារាំង​នឹង​ប្រើប្រាស់​បេសកកម្ម​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​បញ្ជាក់​ពី​តម្លៃ​នៃ​សព្វាវុធ​របស់​ខ្លួន។

ជម្លោះ​មួយ​នៅ​អាស៊ី

ប្រទេស​ព្រុយណេ ចិន ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម​បាន​ទាមទារ​ផ្នែក​ខ្លះ ឬ​ផ្នែក​ទាំង​មូល​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ថា​ជា​របស់​ខ្លួន។ សមុទ្រ​ដែល​លាត​សន្ធឹង​ពី​ហុងកុង​ ទៅ​ដល់​កោះ Borneo នេះ​ត្រូវ​បាន​គេ​ជឿ​ថា សម្បូរ​ទៅ​ដោយ​ធនធាន​មច្ឆជាតិ និង​ជា​អណ្តូង​ប្រេង និង​ឧស្ម័ន​ធម្មជាតិ។

ចិន​បាន​ចាក់​បំពេញ​កោះ​តូចៗ​ចំនួន​៥០០​នៅ​ក្នុង​សមុទ្រ​នេះ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មក​នេះ ដែល​កោះ​ខ្លះ​ប្រើប្រាស់​សម្រាប់​យោធា ដើម្បី​បង្កើន​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​ការ​ទាមទារ​ប្រមាណ​៩០%​នៃ​ដែន​សមុទ្រ​ទាំង​អស់ ដែល​នេះ​បាន​ធ្វើ​ឲ្យ​ភាគី​៥ផ្សេង​ទៀត​មាន​ការ​ខឹង​សម្បារ។ ចិន​បាន​ចរចា​ដោយ​សម្ងាត់​ជាមួយ​នឹង​ប្រទេស​ទាមទារ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ពេល​ខ្លះ​គេ​មើល​ឃើញ​តាម​រយៈ​ជំនួយ​សេដ្ឋកិច្ច​ ដើម្បី​រក្សា​សន្តិភាព។​

ជា​ឧទាហរណ៍ ចិន​បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន​២៤ ពាន់​លាន​ដុល្លារ​តាមរយៈ​ជំនួយ និង​ការ​វិនិយោគ​ដល់​ហ្វីលីពីន​នៅ​ក្នុង​ឆ្នាំ២០១៦។

លោក Herman Kraft ដែល​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្រ្ត​នយោបាយនៅ​សាកលវិទ្យាល័យ​ហ្វីលីពីនDiliman នៅ​ក្នុង​តំបន់​ទី​ក្រុង​ម៉ានីល​បាននិយាយ​ថា ក្រុម​មន្ត្រី​ហ្វីលីពីន​ប្រហែល​នឹង​មិន​និយាយ​អ្វី​នោះ​ទេ អំពី​នាវា​របស់​អង់គ្លេស និង​បារាំង។

លោក​បាន​និយាយ​ថា៖ «អ្វី​ដែល​សំខាន់​ពាក់ព័ន្ធ​ជាមួយ​នឹង​ហ្វីលីពីន​ គឺ​ថាហ្វីលីពីន​នឹង​មិន​រិះគន់​ប្រទេស​ចិន​នោះ​ទេ។ ការ​សន្និដ្ឋាន​របស់​ខ្ញុំ​គឺ ហ្វីលីពីន​នឹង​នៅ​ស្ងៀម​លើ​បញ្ហា​នេះ»។

ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​លូក​ដៃ​ចូល​ក្នុង​ជម្លោះ​នៅ​អាស៊ី​នេះ ដោយ​បាន​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​មក​កាន់​សមុទ្រ​នេះ​ជាច្រើន​លើក​ច្រើន​សារ បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឡើង​កាន់​តំណែង នៅ​ក្នុង​ឆ្នាំ២០១៧។ បេសកកម្ម​របស់​នាវា​ចម្បាំង​អាមេរិក​គឺ​ប្រឆាំង​នឹង​ការ​កាន់កាប់​ដែន​សមុទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

អ្នក​ជំនាញ​និយាយ​ថា បារាំង​និង​អង់គ្លេស​អាច​នឹង​លូក​ដៃ​ជួយ​អាមេរិក ដែល​ជាសម្ព័ន្ធ​យោធា​តាំង​ពី​យូរ​របស់​ពួកគេ។ ប្រទេស​អឺរ៉ុប​ទាំង​ពីរ​នេះ​ក៏​បាន​បញ្ជូន​នាវា​របស់​ខ្លួន​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាលពី​ពេល​មុន​ផង​ដែរ។

លោក James Berkeley ដែល​ជា​នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Ellice Consulting នៅ​ក្នុង​ទីក្រុង​ឡុងដ៍​បាន​និយាយ​ថា៖ «អង់គ្លេស​មើល​ឃើញ​ថា វា​មាន​សារៈសំខាន់​ក្នុង​ការ​ទប់ទល់​នឹង​ការ​ទាមទារ​ដែន​សមុទ្រ​ហួសហេតុ​របស់​ចិន បើ​តាម​ច្បាប់​សមុទ្រ​របស់​អ.ស.ប.។ ប្រសិន​បើ​មិន​ទប់ទល់​នោះ​ទេ ចិន​អាច​នឹង​អះអាង​ដោយ​សមហេតុ​សមផល​ថា ពិភពលោក​បាន​យល់​ស្រប​ជាមួយ​នឹង​ទស្សនៈ​របស់​ខ្លួន»។

លោក Berkeley បាន​បន្ថែម​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ដែន​សមុទ្រ​របស់​អង់គ្លេស​អាច​នឹង​ជួយ​ឲ្យ​ខ្លួន​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច នៅ​ក្រៅ​ប្រទេស​នៅ​ពេល​ក្រោយ។ បញ្ហា​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​នេះ​ជា​ក្តី​បារម្ភ​មួយ​នៅ​ក្នុង​ស្រុក។​

ប្រតិកម្ម​របស់​ចិន

អ្នក​វិភាគ​រំពឹង​ថា ចិន​នឹង​តវ៉ាប្រឆាំង​នឹង​នាវា​របស់​ប្រទេស​អឺរ៉ុប​ទាំង​ពីរ​នេះ ដោយ​ចេញ​សេចក្តី​ថ្លែងការណ៍​ ហើយ​ទីបំផុត​នឹង​បង្កើន​កម្លាំង​យោធា​នៅ​លើ​ដែន​សមុទ្រ។

លោក Spangler បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​នឹង​ប្រើប្រាស់​នាវា​របស់​ខ្លួន​ឲ្យ​តាម​ពី​ក្រោយ​នាវា​របស់​បារាំង ហើយ​ប្រាប់​ឲ្យ​នាវា​ទាំង​នោះ​ចាកចេញ​ពី​ដែន​ទឹក​ ហើយ​បន្ទាប់​មក ចិន​នឹង​ដាក់​ពាក្យ​បណ្តឹង​បែប​ការទូត​តាម​ក្រោយ ប៉ុន្តែ​វា​គ្រាន់​តែជា​ការ​ផ្តល់​សញ្ញា​មួយ​តែ​ប៉ុណ្តោះ ដើម្បី​ទប់ស្កាត់​មិន​ចង់​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង»។

លោក Eduardo Araral ដែល​ជា​សាស្ត្រាចារ្យ​រង​នៅ​សាលា​គោលនយោបាយ​សាធារណៈ​របស់​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​ថ្លែង​ថា ដោយ​ចងចាំ​នូវ​ព្រឹត្តិការណ៍​ក្នុង​ទសវត្សរ៍១៨៩០ នៅ​ពេល​ដែល​អង់គ្លេស​ទាមទារ​សម្បទាន​ពាណិជ្ជកម្ម​ដើម្បី​ជា​ថ្នូរ​នឹង​សង្គ្រាម​ប្រឆាំង​អាភៀន ចិន​នឹង​យល់​ថា​ ខ្លួន​ត្រូវតែ​ចាត់​វិធានការ​ទៅ​លើ​បញ្ហា​នេះ។ ​

លោក​បាន​ថ្លែង​ថា៖ «ចិន​នឹង​មិន​បណ្តោយ​ឲ្យ​គេ​យល់ថា ខ្លួន​បាន​ត្រឹម​តែ​ឈរ​នៅ​ស្ងៀម​ ហើយ​ឲ្យ​អង់គ្លេស​និង​បារាំង​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះ​ទេ។ ចិន​មាន​ប្រវត្តិ​យូរ​លង់​ណាស់​មក​ហើយ ហើយ​ពួកគេ​យល់​ថា ពួកគេ​ត្រូវ​បាន​អង់គ្លេស​ធ្វើ​ឲ្យ​បាក់មុខ​នៅ​ក្នុង​សង្គ្រាម​អាភៀន»។

លោក​បាន​បន្ថែម​ថា ចិន​អាច​នឹង​យក​ហេតុការណ៍​នេះ​ធ្វើ​ជា​លេស​ដើម្បី «ពង្រឹង​ការ​ការពារ​ដែន​កោះ​របស់​ខ្លួន។ ហើយ​ទង្វើបែប​ហ្នឹង​នឹង​មិនអាច​ជួយ​ស្ថានការណ៍​នៅ​តំបន់​មួយ​នេះ​នៃពិភពលោក​បាន​ឡើយ»៕

ប្រែ​សម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ