Daigou ((die-go)) គឺជាផ្នែកមួយនៃពាណិជ្ជកម្មកំពុងរីកលូតលាស់ និងជាទីដែលថ្នាំវីតាមីន អាហាររបស់ទារក និងទំនិញប្រើប្រាស់ផ្សេងទៀត ត្រូវបានទិញពីផ្សារទំនើប និងឱសថស្ថាននានា សម្រាប់អតិថិជនដែលហ៊ានចំណាយខ្ពស់សម្រាប់ទំនិញពីប្រទេសអូស្ត្រាលី។
Daigou ជាភ្នាក់ងារលក់រាយឯករាជ្យ ដែលទិញទំនិញតាមការបញ្ជាទិញរបស់អតិថិជន។ នៅប្រទេសអូស្ត្រាលី ភ្នាក់ងារទាំងអស់នេះជាមនុស្សមកចិនដីគោកស្ទើរតែទាំងអស់។ សហគ្រាសខ្នាតតូចជាច្រើនបានបង្កើតឡើង ដោយក្រុមសិស្សនិស្សិត ដើម្បីជួយទំនុកបម្រុងថ្លៃជួលផ្ទះ និងថ្លៃសិក្សារបស់ពួកគេ តាមរយៈការលក់ទំនិញទាំងនោះដល់ក្រុមគ្រួសារនិងមិត្តភក្តិរបស់គេនៅប្រទេសចិន។ ប៉ុន្តែសហគ្រាសមួយចំនួនទៀតអាចពង្រីកពាណិជ្ជកម្មរបស់ពួកគេកាន់តែធំឡើងៗ។
លោក Benjamin Sun ដែលជាសហស្ថាបនិកនៃ Think China ជាក្រុមហ៊ុនទីផ្សារឌីជីថលមួយដែលស្ថិតនៅទីក្រុងស៊ីដនី បាននិយាយថា អតិថិជនជនជាតិចិនចង់បានទំនិញ ដែលមានសុវត្ថិភាពនិងសុទ្ធល្អ។
លោកបាននិយាយថា៖ «ជំនឿទុកចិត្តលើចំណីអាហារក្នុងស្រុករបស់ពួកគេ គឺមានកម្រិតទាប ដូច្នេះពួកគេជឿថាផលិតផលដែលផលិតនៅប្រទេសអូស្រ្តាលី គឺមានលក្ខណៈពិសេស និងមានគុណភាពល្អ។ នេះ គឺជាមូលហេតុដែលធ្វើឲ្យឧស្សាហកម្មទាំងមូលចាប់ផ្តើម។ ជាធម្មតា ភ្នាក់ងារលក់ឯករាជ្យ (daigou) ចាប់ផ្តើម ពីបណ្តាញជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន។ នៅក្នុងបរិបទ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ វាមានចំណីអាហារ ទឹកដោះគោ ថ្នាំបំប៉នជាច្រើន។ ជាការពិតណាស់ ភ្នាក់ងារលក់ឯករាជ្យ (daigou) គឺជាផ្នែកមួយធំនៃទីផ្សារនេះ។ ភ្នាក់ងារទាំងនោះមានលក្ខណៈតូចៗមែន ប៉ុន្តែពួកគេមានមនុស្សច្រើនបម្រើការច្រើនណាស់។ ប្រសិនបើបញ្ចូលពួកគេរួមគ្នា ពួកគេពិតជាធំ»។
នៅក្នុងប្រទេសអូស្ត្រាលី ការប៉ាន់ស្មានបានបង្ហាញថា មានភ្នាក់ងារលក់ឯករាជ្យ (daigou) ចំនួន ៤០.០០០ នាក់ ដែលពាក្យ daigou មានន័យថា «ការទិញជំនួសមុខ» ក្នុងភាសាចិនកុកងឺ។
កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានរឹតបន្តឹងបទប្បញ្ញត្តិលើការទិញទំនិញតាមប្រព័ន្ធអ៊ិនធឺណិតឆ្លងដែន ប៉ុន្តែមនុស្សនៅតែអាចរកប្រាក់បាន ជាពិសេសចំពោះការលក់ មាសស ឬម៉្សៅទឹកដោះគោទារក។ នៅឆ្នាំ ២០០៨ យ៉ាងហោចណាស់ កុមារ ៦ នាក់បានស្លាប់ និងច្រើនជាង ៣០០.០០០ នាក់បានធ្លាក់ខ្លួនឈឺនៅក្នុងប្រទេសចិន បន្ទាប់ពីការប្រើប្រាស់ផលិតផលទឹកដោះគោដែលមានសារធាតុពុល។
ទំហំនៃពាណិជ្ជកម្ម daigou នេះបានជំរុញឱ្យអ្នកលក់រាយខ្នាតធំមួយចំនួន នៅក្នុងប្រទេសអូស្រ្តាលី និងអ្នកលក់រាយផ្សេងទៀត ទៅសហការជាមួយ អ្នកប្រឹក្សាផ្នែកលក់ឯករាជ្យទាំងនេះ ដើម្បីបើកទីផ្សារថ្មីមិនធ្លាប់មាននៅក្នុងប្រទេសចិន៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង