អង្គការ Freedom House បានបង្ហាញថា សេរីភាពបញ្ចេញមតិតាមបណ្តាញអ៊ីនធឺណិតនៅកម្ពុជា ស្ថិតក្នុងបរិយាកាសអាប់អួរ ក្នុងគ្រាវិបត្តិជំងឺកូវីដ១៩ ក្នុងនោះមានការចាប់ខ្លួនមនុស្សដែលរិះគន់ចំណាត់ការរដ្ឋាភិបាល និងការដកអាជ្ញាបណ្ណរបស់ប្រព័ន្ធផ្សព្វផ្សាយ។
ក្នុងរបាយការណ៍ប្រចាំឆ្នាំដែលមានចំណងជើងថា Freedom on the Net 2020: The Pandemic's Digital Shadow ឬ «ស្រមោលឌីជីថលរបស់ជំងឺរាតត្បាតជាសាកល» អង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កត់សម្គាល់នូវការធ្លាក់ចុះសេរីភាពនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតក្នុងពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។ ប្រទេសកម្ពុជាទទួលបានពិន្ទុ ៤៣ លើ ១០០ ដែលមានន័យថា មានសេរីភាពតិចតួចប៉ុណ្ណោះ។ អង្គការអន្តរជាតិFreedom House បានឲ្យដឹងថាមានការបង្ក្រាបទៅលើក្រុមសំឡេងជំទាស់ និងអ្នកសារព័ត៌មានដោយប្រើប្រាស់វិបត្តិសុខភាពសាកលនេះ «ធ្វើជាហេតុផល »។
អង្គការនេះបញ្ជាក់ថា៖ «សេរីភាពអ៊ីនធឺណិតនៅតែរងការគំរាមកំហែងក្នុងប្រទេសកម្ពុជា។ លំហរព័ត៌មានចម្រុះ និងដែលគួរឲ្យជឿទុកចិត្តបាន ត្រូវបានធ្វើឲ្យអាក់ដំណើរការ ដោយសារការរាំងខ្ទប់គេហទំព័រ ការលុបចោលអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយអនឡាញ ចំពោះសេចក្តីរាយការណ៍ដែលមានលក្ខណៈរិះគន់ និងដែលត្រូវចាត់ទុកថាជាការបំផ្លើសសាច់រឿង»។
របាយការណ៍នោះឲ្យដឹងបន្ថែមថា៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតយកវិបត្តិសុខភាពជំងឺកូវីដ១៩ ដើម្បីបន្តចាប់ខ្លួន និងចោទប្រកាន់សមាជិកជាច្រើនរបស់គណបក្សសង្គ្រោះជាតិ ជាបក្សប្រឆាំងដែលត្រូវហាមឃាត់ចំពោះការបង្ហោះរបស់ពួកគេលើបណ្តាញសង្គម ព្រមទាំងចាប់ខ្លួននិងចោទប្រកាន់ជនសាមញ្ញ ចំពោះការអធិប្បាយរបស់ពួកគេលើបណ្តាញអ៊ីនធឺណិត។ ការចោទប្រកាន់ព្រហ្មទណ្ឌជាច្រើន បានរួមចំណែកឲ្យមានបរិយាកាសភ័យខ្លាច និងការរឹតត្បិតខ្លួនឯងក្នុងការនិយាយស្តី»។
VOA មិនអាចសុំការអធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការនគរបាលជាតិ ប្រាប់វីអូអេថា ការចាប់ខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកកន្លងមក ក្នុងពេលមានវិបត្តិជំងឺឆ្លងកូវីដ១៩ នេះ ធ្វើឡើងដោយសារតែអ្នកប្រើប្រាស់ទាំងនោះ «មានចេតនាធ្វើឲ្យសន្តិសុខសង្គម ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់» តាមរយៈការបង្ហោះព័ត៌មានមិនពិត។
«នៅទូទាំងសាកលលោក រួមទាំងកម្ពុជាផងនោះ មានក្រុមមនុស្សមួយចំនួន។ ខ្ញុំអត់និយាយថា អតីត[មិន] អតីតទេ ខ្ញុំអត់ស្គាល់ទេ។ ខ្ញុំអត់ទទួលស្គាល់ទេ។ ប៉ុន្តែក្រុមមនុស្សមួយចំនួនបានឆក់ឱកាស យកសភាពការណ៍នេះ បំប៉ោងព័ត៌មានបំពុលបរិយាកាសសង្គម បង្កឲ្យមានភាពភ័យខ្លាច និងបំផ្លើសវាយប្រហារក្នុងចេតនាមួយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គម។ ដូច្នេះ អំពើទាំងអស់ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចធ្វើការអនុវត្តទៅតាមវិធានការច្បាប់។ ចង់និយាយអ៊ីចេះ បាទ»។
ចាប់ពីខែមករា ដល់ខែមេសា អាជ្ញាធរកម្ពុជាបានចាប់ខ្លួនពលរដ្ឋកម្ពុជាជាង ៣០ នាក់ ដោយសារការចោទប្រកាន់លើការបង្ហោះព័ត៌មានក្លែងក្លាយ។ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch។ អង្គការសិទ្ធិមនុស្សចាត់ទុកសកម្មភាពនេះថា ជាការប៉ុនប៉ង ដើម្បីបង្ក្រាបមតិប្រឆាំង ដែលរិះគន់ការដោះស្រាយរបស់រដ្ឋាភិបាលលើការរាតត្បាតជំងឺកូវីដ១៩ និងផលប៉ះពាល់លើសេដ្ឋកិច្ច។
របាយការណ៍របស់អង្គការ Freedom House ក៏បានពណ៌នាថា គេហទំព័រព័ត៌មាន ឬគេហទំព័រផ្សេងទៀតម្តងម្កាលត្រូវបានរាំងខ្ទប់នៅប្រទេសកម្ពុជា ជាពិសេសគេហទំព័រណាដែលផ្សព្វផ្សាយព័ត៌មាន ដែលអាជ្ញាធរចាត់ទុកថាជាការគំរាមកំហែងដល់គណបក្សប្រជាជនកម្ពុជា។
របាយការណ៍បានលើកឡើងពីការរាំងខ្ទប់គេហទំព័រ Monoroom.info កាលពីខែមីនា ឆ្នាំ ២០២០ ដោយសារគេហទំព័រដែលមានមូលដ្ឋាននៅប្រទេសបារាំងនេះ បានចេញផ្សាយអត្ថបទជាច្រើនអំពីផលប៉ះពាល់បង្កដោយវីរុសកូរ៉ូណា នៅប្រទេសកម្ពុជា។
អង្គការអន្តរជាតិមួយនេះក៏បានចងក្រងការចាប់ខ្លួនលោក សុវណ្ណ រិទ្ធី ម្ចាស់សារព័ត៌មានអនឡាញ TVFB ចំពោះការស្រង់សម្តីលោក ហ៊ុន សែន ជុំវិញជំងឺកូវីដ១៩ ការចាប់ខ្លួនម្ចាស់ស្ថានីយ៍វិទ្យុឫទ្ធីសែន លោក សុខ ឧត្តម ចំពោះការរាយការណ៍ជម្លោះដីធ្លី ការចាប់ខ្លួនចាងហ្វាងកាសែតជាតិខ្មែរលោក រស់ សុឃិត ចំពោះការបង្ហោះលើហ្វេសប៊ុករិះគន់លោក ហ៊ុន សែន និងការចាប់ខ្លួនអ្នកច្រៀងរិះគន់អំពើអយុត្តិធម៌សង្គមតាមប្រព័ន្ធអ៊ីនធឺណិត ដូចជា Youtube និងអ្នកដែលស្លៀកពាក់ «ស៊ិចស៊ី» ហើយបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ យល់ថា ស្ថានភាពសិទ្ធិមនុស្សនិងការប្រើប្រាស់សិទ្ធិតាមបណ្តាញអ៊ីនធឺណិត បានក្លាយជាការបារម្ភរបស់ក្រុមអង្គការសិទ្ធិមនុស្សនានា និងអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយសារតែអាជ្ញាធរបានចាប់ខ្លួនមនុស្សជាច្រើននាក់ ចំពោះការប្រើប្រាស់បណ្តាញអ៊ីនធឺណិត ដើម្បីសម្តែងមតិ៕