សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​តែ​មាន​ការ​រឹត​ត្បិត

រូបភាពឯកសារ៖ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​មើល​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៤។ សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​លេច​ធ្លាយ​នៅ​ដើម​ឆ្នាំ​នេះ បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​កើន​ឡើង​ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស​ថា ច្បាប់​នេះ​អាច​នឹង​គំរាមកំហែង​ដល់​សេរីភាព​ការ​បច្ចេញ​មតិ​នៅ​កម្ពុជា។ (ស៊ុយ ហ៊ាមខេមរា/VOA) ​

សកម្មភាព​រឹតត្បិត​លើ​ការ​យក​ព័ត៌មាន​បែប​នេះ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ស្ថាប័ន​ព័ត៌មាន​ និង​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​​ព័ត៌មាន​របស់​សារធារណ​ជន​ផង​ដែរ។​

ខណៈ​ពេល​ដែលបញ្ហា​សំខាន់ៗ​ ដូច​ជា​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​ ​ដំណើរការ​អនុម័ត​ច្បាប់សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ​បញ្ហា​ដី​ធ្លី​ ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​នោះ​ ​ អ្នក​យកព័ត៌មានជា​ច្រើនត្រូវ​បាន​រំខាន​ និង​រារាំង ​ពេលដែល​ពួក​គេ​ចុះ​បំពេញ​វិជ្ជាជីវៈ​យកព័ត៌មាន។

ជាក់​ស្តែង​នា​ដើម​ខែ​កក្កដា​កន្លង​ទៅ​ ​លោក​ឈាង វុន​ អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ បាន​បណ្តេញ​លោក អ៊ុំ សំអាន​ តំណាង​រាស្រ្ត​គណបក្ស​ជំទាស់ ​និង​អ្នក​យក​ព័ត៌មាន​ឲ្យ​ចេញ​ទៅ​ធ្វើ​បទ​សម្ភាសន៍​នៅ​ក្រៅ​បរិវេណ​រដ្ឋ​សភា។​

វីដេអូ​ខ្លី​អំពី​ទង្វើនេះ​ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ហ្វ៊េសប៊ុក​ ហើយ​ទង្វើនេះ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សង្គម​ស៊ីវិល​ ស្ថាប័ន​សារព័ត៌មាន​ ក៏​ដូច​ជា​សាធារណ​ជន​ផង​ដែរ។

ករណី​ស្រដៀង​គ្នា​នេះ​ក៏​បាន​កើត​ឡើង​កាល​ពី​ដើម​ខែ​សីហា​នេះដែរ ​ពេល​អ្នក​យក​ព័ត៌មាន​ពីរ​នាក់​របស់​បណ្តាញព័ត៌មាន ​សំឡេងប្រជា​ធិបតេយ្យ​ (VOD) ត្រូវ​បាន​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ធាក់​ឲ្យ​ដួល​ និង​ដណ្តើម​យក​ម៉ាស៊ីន​ថតរូប ​ខណៈ​ពួក​គេ​ទៅ​យក​ព័ត៌មានការ​ធ្វើ​បាតុកម្ម​របស់​សហគមន៍​បឹងកក់​ នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ។​

នៅដើម​ខែ​សីហា​នេះ​ដែរ​ ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ឆមាស​ និង​ផ្លាស់​ប្ដូរ​តំណែង​មន្ត្រី​ប្រចាំ​ការ​ច្រក​មួយ​ចំនួន​ នៅ​ឯ​ក្រុង​ប៉ោយប៉ែត​ ​ក្រុម​អ្នក​យក​ព័ត៌មាន​ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ​មិន​អនុញ្ញាត​ឲ្យចូល​យក​ព័ត៌មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ទេ។​

សកម្មភាព​រឹតត្បិត​លើ​ការ​យក​ព័ត៌មាន​បែប​នេះ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ស្ថាប័ន​ព័ត៌មាន​ និង​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បានព័ត៌មាន​របស់​សារធារណ​ជន​ផង​ដែរ។​ ហើយ​ការ​រារាំង ​និងការបណ្តេញ​អ្នកយក​ព័ត៌មាន​នេះ​ក៏​ផ្ទុយ​ទៅ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ផងដែរ​ ដែល​បាន​ចែង​ពី​សេរីភាព​បញ្ចេញ​មតិ សេរីភាព​ខាង​សារ​ព័ត៌មាន​ សេរីភាព​ខាង​ការ​បោះ​ពុម្ព​ផ្សាយ​ និង​សេរីភាព​ខាង​ការ​ជួបប្រជុំ។

លោក​ស៊ុំ​ ច័ន្ទគា អ្នកសម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​(Adhoc)​ ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ចាត់​ទុក​ថា​ ការ​រារាំង​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​ចូល​យក​ព័ត៌មាន​ក្នុង​កិច្ចប្រជុំ​កាលពី​ដើម​ខែ​សីហា​នេះ​គឺ​ជាការ​ខាតបង់​របស់​សាធារណជន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន។ លោក​ ស៊ុំ​ ច័ន្ទគា​បាន​យល់​ឃើញ​ថា​ នេះ​គឺ​ជា​ការ​ទាញ​សង្គម​ប្រជា​ធិបតេយ្យ​ឲ្យដើរ​ថយ​ក្រោយ​ទៅ​វិញ។​

«នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​គឺ​មិន​មាន​ការ​លាក់​បំបាំង ​ឬបំពួន​នូវ​ព័ត៌មាន​អញ្ចឹង​ទេ។​ វា​ធ្វើ​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដើរ​ថយ​ក្រោយ»។​

មាត្រា​៤​នៃ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​បាន​ចែង​ថា៖​ «ការ​បោះ​ពុម្ពផ្សាយ​នូវ​ព័ត៌មាន​ផ្លូវ​ការ​ ដូច​ជា​សេចក្តី​ថ្លែង​ការណ៍​ ​ការ​ប្រជុំ​ កំណត់​ហេតុ​ប្រជុំ​ប្តូរ​របាយ​ការណ៍​ណា​មួយ។ល។​ មិន​អាច​ត្រូវ​ផ្តន្ទាទោស​បាន​ឡើយ​ ​ប្រសិន​បើ​ការ​ផ្សាយ​នោះ​មាន​លក្ខណៈ​សម​ស្រប​តាម​សភាព​ពិត​ពេញ​លេញ​ ឬ​សេចក្តី​សង្ខេប​ត្រឹមត្រូវ​តាម​រឿង​ពិត»។​

មាត្រា​៤​នៃ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ដដែល​នេះ​ក៏​បាន​កំណត់​ប្រភេទ​ព័ត៌មាន​ផ្លូវ​ការ​ផង​ដែរ​ ក្នុង​នោះ​រួម​មាន​សេចក្តី​ថ្លែង​ការណ៍ ការ​ប្រជុំ​ កំណត់​ហេតុ​ប្រជុំ​ ឬ​របាយ​ការណ៍​របស់​រដ្ឋ​សភា​ រាប់​ទាំង​គណៈ​កម្មាធិការ​ ឬ​គណៈ​កម្មការ​នានា​របស់​រដ្ឋ​សភា​ផង​ លើក​លែង​តែ​ក្នុង​ករណី​រដ្ឋ​សភា​ធ្វើ​ការ​ប្រជុំ​សម្ងាត់ ​ដូច​មាន​ចែង​ក្នុង​មាត្រា​៨៨​នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

លោកមឿន ឈាន​ណារិទ្ធ​ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន​ ក៏​បាន​បង្ហាញ​ភាព​សោកស្ដាយ​ទៅបញ្ហា​ខាង​លើ​ផង​ដែរ។

«យើង​មាន​ការ​សោក​ស្តាយ​ ដោយ​សារ​នេះ​ជា​សេរីភាព​ជា​មូលដ្ឋាន​ មិន​គ្រាន់​តែ​សម្រាប់​អ្នក​សារ​ព័ត៌មាន​ទេ​ គឺសម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ​ ហើយ​សេរីភាព​នេះ​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាត្រា​៣១​និង​៤១​ដែល​បាន​ចែង​ថា​ បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិ​ស្វែង​រក​ព័ត៌មាន​និង​ផ្សព្វផ្សាយ​ព័ត៌មាន​គ្មាន​ព្រំដែន​កំណត់» ។​

លោក​មឿន ឈានណារិទ្ធ​បាន​ប្រៀបធៀប​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​កម្ពុជា​ទៅ​នឹង​ការ​រាំ​ចូក​កំពឹស​ ដែល​ពេល​ខ្លះ​មាន​ភាព​ធូរ​រលុង​ និង​ ពេល​ខ្លះ​ទៀត​មាន​ភាព​តាន​តឹង។​

«លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ហាក់​ដូច​ជា​មាន​ភាព​ចម្លែក។​ ​ចម្លែក​ត្រង់​ថា ​ពេល​ខ្លះ​ហាក់​ដូច​ជា​មាន​ភាព​ធូរ​រលុង។​ ពេល​ខ្លះ​ទៅ​មាន​ភាព​តាន​តឹង។​ ខ្ញុំ​តែង​តែ​ប្រៀប​ធៀប​សេរីភាព​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ដូចជា​គេ​រាំ​ចូក​កំពឹស​អញ្ចឹង ដោយ​គេ​រាំ​៣​ជំហាន​ទៅ​មុខ​ ២​ជំហាន​ថយ​ក្រោយ។​ ប៉ុន្តែ​ពេល​ខ្លះ ​នៅ​ពេល​ដែល​មាន​ការ​រឹតត្បិត​ខ្លាំង​ពេក​ហាក់​ដូចជា​ថយ​៣​ជំហាន​ទៅ​វិញ»។​

ស្រប​គ្នា​នោះ​ដែរ​ លោក​ប៉ែន ​បូណា ​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​ ​បាន​និយាយ​ថា ​បើ​ការ​រឹតត្បិត​ចំពោះ​អ្នក​យក​ព័ត៌មាន​នៅ​តែ​កើត​មាន​នោះ​ វា​នឹង​ធ្វើ​ឲ្យសង្គម​ប្រជា​ធិបតេយ្យ​ដំណើរ​ការ​មិន​ត្រឹម​ត្រូវ។​

«ធម្មតា​ទេ ​សារ​ព័ត៌មាន​គឺ​ជា​ស្នូល​ ជា​មូលដ្ឋាន​មួយ​សំខាន់​ក្នុង​ការ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ។ ​បើ​គ្មាន​សារ​ព័ត៌មាន​ដោយ​សេរី​ទេ​ លទ្ធិ​ប្រជា​ធិបតេយ្យ​យើង​មិន​អាច​ដំណើរការ​ដោយ​ទូលំទូលាយ​បាន​ទេ។​ អញ្ចឹង​វា​មាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក។​ កាល​ណា​ការ​ស្វែងរកព័ត៌មាន​មាន​ឧបសគ្គ​ វា​តែង​តែ​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ហើយ»។​

លោក​ប៉ា ងួនទៀង​ នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ហៅ​កាត់​ថា​ CCIM​ ដែល​ជា​ស្ថាប័ន​គោល​របស់​វិទ្យុ​ សំឡេងប្រជា​ធិបតេយ្យ​ (VOD) ​បាន​និយាយ​ថា​ ​បើ​មាន​ការ​បែង​ចែក​រវាង​ក្រុម​អ្នក​សារ​ព័ត៌មាន​ដែលគាំទ្រ​រដ្ឋាភិបាល ​និង​ក្រុម​អ្នក​សារ​ព័ត៌មាន​ឯករាជ្យនោះ​ នោះ​លោក​យល់​ថា ​ការ​បែង​ចែក​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មិន​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​ឡើយ។​

«ទី​មួយ​គ្រោះ​ថ្នាក់​ដោយ​សារ​ភាព​ជា​អ្នក​ដឹក​នាំ​ខ្សោយ​ ​ហើយ​ទី​ពីរ​វា​បង្ហាញ​នូវ​និន្នាការ​នៃ​ការ​បែង​ចែក​ប្រជា​ពលរដ្ឋ ​ឬ​ក៏​ផ្នែក​ផ្សេងៗ​នៅ​ក្នុង​សង្គម​ ឲ្យ​ទៅ​ជា​ផ្នែកៗ​ ​មាន​ការ​លាប​ពណ៌​ជា​ផ្នែកៗ។​ អា​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​អត់​ដើរ​ទៅ​មុខ​ ​ហើយ​ដំណើរ​ការប្រជា​ធិបតេយ្យ​វា​អត់​ដើរ​ទៅ​មុខ​ ហើយ​ចុង​ក្រោយ​ប្រជា​ពល​រដ្ឋ​ជា​អ្នក​រង​គ្រោះ»។​

បើ​ទោះ​បី​ជា​អ្នក​ជំនាញ​បានធ្វើ​ការ​រិះគន់​យ៉ាង​នេះ​ក្ដី​ ​ លោក​អ៊ុក គឹមសេង​ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​ នៅ​តែ​មានសុទិដ្ឋិនិយម​ទៅ​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។​ ហើយ​លោក​បាន​ចាត់​ទុក​ថា​ ការ​រារាំង​អ្នក​សារ​ព័ត៌មាន​បែប​នេះ​គឺ​ជា​ទម្លាប់​មិន​ល្អ​ ដែល​រដ្ឋាភិបាល​កំពុង​ព្យាយាម​កែ​ប្រែ។​

«ការ​រឹត​ត្បិត​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​ចូល​ទៅ​សម្ភាសន៍​ ឬ​យក​ព័ត៌មាន​គឺ​ជា​ទម្លាប់​មិន​ល្អ​ទេ។ ​ក៏​ប៉ុន្តែ​អ្នក​យក​ព័ត៌មាន​ខ្លួនឯង​ហ្នឹង​ត្រូវ​ដឹង​ថា​ ​កន្លែង​ណា​ក៏​ដោយ​សុទ្ធតែ​មាន​បទ​បញ្ជា​ផ្ទៃ​ក្នុង ​និង​ការ​ណែនាំ​ធ្វើ​ការងារ​ដែរ»។​

លោក​អ៊ុក គឹមសេង​បាន​បញ្ជាក់​ផង​ដែរ​ថា៖​

«ក្រសួង​ព័ត៌មាន​កំពុង​តែ​ដុត​ដៃ​ ដុត​ជើង​រៀបចំ​តាក់តែង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។​ ​អញ្ចឹង​នេះ​គឺ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាលដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​អ្នក​សារ​ព័ត៌មាន​មាន​សិទ្ធិ​ទទួល​បានព័ត៌មាន​តាម​ច្បាប់​កំណត់»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អង្គការ​សារ​ព័ត៌មាន​ ​Freedom House​ ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ប្រទេស​ដែល​មិន​មាន​សេរីភាព​សារ​ព័ត៌មាន​ពេញ​លេញ។​ ជាមួយគ្នា​នោះ​ដែរ ​ អង្គការ​ Reporters Without Border ​បាន​ឲ្យ​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​លេខ​រៀង​ទី១៤៤​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​ នា​ឆ្នាំ២០១៤៕