សិទ្ធិសេរីភាពក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះដល់កម្រិតដុនដាបមួយ ដោយនៅឆ្នាំ២០១៩នេះ កម្ពុជាទទួលបានពិន្ទុត្រឹមតែ ២៦ពិន្ទុ ក្នុងការវាយតម្លៃរបស់អង្គការ Freedom House ដែលជាអង្គការឃ្លាំមើលស្ថានភាពសិទ្ធិសេរីភាពប្រជាធិបតេយ្យ និងសិទ្ធិជនស៊ីវិលជាលក្ខណៈសាកល។
យោងតាមរបាយការណ៍មានចំណងជើងថា «សេរីភាពនៅក្នុងពិភពលោកឆ្នាំ២០១៩» ចេញផ្សាយដោយអង្គការ Freedom House នៅសប្តាហ៍នេះ ប្រទេសមួយចំនួនទៀត បានទទួលពិន្ទុប្រហាក់ប្រហែលនឹងកម្ពុជា ក្នុងនោះមានប្រទេសអាហ្វហ្គានីស្ថានទទួលបាន២៧ពិន្ទុ ប្រទេស Djibouti ទទួលបាន២៦ពិន្ទុ ប្រទេស Gabon ទទួលបាន២៣ពិន្ទុ និងប្រទេសQatar ទទួលបាន២៥ពិន្ទុ។
ប្រទេសដែលទទួលបានពិន្ទុ១០០ពីអង្គការ Freedom House ត្រូវចាត់ទុកថាជាប្រទេសដែលមានសេរីភាពជាទីបំផុត ហើយសូន្យគឺជាប្រទេសគ្មានសេរីភាព។
កម្ពុជាក៏ទទួលបានចំណាត់ថ្នាក់ទាបបំផុត ចំពោះស្ថានភាពនៃសិទ្ធិនយោបាយ និងសេរីភាពខាងស៊ីវិល ពោលគឺកម្ពុជាទទួលបានចំណាត់ថ្នាក់ទី៦ និងចំណាត់ថ្នាក់ទី៥ នៃសិទ្ធិនយោបាយ និងសេរីភាពខាងស៊ីវិលនេះ។ ចំណាត់ថ្នាក់ដែលបញ្ជាក់ថា ប្រទេសមួយមានសេរីភាពបំផុតសម្រាប់សិទ្ធិនយោបាយនិងសេរីភាពខាងស៊ីវិលនេះគឺនៅចំណាត់ថ្នាក់ទី១ ហើយមិនសូវសេរីគឺស្ថិតនៅចំណាត់ថ្នាក់ទី៧។
សម្រាប់ស្ថានភាពសេរីភាពសារព័ត៌មានឯករាជ្យ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញទស្សនៈខាងនយោបាយ និងការជួបប្រជុំនោះ កម្ពុជាក៏ទទួលបានពិន្ទុទាបបំផុតផងដែរ។
របាយការណ៍របស់អង្គការ Freedom House បានសរសេរក្នុងន័យដើមថា៖
«រដ្ឋាភិបាលបានប្រើពាក្យបណ្តឹង ការធ្វើទុក្ខបុកម្នេញខាងព្រហ្មទណ្ឌ និងវិក្កយបត្របង់ពន្ធដ៏ច្រើនលើសលុប ហើយយូរៗម្តងយកការវាយប្រហារយ៉ាងហិង្សា ជាមធ្យោបាយដើម្បីគំរាមកំហែងនឹងប្រព័ន្ធផ្សព្វផ្សាយ។ មានស្ថាប័នផ្សព្វផ្សាយបោះពុម្ព វិទ្យុ ទូរទស្សន៍ជាច្រើនមែន តែភាគច្រើននៃស្ថាប័នទាំងនោះកាន់កាប់ និងប្រតិបត្តិការដោយគណបក្សប្រជាជនកម្ពុជា»។
នៅថ្ងៃព្រហស្បតិ៍នេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចែករំលែកការរកឃើញរបស់អង្គការ Freedom House នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយសា្ថនទូតបានសរសេរក្នុងន័យដើមថា៖
«ជារៀងរាល់ឆ្នាំ អង្គការមិនមែនរដ្ឋាភិបាលមួយដែលមានឈ្មោះថា Freedom House ធ្វើការវាយតម្លៃការប្តេជ្ញាចិត្តរបស់ប្រទេសមួយៗ ចំពោះលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សារព័ត៌មាន និងសេរីភាពរបស់មនុស្សម្នាក់ៗ»។
ស្ថានទូតបានសរសេរបន្ថែមថា៖
«ការកំណត់លំដាប់ថ្នាក់មានផលទៅលើការយល់ឃើញជាអន្តរជាតិ ទៅលើប្រទេសមួយ។ គួរឲ្យស្តាយដែលសេរីភាពពលរដ្ឋនិងសិទ្ធនយោបាយនៅប្រទេសកម្ពុជា ដែលកំពុងមានការធ្លាក់ចុះ ដោយរួមទាំងកង្វះការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងការដើរថយក្រោយយ៉ាងគំហុកនៃផ្នែកសារព័ត៌មានឯករាជ្យ បានធ្វើឲ្យប្រទេសកម្ពុជាស្ថិតនៅលើគន្លងធ្លាក់ចុះយ៉ាងចោទ»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានច្រានចោលការវាយតម្លៃរបស់អង្គការ Freedom House។ លោកថា កម្ពុជាបានចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិរបស់ពលរដ្ឋគ្រប់រូប។
«រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់នៅក្នុងការលើកកម្ពស់ សិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា។ អ៊ីចឹងហើយ ការដាក់ចំណាត់ថ្នាក់នោះ គឺគ្រាន់តែជាការវាយតម្លៃ ដែលមិនឆ្លុះបញ្ចាំងអំពីអ្វីដែលជាតថភាពពិត របស់សង្គម និងបរិយាកាសសារព័ត៌មាននៅកម្ពុជានោះទេ»។
ការចេញរបាយការណ៍របស់អង្គការ Freedom House ធ្វើឡើង នៅចំពេលដែលអតីតអ្នកសារព័ត៌មានពីរនាក់របស់វិទ្យុអាស៊ីអាសេរីគឺលោកអ៊ួន ឈិន និងលោកយាង សុធារិន្ទ ហៅយាង សុជាមេត្តា នៅបន្តរងការចោទពី បទផ្តល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ។ ហើយនៅពេលថ្មីៗនេះ តុលាការក្រុងភ្នំពេញបានកាត់ទោសលោក រ៉ាត់ រត្នមុនី អ្នកកាសែតនិងជាអ្នកបកប្រែឲ្យបណ្តាញព័ត៌មានរដ្ឋរុស្ស៊ី RT (ឬហៅថា Russia Today)ឲ្យជាប់ក្នុងពន្ធនាគារពីរឆ្នាំ បន្ទាប់ពីលោកបានស្ថិតក្នុងពន្ធនាគារជាងប្រាំមួយខែមកនោះ។
លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា ចំណាត់ការផ្លូវច្បាប់លើអ្នកកាសែតខាងលើនេះ ជាផ្នែកមួយនៃការអនុវត្តច្បាប់របស់ប្រទេសឯករាជ្យមួយតែប៉ុណ្ណោះ។
«សូមបញ្ជាក់អ៊ីចេះថា កម្ពុជាគឺជារដ្ឋឯករាជ្យ ជារដ្ឋអធិបតេយ្យ អ៊ីចឹងការអនុវត្តទាំងអស់នេះ គឺជាការពង្រឹង នូវអ្វីដែលជាគោលការណ៍ច្បាប់ ជានីតិរដ្ឋនៅកម្ពុជា។ អ៊ីចឹងហើយ ការអនុវត្តទាំងអស់នេះ គឺអនុលោមទៅតាមអ្វីដែលជាច្បាប់ ដែលមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ក្នុងការវាយតម្លៃលើស្ថានភាពសិទ្ធិសេរីភាពជារួមនៅកម្ពុជា អង្គការ Freedom House បានឲ្យដឹងដែរថា ប្រព័ន្ធតុលាការនៅប្រទេសកម្ពុជាត្រូវបានញំាញីដោយអំពើពុករលួយ និងខ្វះភាពឯករាជ្យ។ ចៅក្រមបានសម្របសម្រួលរដ្ឋាភិបាលឲ្យបន្តការចោទប្រកាន់ប្រឆាំងអ្នកនយោបាយជំទាស់ជាច្រើន ដែលក្នុងនោះមានលោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយចោលកាលពីឆ្នាំ២០១៧៕