ក្រុម​​អ្នកទោស​ដែល​ត្រូវបាន​ដោះលែង​នៅ​មីយ៉ាន់ម៉ា​បារម្ភ​ពី​ការ​ចាប់​ឃុំឃាំង​វិញ​​ដោយសារ​យោធា​​តាម​ឃ្លាំ​មើល

រូបឯកសារ៖ ក្រុមអ្នកទោសមីយ៉ាន់ម៉ាធ្វើដំណើរតាមរថយន្តពីពន្ធនាគារ Insein ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣។

អ្នកទោស​នយោបាយ​មួយ​ចំនួន​ក្នុង​ចំណោម​ក្រុម​អ្នកទោស​នយោបាយជាង​ ២.០០០នាក់​ ត្រូវ​បាន​ដោះលែង​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ក្រុមប្រឹក្សា​យោធា​ក្រោយ​រដ្ឋប្រហារក្នុង​ប្រទេស​មីយ៉ាន់ម៉ាបាន​និយាយ​ប្រាប់​វីអូអេ​ថា​ ពួក​គេ​នៅ​តែ​ស្ថិត​ក្រោម​ការ​តាម​ឃ្លាំ​មើល​របស់​ពួក​យោធា​ ហើយ​បារម្ភ​ក្រែង​ត្រូវ​គេ​ចាប់ខ្លួន​ឃុំឃាំង​ជា​ថ្មីទៀត។

រដ្ឋាភិបាល​យោធា​បាន​ដោះលែង​អ្នក​ទោស​ ២.១៥៣នាក់​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ដែល​ត្រូវ​បាន​កាត់ទោស​តាម​រយៈ​មាត្រា ៥០៥​(A)​ នៃ​ច្បាប់​ព្រហ្មទណ្ឌ ដែល​ចាត់​ទុកជាទោស​ព្រហ្មទណ្ឌ​នូវ​សកម្មភាព​ទាំង​ឡាយ​ណា​ «ដែល​បណ្តាល​ឱ្យ​មាន​ការ​ភ័យខ្លាច ផ្សព្វផ្សាយព័ត៌មាន​ក្លែងក្លាយ​ឬញុះញង់ដោយ​ផ្ទាល់​ឬ​មិន​ផ្ទាល់ឱ្យ​មាន​ការ​ទោសកម្មប្រឆាំង​នឹង​បុគ្គលិក​រដ្ឋាភិបាល»។

ក្រុម​អ្នកទោស​ទាំង​នេះ​ត្រូវ​បាន​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​ថា ​អ្នកទោស​ម្នាក់ៗ​ «ជាប់​ការ​ដាក់​ទណ្ឌកម្ម​ថ្មីបន្ថែម​លើ​ការ​ដាក់​ទណ្ឌកម្មនៅ​សេសសល់ ដែល​ពួក​គេ​ត្រូវ​កាត់ទោស​នៅ​ពេល​នេះ​ ប្រសិន​បើ​មាន​ការប្រព្រឹត្ត​ល្មើស​ថែម​ទៀត‍»។

វីអូអេ​បាន​ទាក់ទង​ជាមួយ​អ្នកទោស​ដែល​ត្រូវ​បាន​ដោះលែង​ជាង​ ១០​នាក់ តែ​ពួក​គេ​ជាច្រើនប្រកែក​មិន​ព្រម​និយាយទេ ដោយសារ​មាន​កង្វល់​អំពី​សន្តិសុខ។ ក្រុម​អ្នកទោស​ដែល​ត្រូវ​បាន​ដោះលែង​នោះ ត្រូវ​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​សន្យា​ថា​ មិនប្រព្រឹត្ត​អំពើ​ហិង្សា​ប្រឆាំង​នឹង​ប្រទេស។

អ្នកទោស​ត្រូវ​បាន​ដោះលែង​ម្នាក់​អាយុ​ ២៧ ​ឆ្នាំ​ ប្រើឈ្មោះ​ក្រៅ​ថា ​«Hay Mar‍» ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ Tharyarwaddy ក្នុង​តំបន់ Bago បាន​និយាយ​ថា៖ «ខ្ញុំ​រារែកមិន​ចង់​ចុះ​ហត្ថលេខា​លើឯកសារ​នេះ​ទេ តែ​ខ្ញុំបានធ្វើ​ដូច្នេះដើម្បី​ឱ្យ​បាន​ដោះលែង​ពី​គុក​អមនុស្សធម៌​នេះ‍»។

អតីត​អ្នក​ទោស​នយោបាយ​ម្នាក់​ទៀត​ គឺ​នាង Shwe Zin និស្សិតសាកលវិទ្យាល័យ​ អាយុ​ ២៦ ឆ្នាំ បាន​និយាយថា​ នាង​មាន​អារម្មណ៍​ថាស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់។ កញ្ញា​បាន​ថ្លែង​ថា នាងបាន​កត់សម្គាល់​ថា ​មានបុរស​ខ្លះ​តាម​ឃ្លាំ​មើល​នាង​ នៅ​ពេល​នាង​ជួប​ជា​មួយ​មិត្តភក្តិ​ខ្លះ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្រោយគេដោះលែង​នាង។

នៅ​ពេលនាង​ចូល​រួម​ក្នុង​បាតុកម្ម​មួយ​កាលពី​ខែ​មិថុនា ឆ្នាំ​ ២០២១​ ប្រឆាំង​នឹង​រដ្ឋប្រហារ​ កញ្ញាត្រូវ​បាន​ជាប់អន្ទាក់​របស់​រដ្ឋាភិបាល​យោធា​ក្នុង​ក្រុង​រ៉ង់ហ្គូន (Yangon) ដែល​បានប្រើ​មិត្ត​នាង​ម្នាក់​ជានុយ៕