អង្គការគាំពារសេរីភាពសារព័ត៌មានសកលមួយបានឲ្យដឹងថា ចិននិងអេហ្ស៊ីបគឺជាប្រទេសនាំមុខគេចំពោះការកាត់ទោសអ្នកសារព័ត៌មានដាក់ពន្ធនាគារ ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងនិងទីក្រុងគែរ កំពុងព្យាយាមបំបាត់នូវការបញ្ចេញមតិនិងរឿងមានកម្រិតនានា ដែលពួកគេយល់ថាគឺជាការប្រឆាំងនឹងរដ្ឋាភិបាល។
ក្នុងនោះ គណៈកម្មាធិការដើម្បីការពារអ្នកសារព័ត៌មានបានចេញផ្សាយកាលពីថ្ងៃអង្គារថា អ្នកសារព័ត៌មានចំនួន១៩៩នាក់ត្រូវបានគេដាក់ពន្ធនាគារនៅក្នុងប្រទេសចំនួន២៨ នៅទូទាំងពិភពលោក គិតមកត្រឹមថ្ងៃទី១ខែធ្នូនេះ។ ទិន្នន័យនេះគិតចាប់តាំងពី២២១ឆ្នាំមុន។
អង្គការដែលមានមូលដ្ឋាននៅក្នុងទីក្រុងNew York មួយនេះបានឲ្យដឹងថា ចិនគឺជាប្រទេសដែលមានចំនួនអ្នកសារព័ត៌មានជាប់ពន្ធនាគារច្រើនជាងគេបង្អស់ក្នុងរយៈពេល២ឆ្នាំជាប់គ្នា ដោយមានចំនួន៤៩នាក់ ហើយមូលហេតុមួយផ្នែកពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍រសើបទៅលើការធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសចិនទន់ខ្សោយ។
អង្គការនេះបានដកស្រង់ករណីរបស់លោក Wang Xiaolu ដែលជាអ្នកសារព័ត៌មានរបស់ទស្សនាវដ្ដីជំនួញមួយមានមូលដ្ឋាននៅទីក្រុងប៉េកាំង។
លោក Wang ត្រូវបានដាក់ពន្ធនាគារ បន្ទាប់ពីលោកត្រូវបានគេចោទប្រកាន់អំពី «ការប្រឌិតនិងផ្សព្វផ្សាយព័ត៌មានមិនពិត» អំពីសន្តិសុខនៃការធ្វើជំនួញ។ ក្រោយមកលោក Wang បានចេញមុខលើកញ្ចក់ទូរទស្សន៍បកស្រាយថា លោកមានការសោកស្តាយចំពោះការសរសេររឿងនេះ និងស្នើសុំការលើកលែងទោស ខណៈដែលនៅតែមានភាពមិនច្បាស់លាស់អំពីថាតើលោកត្រូវបានចោទប្រកាន់ជាផ្លូវការពីបទប្រព្រឹត្តអំពើឧក្រិដ្ឋកម្មឬយ៉ាងណានោះទេ។
គណៈកម្មាធិការដើម្បីការពារអ្នកសារព័ត៌មានបានឲ្យដឹងថា ការព្យាយាមរបស់ចិនក្នុងការបំបិទមាត់អ្នករិះគន់បានមកដល់សហរដ្ឋអាមេរិក ដោយមានការដាក់ពន្ធនាគារលើបងប្អូនប្រុស៣នាក់របស់អ្នកសារព័ត៌មានប្រចាំនៅរដ្ឋធានី Washington ដែលជាជនជាតិដើមភាគតិច Uighur មានឈ្មោះថា Shohret Hoshur។
លោក Hoshur បានសរសេរសេចក្ដីរាយការណ៍រិះគន់ទៅលើការប្រព្រឹត្តរបស់រដ្ឋាភិបាលចិនចំពោះក្រុមជនជាតិដើមភាគតិច ខណៈពេលដែលលោកកំពុងបម្រើការឲ្យសារព័ត៌មានវិទ្យុអាស៊ីសេរី ដែលជាស្ថាប័នផ្តល់ថវិកាជំនួយដោយរដ្ឋាភិបាលអាមេរិក។
អង្គការគាំទ្រអ្នកសារព័ត៌មាននេះបានឲ្យដឹងថា ទីក្រុងគែរកំពុងតែឃុំខ្លួនអ្នកសារព័ត៌មានចំនួន២៣នាក់ ក្នុងការបង្ក្រាបការបញ្ចេញគំនិត ខណៈដែលលោកប្រធានាធិបតី Abdel Fattah el-Sisi នៅតែបន្តប្រើប្រាស់លេសថា ដើម្បីសន្តិសុខជាតិ៕