រដ្ឋាភិបាលបារាំង នៅក្នុងសប្ដាហ៍នេះ បានរឹបអូសនាវាមួយគ្រឿង ដែលជាប់ពាក់ព័ន្ធទៅនឹងអ្នកជំនួញប្រេងកាតរុស្ស៊ី គឺលោក Igor Sechin ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin។ ការរឹបអូសនេះ គឺជាផ្នែកមួយនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបទៅលើការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន។
នៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយបង្ហោះលើបណ្ដាញTwitter ផ្លូវការ លោក Olivier Dussopt រដ្ឋមន្ត្រីវិធានការសាធារណៈ និងគណនេយ្យ នៃប្រទេសបារាំង បានថ្លែងថា នាវាដែលមានប្រវែង ៨៥.៦ ម៉ែត្រមួយគ្រឿងឈ្មោះថា Amore Vero ត្រូវបានរឹបអូសដោយភ្នាក់ងារគយបារាំង នៅឯកន្លែងចតនាវាមួយ នៅក្រុងកំពង់ផែ La Ciotat ក្បែរទីក្រុង Marseille ស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំង។ សេចក្ដីថ្លែងការណ៍សរសេរថា នាវានេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយ ដែលមានលោក Sechin ជាម្ចាស់ភាគហ៊ុនច្រើនជាងគេ។
លោក Sechin បើកដំណើរការក្រុមហ៊ុនប្រេងកាតរុស្ស៊ី Rosneft ហើយលោកក៏ជាអតីតមន្ត្រីរដ្ឋាភិបាលរុស្ស៊ីផងដែរ។
គណនី Twitter របស់រលោករដ្ឋមន្ត្រី Dussopt ក៏បានបង្ហោះរូបថតមួយសន្លឹកនៃនាវានោះ ដែលបង្ហាញពីអាងហែលទឹកមួយដែលអាចប្រែក្លាយជាកន្លែងចុះចតឧទ្ធម្ភាគចក្រ ក៏ដូចជាជាន់ជាច្រើននៃនាវា ព្រមទាំងអាងហែលទឹកក្ដៅមួយផងដែរ។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា នាវានេះបានចូលមកដល់ក្រុងកំពងផែ La Ciotat កាលពីថ្ងៃទី ៣ ខែមករា ដើម្បីជួសជុល ហើយគ្រោងនឹងបន្តស្ថិតនៅទីនោះរហូតដល់ថ្ងៃទី ១ ខែមេសា។ មន្ត្រីគយបារាំងនិយាយថា ពួកគេបានមកពិនិត្យនាវានេះ ខណៈដែលក្រុមនាវិកកំពុងតែត្រៀមខ្លួនបើកនាវានេះចេញក្នុងស្ថានភាពបន្ទាន់មួយ បើទោះបីជាការជួសជុលនោះមិនទាន់បានបញ្ចប់នៅឡើយ។ នាវានេះត្រូវបានរឹបអូសដើម្បីទប់ស្កាត់ការលួចបើកចេញ។
ទស្សនាវដ្ដី Forbes បានរាយការណ៍ថា អាជ្ញាធរអាល្លឺម៉ង់ ក៏បានរឹបអូសនាវាដ៏ធំមួយឈ្មោះ Dilbar ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ី Alisher Usmanov ដែរ ប៉ុន្តែសេចក្ដីរាយការណ៍នេះ មិនត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះដកស្រង់ចេញពីរបាយការណ៍នៃទីភ្នាក់ងារព័ត៌មាន Associated Press, Reuters and Agence France-Presse។