បារាំង​គ្រោង​បង្ហាញ​យុទ្ធសាស្ត្រ​អាហ្វ្រិក​ថ្មី

រូបឯកសារ៖ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ធ្វើសេចក្តី​ថ្លែងការណ៍​មួយ​ក្នុង​អំឡុង​ពេល​សន្និសីទ​អំពី​សន្តិសុខ​ទីក្រុង Munich កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃចន្ទ​នេះ​ដើម្បី​ បង្ហាញ​ពី​យុទ្ធសាស្ត្រ​អាហ្វ្រិក​ថ្មី​របស់​បារាំង។

ក្រោយ​មក​ក្នុង​សប្តាហ៍​នេះ មេដឹកនាំ​បារាំង​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្គាបុង​ អង់ហ្គោឡា ​សាធារណរដ្ឋ​កុងហ្គោ ​និង​កុងហ្គោ។

ដំណើរ​ទស្សនកិច្ច​របស់​លោក Macron​ ទៅកាន់​ទ្វីបអាហ្រ្វិក​កើតឡើង​នៅពេល​ដែល​ប្រទេស​ជាច្រើន​នៅទីនោះ​បាន​សម្តែង​នូវ​មនោសញ្ចេតនា​ប្រឆាំង​នឹង​ប្រទេស​បារាំង​ដែល​មាន​ការតវ៉ា​តាមដងផ្លូវ​នៅក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក​ខាងលិច ​និង​ខាងជើង។

បារាំង​ក៏​កំពុងមើល​ឃើញ​ដែរ​ថា ​ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏​យូរ​របស់​ខ្លួន​ជាមួយ​នឹង​ទ្វីប​អាហ្រ្វិក​កំពុង​ចាប់​ផ្តើម​រកាំរកូស​ ខណៈ​ដែល​រុស្ស៊ី ​ចិន ​និង​តួកគី​កំពុង​សម្រុកចូល។

លើសពីនេះ ​ប្រទេស​ម៉ាលី​បាន​ជំនួស​កងទ័ព​បារាំង​ដែល​ឈរជើង​នៅ​ទីនោះ​ដោយ​ទាហាន​ជាប់​កិច្ចសន្យា​រុស្ស៊ី ​ដែល​នេះ​ជាអ្វី​ដែល​បារាំង​មិន​ចង់​ឃើញ​ប្រទេស​មួយ​ចំនួន​ទៀត​យក​គំរូ​តាម។

មេដឹកនាំ​បារាំង​ក៏​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​ដែល​ផ្តោតលើ​ព្រៃឈើ​ក្នុង​ប្រទេស​ហ្គាបុង​ផងដែរ៕