ពួកអ្នកបោះឆ្នោតនៅក្នុងប្រទេសបារាំងបានប្រុងប្រៀបទៅស្ថានីយបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដែលបញ្ចប់អ្វីដែលពួកអ្នកសង្កេតការពណ៌នាថា ជាយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីដែលមានការឈ្លោះប្រកែកគ្នានិងបែកបាក់បំផុត ចាប់តាំងពីការបង្កើតសាធារណរដ្ឋទី៥មក។
នៅថ្ងៃអាទិត្យនេះ ក៏អាចជាកំណត់សម្គាល់នៃការចាប់ផ្តើមមាគ៌ាថ្មីមួយសម្រាប់ប្រទេសបារាំង ហើយនិងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសផ្សេងទៀតនៅអឺរ៉ុប ដោយមិនគិតថា បេក្ខជនណាឈ្នះនោះទេ។
ការស្ទង់មតិផ្លូវការនៅពេលបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត បានបង្ហាញថាលោក Emmanuel Macron បេក្ខជនកណ្តាលនិយមបាននាំមុខយ៉ាងខ្លាំង ដោយបានទទួលការគាំទ្រ ៦២ ភាគរយ ហើយលោកស្រី Le Pen បេក្ខជនជាតិនិយមប្រឆាំងជនអន្តោប្រវេសន៍បានទទួលការគាំទ្រ ៣៨ ភាគរយ។
ក្រុមយុទ្ធនាការរបស់លោក Macronកាលពីយប់ថ្ងៃសុក្រ បានប្រាប់ឲ្យដឹងថា ខ្លួនបានក្លាយជាអ្នករងគ្រោះនៃការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រដ៏ធំមួយ និងមានការសម្របសម្រួលគ្នាដែលបាននាំឲ្យមានការលេចធ្លាយសារអ៊ីមែលរបស់យុទ្ធនាការឃោសនាបោះឆ្នោតដែលមានទាំងឯកសារពិតនិងក្លែងក្លាយនៅលើបណ្តាញព័ត៌មានសង្គម។
ជម្រើសរបស់បេក្ខជនទាំង២ គឺរវាងលោក Macron បេក្ខជនកណ្តាលនិយមមកពីគណ បក្សឆ្វេងនិយមដែលគាំទ្រពាណិជ្ជកម្មនិងសហភាពអឺរ៉ុប និងលោកស្រី Le Penដែលចង់ឲ្យបារាំងចេញពីសហភាពអឺរ៉ុបហើយនឹងបញ្ចប់ការហូរចូលជនអន្តោប្រវេសន៍ ជា ពិសេសមកពីប្រទេសកាន់សាសនាឥស្លាម៕