ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ប្រទេសចិន និងទ្វីបអឺរ៉ុបគួរតែសហការគ្នាពាក់ព័ន្ធនឹងគម្រោងគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់មួយផ្លូវមួយ» របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលជាគម្រោងមានគោលបំណងសាងសង់ «ផ្លូវសូត្រ» សម័យទំនើបមួយ ដែលលោក Macron បាននិយាយថា មិនអាចជាផ្លូវដែលសម្រាប់ការនាំចេញទំនិញរបស់ចិននោះទេ។
ដោយថ្លែងទៅកាន់ពាណិជ្ជករ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតជាច្រើននាក់នៅថ្ងៃចន្ទនេះ នៅក្នុងទីក្រុង Xian ប្រទេសចិន ដែលជាចំណុចចេញដំណើរនៅផ្នែកខាងកើតនៃផ្លូវបុរាណមួយនេះ លោក Macron បាននិយាយថា ផ្លូវសូត្រនេះ «គឺមិនមែនសម្រាប់តែប្រទេសចិន» នោះទេ ដោយសារ «ផ្លូវទាំងនេះគឺសម្រាប់តែប្រើរួមគ្នាតែប៉ុណ្ណោះ»។
គម្រោងខ្សែក្រវាត់មួយផ្លូវមួយ ដែលបានបង្ហាញដំបូងកាលពីឆ្នាំ ២០១៣ មានគោលបំណងភ្ជាប់ប្រទេសចិនតាមផ្លូវគោក និងផ្លូវទឹកជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសប៉ាគីស្ថាន តំបន់អាស៊ីកណ្ដាល និងរហូតដល់តំបន់មជ្ឈិមបូព៌ា ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិកថែមទៀតផង។
បន្ទាប់ពីបានធ្វើទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅក្នុងទីក្រុង Xian លោក Macron និងគណៈប្រតិភូរបស់លោកដែលមានប្រធានក្រុមហ៊ុនអាជីវកម្ម និងមន្ត្រីប្រហែល ៦០ នាក់ នឹងធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន។
លោក Macron មានគម្រោងស្វែងរកដៃគូយុទ្ធសាស្ត្រជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងលើបញ្ហាជាច្រើន ដូចជាបញ្ហាភេរវកម្ម និងការប្រែប្រួលអាកាសធាតុ និងចង់ចងសម្ព័ន្ធមិត្តជាមួយនឹងលោក Xi Jinping ដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ៕