ក្រុមការងាររបស់បេក្ខជនប្រធានាធិបតីបារាំងប្រកាន់កណ្តាលនិយមដែលនាំមុខគេរបស់លោក Emmanuel Macron បាននិយាយកាលពីយប់ថ្ងៃសុក្រថា ខ្លួនបានក្លាយទៅជាជនរងគ្រោះនៅក្នុងការលួចចូលមើលទិន្នន័យក្នុងកុំព្យូទ័រយ៉ាងធ្ងន់ធ្ងរដែលនាំឲ្យឈានដល់ការបែកធ្លាយអ៊ីម៉ែលរបស់យុទ្ធនាការបោះឆ្នោតនិងឯកសារហិរញ្ញវត្ថុនានារបស់ខ្លួន។
ដោយហៅការបែកធ្លាយឯកសារនេះថាមិនដែលធ្លាប់មានពីមុនមកនៅក្នុងយុទ្ធនាការបោះឆ្នោតក្នុងប្រទេសបារាំង បុគ្គលិករបស់លោក Macron បាននិយាយថា ការចែកចាយអ៊ីម៉ែល ឯកសារគណនី និងឯកសារដទៃទៀតរាប់ពាន់ច្បាប់ គឺជាការប៉ុនប៉ងធ្វើឲ្យមានអស្ថិរភាពក្នុងស្រុក ដូចដែលបានឃើញនៅក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកលើកចុងក្រោយបំផុតដែរ។
ទីប្រឹក្សារបស់លោក Macron បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ច្បាស់ណាស់ ឯកសារដែលបែកធ្លាយដោយសារការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រគឺស្របច្បាប់និងបង្ហាញពីតួនាទីប្រក្រតីនៃយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី»។
ឯកសារទាំងនោះត្រូវបានជនម្នាក់ដែលហៅខ្លួនឯងថា EMLEAKS បង្ហោះលើបណ្តាញសង្គមមុនពេលពាក់កណ្តាលអាធ្រាត្រថ្ងៃសុក្រ នៅពេលដែលលោក Macron វ័យ៣៩ឆ្នាំ និងគូប្រជែងរបស់លោក គឺលោកស្រី Marine Le Pen ដែលប្រកាន់ស្តាំនិយម បានបញ្ចប់ជាផ្លូវការនូវយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃអាទិត្យស្អែកនេះ៕