ពួករដ្ឋអាជ្ញាបារាំងបានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានបើកការស៊ើបអង្កេតភេរវកម្មមួយទៅលើការវាយប្រហារដោយអាវុធកាលពីសប្តាហ៍មុននៅនៅលើរទេះភ្លើងមានល្បឿនលឿនមួយខ្សែដែលបានធ្វើដំណើរពីក្រុង អាមស្ទើរដាម (Amsterdam) ទៅកាន់ក្រុងប៉ារីស (Paris)។
លោក Frederic Molins រដ្ឋអាជ្ញាក្រុងប៉ារីស បានមានប្រសាសន៍ថា បុរសដែលបានត្រូវចាប់ខ្លួនដោយមានការទាក់ទិននឹងការវាយប្រហារនោះឈ្មោះ Ayoub El-Khazzani បានត្រូវស៊ើបអង្កេតអំពី«ការសម្លាប់មនុស្សគិតទុកមុនដោយមានការទាក់ទងជាមួយសហគ្រាសភេវជនមួយ»។
លោក Molins បាននិយាយថា ជនជាតិម៉ារ៉ុកអាយុ២៥ឆ្នាំរូបនេះបានមើលវីដេអូ ឥស្លាមជ្រុលនិយមមួយតាមទូរស័ព្ទរបស់គាត់នៅមុនពេលគាត់ចាប់ផ្តើមដើរចូលក្នុងរទេះភ្លើងនេះដោយមានកាន់កាំភ្លើងវែងមួយ កាំភ្លើងខ្លី គ្រាប់កាំភ្លើងជាច្រើនគ្រាប់និងកាំបិតកាត់ប្រអប់មួយ។
គេរំពឹងថា អាជ្ញាធរនឹងដាក់ពាក្យចោទប្រកាន់គាត់មិនឱ្យហួសពីយប់ថ្ងៃអង្គារទេដោយមានរួមបញ្ចូលការប៉ុនប៉ងសម្លាប់មនុស្សច្រើននាក់ដោយមានការទាក់ទិននឹងភេរវកម្ម។
ឈ្មោះ Khazzani ត្រូវបានបង្ក្រាបដោយជនជាតិអាមេរិកាំងបីនាក់ដោយម្នាក់បានត្រូវរបួសនិងជនជាតិអង់គ្លេសម្នាក់ផងដែរ។ បុរសម្នាក់ទៀតដែលជាកូនកាត់បារាំងនិងអាមេរិកាំងដែលបានខិតខំព្យាយាមដណ្តើមកាំភ្លើងវែងពី Khazzani បានត្រូវបាញ់ហើយកំពុងសម្រាកក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាលមុខរបួស៕