បារាំង​កំណត់​អត្តសញ្ញាណ​មេខ្លោង​ក្រោយការវាយប្រហារក្រុងប៉ារីស

រូ​ប​ថត​នៃ Abdelhamid Abaaoud ​មេខ្លោងនៃ​ការវាយ​ប្រហារ​នៅ​ទីក្រុង​ប៉ារីស។​​

មន្ត្រី​បារាំង​និយាយ​ថា​ខ្លួន​បាន​កំណត់​អត្តសញ្ញាណ​មេក្លោង​នៅ​ពី​ក្រោយ​ការវាយ​ប្រហារ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​ថា​ ជាជន​ជាតិ​បែលហ្ស៊ិក​ដែល​មាន​ឈ្មោះ​ថា​ Abdelhamid Abaaoud ។ គេ​រាយការណ៍​ថា​ Abaaoud កំពុង​ស្ថិតនៅក្នុង​ប្រទេស​ស៊ីរី។​

អាជ្ញាធរបែលហ្ស៊ិក​បាន​ស្វែង​រក​ចាប់​ខ្លួន​ Abaaoud កាល​ពី​ដើម​ឆ្នាំ​នេះ​ បន្ទាប់​ពី​មាន​ផែនការ​វាយ​ប្រហារ​លើ​ប៉ូលីស​មិន​បាន​សម្រេច​មួយ។​ បណ្តាញ​សារព័ត៌មាន​បែលហ្ស៊ិក​ បាន​ពណ៌នា​ Abaaoud ថា​មាន​ដើម​កំណើត​ម៉ារ៉ុក​ ហើយ​សង្ស័យ​ថា​បាន​ដឹកនាំ​ក្រុម​ឥស្លាម​ជ្រុល​និយម​នៅ​ទីក្រុង​ Verviers ភាគ​ខាង​កើត។

ប៉ូលីស​បារាំង​បាន​ចូល​ឆ្មក់​ឆែកឆេរ​កន្លែង​ជន​សង្ស័យ​ឥស្លាម​ជាង​១៥០កន្លែង​នៅ​ទូទាំង​ប្រទេស​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយករដ្ឋ​មន្ត្រី​បារាំង​ Manuel Valls ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

ការចូល​ឆែកឆេរ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ទីក្រុង​ Toulouse, Grenoble, Jeumont, Lyon ​និង​តំបន់​ Bobigny ​ដែល​នៅ​ជាយ​ទីក្រុង​ប៉ារីស ហើយ​បាន​ចាប់​ឃាត់​ខ្លួន​មនុស្ស​ជាង​១០នាក់​ និង​រឹបអូស​បាន​អាវុធ​មួយ​ចំនួន​ ក្នុង​នោះ​មាន​កាំភ្លើង​បាញ់​គ្រាប់​រ៉ុក្កែត កាំភ្លើង​ស្វ័យ​ប្រវត្តិ និង​អាវក្រោះ​ការពារ​គ្រាប់។​

លោក​ Valls ​និយាយ​ថា​ប្រទេស​បារាំង​បាន​បញ្ចៀស​ការវាយ​ប្រហារ​ជាច្រើន​ ប៉ុន្តែ​អាច​នឹង​មាន​ទៀត​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ ឬ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។​

លោក​នាយករដ្ឋ​មន្ត្រី​បាន​និយាយ​ថា​លោក​មិន​ព្យាយាម​បន្លាច​ពលរដ្ឋ​ទេ​ ប៉ុន្តែ​នេះ​ជា​«ស្ថានភាព​ដែល​យើង​នឹង​រស់​នៅ​ជាមួយ​ហើយ​នឹង​មាន​រយៈ​ពេល​យូរ​ ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ការគំរាម​កំហែង​ភេរវកម្ម​នេះ​ ហើយ​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​បន្ថែម​ទៀត។»