រដ្ឋាភិបាលបារាំងបានប្រកាសដាក់វត្តមានប៉ូលិសតឹងតែងនៅជុំវិញទីក្រុងប៉ារីសនិងទីក្រុងធំៗផ្សេងទៀត និងបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់បន្ទាប់ពីមានអំពើហិង្សាកើតឡើងទាក់ទិននឹងការស្លាប់របស់អ្នកបើករថយន្តដឹកជញ្ជូនទំនិញអាយុ ១៧ ឆ្នាំម្នាក់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
មេធាវីរបស់ជនរងគ្រោះបាននិយាយថា ជនរងគ្រោះត្រូវបានប៉ូលិសបាញ់ស្លាប់កាលពីថ្ងៃអង្គារក្នុងអំឡុងពេលត្រួតពិនិត្យចរាចរណ៍។ រដ្ឋអាជ្ញាថា មន្ត្រីប៉ូលិសដែលបាញ់បុរសនោះត្រូវបានឃុំខ្លួនក្រោមបទសង្ស័យមនុស្សឃាត។
វីដេអូនៃហេតុការណ៍នេះបានបង្ហាញថា មន្ត្រីប៉ូលិស ២ នាក់បានឱនចូលក្នុងកញ្ចក់ទ្វាររថយន្តខាងអ្នកបើកនៃរថយន្តពណ៌លឿងមួយគ្រឿង មុនពេលដែលរថយន្តនោះបានបើកចេញទៅហើយនៅពេលនោះមន្ត្រីប៉ូលិសម្នាក់បានបាញ់ចូលតាមកញ្ចក់ទ្វាររថយន្តនោះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបាននិយាយថា មនុស្ស ៣១ នាក់ត្រូវបានចាប់ខ្លួន ប៉ូលិស ២៥ នាក់បានរងរបួស និងរថយន្ត ៤០ គ្រឿងត្រូវបានដុតកម្ទេចនៅក្នុងភាពចលាចលកាលពីយប់មិញនៅទូទាំងប្រទេសបារាំង៕
បារាំងពង្រឹងសន្តិសុខបន្ទាប់ពីមានភាពចលាចលបង្កឡើងដោយករណីប៉ូលិសបាញ់សម្លាប់មនុស្សម្នាក់

ប៉ូលិសឈរល្បាតទីតាំងដែលមានការបាញ់កាំភ្លើងក្នុងទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២២។