ស្ថានទូតបារាំង និងអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបានលើកឡើងនិងសម្តែងការព្រួយបារម្ភសាជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងអវត្តមានគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខនេះនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង។
កាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង លោក Jacques Pellet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់លោក Stefan Messerer និងលោក ស ខេង បានជួបពិភាក្សាគ្នានៅវិមានសន្តិភាពក្នុងទីក្រុងភ្នំពេញ។ នៅក្នុងជំនួបនោះ ពួកគេបានលើកឡើងបញ្ហាសំខាន់ៗមួយចំនួន ដូចជាការបោះឆ្នោតជាតិរបស់ប្រទេសកម្ពុជាដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ឆ្លើយតបនឹងសំណួររបស់វីអូអេតាមរយៈសារអ៊ីមែលកាលពីរសៀលថ្ងៃអង្គារ ស្ថានទូតបារាំងបញ្ជាក់ឱ្យដឹងថា ឯកអគ្គរដ្ឋទូតទាំងពីរបានពិភាក្សាជាមួយលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង អំពីការច្រានចោលគណបក្សភ្លើងទៀនពីការចុះបញ្ជីក្នុងការបោះឆ្នោតដែលកំពុងខិតជិតចូលមកដល់។
ស្ថានទូតបារាំងឱ្យដឹងទៀតថា បារាំងនៅតែបន្តអំពាវនាវឱ្យមានការបោះឆ្នោតប្រកបដោយសេរីភាព តម្លាភាព និងពហុនិយម ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា។
ស្ថានទូតបារាំងបញ្ជាក់ថា៖ «អវត្តមានគណបក្សប្រឆាំងធំជាងគេអាចនាំឱ្យខូចលក្ខណៈប្រជាធិបតេយ្យនៃការបោះឆ្នោត។ ដោយគ្មានគណបក្សប្រឆាំងសំខាន់ចូលរួមនោះ វាហាក់ដូចជាបង្ហាញថា រដ្ឋសភានិងរដ្ឋាភិបាលអាណត្តិក្រោយ គឺនឹងមានតែសមាជិកដែលមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា យល់ថា ការលើកឡើងរបស់ស្ថានទូតបរទេសទាំងនោះជាទម្រង់នៃការសម្តែងមតិ ហើយថា គ.ជ.ប អនុវត្តទៅតាមតែច្បាប់ប៉ុណ្ណោះក្នុងកិច្ចការបោះឆ្នោត។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «អ៊ីចឹង គ.ជ.ប អនុវត្តទៅតាមច្បាប់ដែលមានជាធរមាន។ នៅពេលដែលខ្វះឯកសារ មិនបានបំពេញគ្រប់គ្រាន់ គ.ជ.ប មានតែធ្វើការបដិសេធ។ អ៊ីចឹងសូមកុំឱ្យគិតពីរឿងទិដ្ឋភាពនយោបាយ សូមគិតពីរឿងទិដ្ឋភាពបច្ចេកទេស។ យើងខ្ញុំជាអ្នកបច្ចេកទេសរៀបចំការបោះឆ្នោត»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់វីអូអេថា គណបក្សនៅតែមានឆន្ទៈចូលរួមការបោះឆ្នោតនាពេលខាងមុខ ហើយថា គណបក្សនៅតែព្យាយាមតស៊ូតាមផ្លូវច្បាប់ដើម្បីបានលិខិតដើមសម្រាប់ប្រើប្រាស់។
លោកបញ្ជាក់ថា៖ «អ៊ីចឹងជំហររបស់យើងគឺទោះបីជាយើងមិនបានចូលរួមប្រកួតប្រជែងការបោះឆ្នោតលើកនេះក៏ដោយ ក៏យើងនៅតែព្យាយាមធ្វើការតស៊ូតាមផ្លូវច្បាប់ដើម្បីសំដៅធ្វើយ៉ាងណាជំរុញឱ្យមានការទទួលស្គាល់ ផ្តល់លិខិតជាផ្លូវការត្រឡប់មកវិញឱ្យគណបក្សភ្លើងទៀនដើម្បីអាចយកទៅប្រើប្រាស់នៅពេលខាងក្រោយទៀត»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា លោកមិនអាចអត្ថាធិប្បាយអ្វីឡើយទាក់ទិនការបោះឆ្នោត និងជំនួបរបស់លោក ស ខេង ជាមួយមន្ត្រីទូតទាំងនោះ។
ប្រទេសបារាំង និងអាល្លឺម៉ង់ គឺជាសមាជិករបស់សហភាពអឺរ៉ុបដែលផ្តល់ការអនុគ្រោះមិនយកពន្ធលើទំនិញដែលនាំចេញពីកម្ពុជា តាមឋានៈអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ» (Everything But Arms) ហៅកាត់ថា EBA។
កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានចាប់ផ្តើមដាក់គំនាបលើប្រទេសកម្ពុជាដោយដកការអនុគ្រោះពន្ធចំនួន២០% ពីប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយសារការរំលោភសិទ្ធិមនុស្សជាលក្ខណៈប្រព័ន្ធធ្ងន់ធ្ងរនៅកម្ពុជា។
អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស ប្រាប់វីអូអេថា ការចូលរួមរបស់គណបក្សនយោបាយនៅក្នុងការបោះឆ្នោតគឺជាការសំខាន់សម្រាប់ធានានូវដំណើរការលទ្ធិប្រជាធិបតេយ្យ។ លោកសង្កត់ធ្ងន់ថា ការស្វែងរកមធ្យោបាយដើម្បីឱ្យគណបក្សភ្លើងទៀនបានចូលរួមការបោះឆ្នោតជាការចាំបាច់។
លោកថ្លែងថា៖ «ការជជែកបែបម៉េចយើងមិនដឹងទេ ប៉ុន្តែការរកវិធីដោះស្រាយនៅក្នុងការចូលរួមរបស់គណបក្សនយោបាយស្របទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យឱ្យមានការប្រកួតប្រជែង វាជារឿងមួយសំខាន់ណាស់សម្រាប់ប្រទេសជាតិមួយៗ ជាពិសេសគឺកម្ពុជាតែម្តង»។
កាលពីកន្លងទៅ សហភាពអឺរ៉ុបបានព្រមានសារជាថ្មីថា ប្រសិនបើកម្ពុជាមិនរៀបចំការបោះឆ្នោតឱ្យមានតម្លាភាព យុត្តិធម៌ ដែលអាចទទួលយកបានទេ កម្ពុជានឹងបាត់បង់ EBA ទាំងស្រុង។ ប៉ុន្តែការព្រមាននេះមិនអាចធ្វើឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ញញើតនោះឡើយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជារឹងមាំដែលអាចឈរខ្លួនឯងបាន៕