បារាំង​រង​ការ​រិះគន់​ដោយ​សារ​ភាព​យឺតយ៉ាវ​នៃ​ការ​ស៊ើប​អង្កេត​ករណី​រំលោភ​បំពាន​ផ្លូវ​ភេទ​លើកុមារ

  • Lisa Schlein

រូបថតឯកសារ៖ ទាហានបារាំង​កំពុង​ជិះ​ឡាន​ល្បាត​នៅ​តំបន់ Sibut ស្ថិតនៅ​ចម្ងាយ​ប្រហែល​២០០​គ.ម ភាគ​ឦ​សាននៃ​ទីក្រុង​ Bangui សាធារណរដ្ឋអាហ្វ្រិក​កណ្តាល កាលពីខែមេសា ឆ្នាំ២០១៤។

គណកម្មការ​ឃ្លាំ​មើល​របស់​អង្គការ​សហប្រជាជាតិ​កំពុង​រិះគន់​ប្រទេស​បារាំង​ចំពោះ​សកម្មភាព​យឺតយ៉ាវ​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​សង្ស័យ​ជុំវិញ​សំណុំ​រឿង​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​ដែល​ប្រព្រឹត្ត​ដោយ​ទាហាន​បារាំង​នៅ​ក្នុង​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល។

ប្រទេស​បារាំង​បាន​ចាប់​ផ្តើម​ស៊ើបអង្កេត​លើ​ករណី​រឿង​អាស្រូវ​រំលោភ​បំពាន​ផ្លូវភេទ​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ។ ទាហាន​បារាំង​១៤នាក់​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​ឲ្យ​ក្មេង​ប្រុស​បំពេញ​តម្រូវ​ការ​ផ្លូវ​ភេទ​ដល់​ពួកគេ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ទទួល​បានចំណី​អាហារ។

លោក ​Fabian Salvioli ប្រធាន​គណកម្មការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ បាន​ប្រាប់​វីអូអេ​ថា​សមាជិក​គណកម្មការរបស់​លោក​បាន​សាកសួរ​ប្រតិភួ​បារាំងអំពី​ថា​តើ​ការ​ជំនុំ​ជម្រះ​ក្តី​ព្រហ្មទណ្ឌ​ប្រឆាំង​ក្រុម​យោធា​ទាំង​អស់​ដែល​ជាប់​ពាក់​ពន្ធ័​នោះ​ ដំណើរ​ការ​យ៉ាង​ណា​ហើយ។

លោក​ Fabian Slvioli ​បាន​លើក​ឡើង​ថា៖ «ចម្លើយ​ដែល​ទទួល​បាន​នោះខ្លីខ្លាំង​ណាស់​ គឺ​ខ្លីបំផុត​។ រដ្ឋាភិបាល​បារាំង​បាន​ឲ្យ​ដឹង​ថា​ មាន​សវនាការ​មួយ ​ហើយ​ខ្ញុំ​មិន​អាច​ផ្តល់​ព័ត៌មាន​លើស​ពី​នេះ​បាន​ឡើយ។​ យើង​ពិតជា​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ ហើយ​យើង​ក៏​បាន​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​មួយ​ដែល​ជា​ការ​ស៊ើប​អង្កេត​លើ​បទ​ល្មើស​ព្រហ្មទណ្ឌ​ ប៉ុន្តែ​វា​កំពុងតែស្ថិតក្នុង​ដំណើរការស៊ើប​នៅ​ឡើយ។​ ដូច្នេះ​ មិន​មាន​ព័ត៌មាន​អ្វី​បន្ថែម​អំពី​ការស៊ើប​អង្កេត​នេះ​ឡើយ»។

លោក​ Salvioliបាន​បន្ថែម​ថា​ គណកម្មការ​របស់​លោក​បាន​ប្រាប់​រដ្ឋាភិបាល​បារាំង​ឲ្យ​បន្ថែម​ល្បឿន​លើ​ដំណើរការ​កាត់ទោស​នេះ​ និង​ដាក់​ទោស​ទណ្ឌ​ពួក​ទាហាន​ទាំងអស់​នោះ​ ប្រសិនបើ​រក​ឃើញ​ថា​ពួកគេ​មាន​ពិរុទ្ធ។ ដោយ​លើក​ឡើង​ថា​បញ្ហា​នេះ​ជា​បញ្ហា​បន្ទាន់​ ​លោក​បាន​និយាយ​ទៀត​ថា​គណកម្មការ​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ព័ត៌មាន​ថ្មី​បំផុត​ជុំវិញ​សំណុំ​រឿង​នេះ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។

គណកម្មការ​ខាង​លើ​ក៏​បាន​រិះគន់​ប្រទេស​កាណាដា​ខ្លាំងៗ​ផង​ដែរ​ អំពី​ការ​មិន​បាន​គោរព​សិទ្ធិ​ជនជាតិ​ភាគតិចដែល​ត្រូវ​បាន​ការពារ​ដោយ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ស៊ីវិល​និង​សិទ្ធិ​នយោបាយ។ ​លោកស្រី​ Anja Seibert-Fohr​ សមាជិក​គណកម្មការ​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ថា​គណកម្មការ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ស្ត្រី​និង​ក្មេង​ស្រី​ជនជាតិ​ដើម​ភាគ​តិច​ដែល​រង​ការ​ប៉ះពាល់​ដោយ​សារ​អំពើហិង្សា​គំរាម​កំហែង​អាយុ​ជីវិត​ ករណី​ឃាតកម្ម​ និង​ការ​បាត់​ខ្លួន​ជា​ដើម។

លោកស្រី​បាន​បន្ត​ថា ​ស្ត្រី​និង​ក្មេង​ស្រី​ជាច្រើនត្រូវ​បាន​គេ​សម្លាប់​ឬ​ក៏​បាន​បាត់​ខ្លួន​ ហើយ​ករណី​ទាំង​នេះ​នៅ​តែ​មិន​មាន​ការ​ដោះស្រាយ​នៅ​ឡើយ។ លោកស្រី​បាន​ស​ង្កត់​ធ្ងន់​ថា​ ការ​ឆ្លើយ​តប​របស់​ប្រទេស​កាណាដា​ពាក់​ព័ន្ធនឹង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ មិន​គ្រប់​គ្រាន់​ឡើយ។

«មាន​គេ​ឲ្យ​ដំណឹង​មក​យើងថា​ មាន​កិច្ចខំប្រឹង​ប្រែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ហើយ​ ប៉ុន្តែ​យើង​នៅ​តែ​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់​គ្រាន់​អំពី​ការ​ស៊ើប​អង្កេត​ពិត​ប្រាកដ​និង​ដំណើរ​ការ​នៃការ​ជំនុំជម្រះ​នេះ។ ដូច្នេះ​ យើង​ស្នើ​សុំ​ឲ្យ​រដ្ឋ​ជាភាគី​ដោះស្រាយ​បញ្ហា​ឃាត​កម្ម​និង​ការ​បាត់​ខ្លួន​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត»។

លោក​ស្រី​ Seibert-Fohr​ បាន​និយាយ​ទៀត​ថា​ គណកម្មការ​បាន​ស្នើ​ឲ្យ​ប្រទេស​កាណាដា​ប្រញាប់​រៀបចំ​ការ​ស៊ើប​អង្កេត​ថ្នាក់​ជាតិ​ដើម្បី​វែក​ញែក​បញ្ហា​ទាំង​នេះ​ ហើយ​ស្នើ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ច្បាប់​ពាក់​ព័ន្ធ​ និង​ជួយ​សម្រប​សម្រួល​ឲ្យ​មាន​ការ​ឆ្លើយ​តប​ពី​ក្រុម​ប៉ូលិស​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​ទប់​ស្កាត់​កុំឲ្យ​មាន​ឃាតកម្ម​និង​ការ​បាត់​ខ្លួន​បែប​នេះ​កើត​ឡើង​បន្តទៀត៕

ប្រែសម្រួលដោយ សៅ ផលនិស្ស័យ