បារាំង​និង​អង់គ្លេស​ព្រម​ទទួល​ជន​ចំណាក​ស្រុក​រាប់​ម៉ឺន​នាក់

នាយករដ្ឋ​មន្ត្រី​អង់គ្លេស​ David Cameron នឹង​ថ្លែង​នៅ​ក្នុង​រដ្ឋ​សភា​អំពី​ការ​ឆ្លើយ​តប​របស់​ប្រទេស​អង់គ្លេស​ចំពោះ​វិបត្តិ​ជន​ទេសន្តរប្រវេសន៍​ក្នុង​ទ្វីប​អឺរ៉ុប កាលពីថ្ងទិ៧ ខែកញ្ញា ឆ្នាំ២០១៥។

ប្រទេស​បារាំង​និង​ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​យល់​ព្រម​ទទួល​យក​ជន​ភៀសខ្លួន​រាប់ម៉ឺន​នាក់​ពី​ភូមិភាគ​មជ្ឈឹម​បូព៌ា​ដែល​ខ្ទិចខ្ទាំ​ដោយសារ​សង្គ្រាម​ ក៏ប៉ុន្តែ​តួលេខ​នៃ​ជន​ភៀសខ្លួន​ដែល​ប្រទេស​ទាំង​ពីរ​នេះ​បាន​យល់​ព្រម​យក​នោះ​មាន​តិច​ជាង​ចំនួន​ក្រុម​ជន​ចំណាក​ស្រុក​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេ​ស​អាល្លឺម៉ង់​ដើម្បី​កសាង​ជីវភាព​ថ្មី។

លោក​ប្រធានាធិបតី​បារាំង​ Francois Hollande ​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​លោក​នឹង​ទទួល​ជន​ភៀសខ្លួន​២៤.០០០​នាក់​ក្នុង​រយៈពេល​២ឆ្នាំ​ខាង​មុខ ចំណែក​ឯលោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ David Cameron ​បាន​មាន​ប្រសាសន៍​ថា​ ជន​ភៀសខ្លួន​ស៊ីរី​២០.០០០នាក់​មក​ពី​ជំរំ​ក្នុងប្រទេស​តួកគី​ ហ្សកដានី​ និង​ប្រទេស​ស៊ីរី​នឹង​មក​តាំង​លំនៅដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស​ក្នុងរយៈពេល​៥ឆ្នាំ​ខាង​មុខ។លោក ​Cameron​ បាន​និយាយ​ថា​ ពួក​កុមារ​និង​ពួក​ក្មេងៗ​កំព្រា​ដែល​ងាយ​ធ្វើឱ្យ​ឈឺចាប់​នឹង​មាន​អាទិភាព​ជាង​ជន​ឯទៀតៗ។​

ទ្វីប​អឺរ៉ុប​បាន​តស៊ូ​ដោះស្រាយ​វិបត្តិ​ជន​ចំណាកស្រុក​ធំបំផុត​ក្នុង​ទ្វីប​នេះ​ ចាប់តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​មក​ដោយ​ប្រទេស​ហុងគ្រី នៅ​ជួរ​មុខ​ក្នុង​ការ​ខិតខំ​រារាំង​ពួក​ជន​ទេសន្តរប្រវេសន៍​ទាំង​នេះ​កុំ​ឱ្យ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​និង​បណ្តារ​ប្រទេស​ក្នុង​តំបន់​ស្កែនឌីណាវ​ (Scandinavia)​ ដែល​មាន​ធនធាន​ច្រើន​ជាង​ខ្លួន។ទោះជា​យ៉ាង​នេះ​ក៏​ដោយ ​ក៏​ជនភៀសខ្លួន​រាប់​ពាន់​នាក់​បាន​ចូល​ទៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ដែល​នៅទី​នោះ ​អាជ្ញាធរ​និង​ពួក​អ្នកស្រុក​ក្នុង​មូលដ្ឋាន​បាន​ស្វាគមន៍​ពួក​គេ​ដោយ​បាន​ផ្តល់​ម្ហូបអាហារ ទឹក​និង​ល្បែង​ក្មេងលេង​សម្រាប់​ក្រុម​កុមារ​ផងដែរ។​

អាជ្ញាធរ​អាល្លឺម៉ង់​បាននិយាយ​ថា ​ជន​ភៀសខ្លួន​៨សែន​នាក់​ដែល​ស្វះស្វែង​រត់​គេច​ខ្លួន​ចេញពី​សង្គ្រាម​និង​ភាព​ទីទាល់ក្រ​នៅ​ក្នុង​ប្រទេស​ពួក​គេ​អាច​តាំង​លំនៅដ្ឋាន​នៅ​ក្នុង​ប្រទេស​អាល្លឺមង់​បាន​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ។​

លោកស្រី​អធិការបតី​អាល្លឺម៉ង់​ Angela Merkel បានប្រកាស​ថា៖​ «ប្រទេស​អាល្លឺម៉ង់​បាន​ក្លាយ​ទៅជា​ប្រទេស​មួយ​ដែល​មនុស្ស​ច្រើន​នាក់​នៅ​ឯប្រទេស​ក្រៅ ភ្ជាប់​ជាមួយ​សេចក្តី​សង្ឃឹម»៕