បារាំង​បំពាក់​មេដាយ​កិត្តិយស​ដល់​បុរស​ដែល​ទប់ស្កាត់​ «ការ​សម្លាប់​រង្គាល» ដោយ​ខ្មាន់​កាំភ្លើង​ម្នាក់​នៅ​លើ​រថភ្លើង

  • VOA Khmer

(ពីស្តាំទៅឆ្វេង) បុរស​បី​នាក់​ដែល​បាន​ជួយ​ទប់ស្កាត់​ខ្មាន់​កាំភ្លើង​ម្នាក់​ លើ​រថភ្លើង​ពី​ទី​ក្រុង​ Amsterdam​ ទៅ​ប្រទេស​បារាំង​គឺ​លោក​Anthony​ Sadler​ មក​ពី​ទី​ក្រុង​Pittsburg​ រដ្ឋ​California​ លោក​Aleck​ Sharlatos​ មក​ពី​ទី​ក្រុង​Roseburg​ រដ្ឋ​Oregon​ លោក​Chris​ Norman​ បុរស​ជន​ជាតិ​អង់គ្លេស​ដែល​រស់​នៅ​ក្នុង​ប្រទេស​បារាំង​ បាន​បង្ហោះ​រូប​ភាព​ជា​មួយ​មេដាយ​ដែល​ពួកគេ​បាន​ទទួល។

នៅថ្ងៃ​ច័ន្ទ​នេះ លោក​ Francois Hollande ​ប្រធានាធិបតី​បារាំង​ប្រគល់​មេដាយ​កិត្តិយស​ឲ្យ​ពលរដ្ឋ​អង់គ្លេសម្នាក់​និង​ពលរដ្ឋ​អាមេរិកាំង​៣នាក់​ ដែល​បានទប់ស្កាត់​ជន​ប្រដាប់​អាវុធម្នាក់​នៅលើ​រថភ្លើង​ល្បឿនលឿន​កាលពី​ថ្ងៃ​សុក្រ។

នៅក្នុង​ពិធីនៅ​ទីក្រុងប៉ារីស​នេះ ​លោក ​Francois Hollande​ បាន​បំពាក់មេដាយ​លើទ្រូង​របស់​លោក​ Chris Norman ជនជាតិ​អង់គ្លេស​និង​លោក Spencer Stone ​ លោក Alek Skarlatos​ និង ​លោក Anthony Sadler ​ពលរដ្ឋ​អាមេរិកាំង។ លោក​ប្រធានាធិបតី​បារាំង​និយាយ​ថា​ សកម្មភាព​របស់​អ្នកទាំងបួន​ប្រឆាំង​នឹង​ភេវកម្មកាលពី​ចុងសប្តាហ៍​នេះ​គឺជា​សារ​បង្ហាញការ​លើកទឹកចិត្ត សាមគ្គីភាព និង​ក្តីសង្ឃឹម។

លោក​ប្រធានាធិបតី​បារាំង​ Francois Hollande ​និយាយថា​ ភេរវករ​បាន​សម្រេច​ចិត្តធ្វើសកម្មភាព​សម្លាប់រង្គាល​យ៉ាង​ពិតប្រាកដ។ ភេរវករនេះមាន​អាវុធ ​និង​ជាតិផ្ទុះ​គ្រប់គ្រាន់​ធ្វើការវាយ​ប្រហារ​ដ៏គ្រោះ​ថ្នាក់។

បើ​មិន​មានអ្នកប្រថុយជីវិត​ដើម្បី​ទប់ស្កាត់​ទេ​ នោះ​ភេរវករ​នេះនឹង​បង្កឲ្យមាន​ការសម្លាប់​រង្គាល​យ៉ាង​ពិតប្រាកដ។ លោក​ប្រធានាធិបតី​ Francois Hollande ក៏បានផ្តល់​កិត្តិយស​ដល់​ជនជាតិ​បារាំង​ម្នាក់​ដែលបាន​ឃើញជន​ប្រដាប់​អាវុធមុន​គេនៅ​ជិតបន្ទប់​ទឹកនៅលើ​រថភ្លើង​ដែលបើក​យ៉ាង​លឿនទៅ​កាន់ទីក្រុង​ប៉ារីស៕