បារាំង​និង​រុស្ស៊ី​យល់ព្រម​ចែក​ព័ត៌មាន​សម្ងាត់​អំពី​ក្រុម​រដ្ឋ​ឥស្លាម​ឲ្យ​គ្នា​ទៅវិញ​ទៅមក

លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin​ និង​លោក​ប្រធានាធិបតី​បារាំង Francois Hollande ចូលរួម​សន្និសីទ​កាសែត​បន្ទាប់​ពី​ជំនួប​មួយ​នៅ​វិមាន​ក្រឹមឡាំង ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

ប្រធានាធិបតី​បារាំង លោក Francois Hollande និយាយ​ថា រូប​លោក​ និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​ព្រមព្រៀង​គ្នា ក្នុង​ការ​ផ្តល់​ឲ្យ​គ្នា​ទៅវិញ​ទៅមក នូវ​ព័ត៌មាន​សម្ងាត់​អំពី​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម និង​ក្រុម​ជ្រុល​និយម​ដទៃ​ទៀត ក្នុង​ប្រទេស​ស៊ីរី ដើម្បី​បង្កើន​ប្រសិទ្ធិភាព​នៃ​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​របស់ប្រទេស​ទាំង​ពីរ​ ឲ្យ​ដល់​កម្រិត​អតិបរមា។

លោក Hollande បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​មួយ​ បន្ទាប់​ពី​មេដឹកនាំ​ទាំង​ពីរ បាន​ជួបគ្នា​ក្នុង​ទីក្រុង​មូស្គូកាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ទាំង​ពីរ​គឺ​ បារាំង​ និង​រុស្ស៊ី​នឹង​ផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​អំពី​ការ​ដែល​ថា​តើ​នរណា​ដែល​ត្រូវ​វាយ ហើយ​នរណា​ដែល​មិន​ត្រូវ​វាយ​ប្រហារ។

លោក Hollande បាន​បន្ថែម​ថា «អ្វី​ដែល​ប្រទេស​ទាំងពីរ​ព្រមព្រៀង​គ្នា​នេះ​មានសារៈ​សំខាន់​ ពោល​គឺ​ត្រូវ​វាយ​តែ​ទៅ​លើ​ក្រុម​ភេរវករ​ដូច​ជា​ក្រុម​រដ្ឋ​ឥស្លាម​ ឬ​ ISIS ប៉ុណ្ណោះ គឺ​មិន​មែន​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​នោះ​ទេ»។

លោក​ប្រធានាធិបតី​រុស្ស៊ី លោក Putin និយាយ​ថា ប្រទេសរុស្ស៊ី​បើក​ចំហរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទូលំទូលាយ​ជាង​នេះ​ទៀត​ជាមួយ​ប្រទេស​បារាំង​ និង​សហរដ្ឋ​អាមេរិក​នៅក្នុង​ការ​កំណត់​គោល​ដៅ​ក្រុម ISIS៕​