រយៈ​ពេលនៃ​​​កិច្ច​ឈប់​បាញ់​គ្នា​ត្រូវ​បាន​បន្ថែម​​នៅ​ក្នុង​ក្រុង​ Aleppo ដែល​ខ្ទេច​ខ្ទាំ

រូបឯកសារ៖ រូបភាព​ដែល​ចេញ​ផ្សាយ​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​ Qasion របស់​ក្រុម​ប្រឆាំង​ស៊ីរី បង្ហាញ​ពី​លទ្ធផល​នៃ​ការ​វាយប្រហារ​ដោយ​យន្តហោះ នៅ​ក្នុង​ក្រុង​ Aleppo ប្រទេស​ស៊ីរី។​

ការ​ពន្យា​ពេល​កិច្ច​ឈប់​បាញ់​គ្នា​៧២​ម៉ោង​នៅ​ក្នុង​ក្រុង​ Aleppo ​បាន​ផ្តល់ការ​ធូរ​ចិត្ត​ខ្លះ​ដល់​ពួក​អ្នកស្រុក​ក្រុង​នេះ​ ដែល​ឋិត​នៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃប្រទេស​ស៊ីរី។

ក្រុម​គ្រួសារ​ដែល​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​បាន​វិល​ត្រឡប់​មក​កាន់​ផ្ទះ​ពួក​គេវិញ​ សាលារៀន​បាន​ត្រូវ​បើក​ជា​ថ្មី​ ហើយ​ពួក​អ្នកលក់​ដូរ​ទំនិញ​បាន​ធ្វើ​សកម្មភាព​ខ្លះ​ជាថ្មី​ឡើង​វិញ ​នៅ​ពេល​ដែល​កិច្ច​ឈប់​បាញ់​គ្នា​នេះ​បាន​ចូល​ជា​ធរមាន​កាល​ពី​ព្រឹកថ្ងៃ​សៅរ៍។​

បើ​តាម​អង្គការ​ឃ្លាំ​មើល​ប្រទេស​ស៊ីរី​ផ្នែក​សិទ្ធិមនុស្ស​ (Syrian Observatory for Human Rights) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​ឲ្យ​ដឹង​ថាមាន​ការ​ប្រយុទ្ធ​គ្នា​ច្រើន​ថ្ងៃ​មក​ហើយ​ក្នុង​ក្រុងនេះ​ដែល​បាន​បណ្តាល​ឱ្យ​ជន​ស៊ីវិល​ជិត​៣០០នាក់​ស្លាប់​ដោយ​មាន​រួម​បញ្ចូល​ទាំង​កុមារ​៥៧​នាក់​ផង​ដែរ។

ស.រ.អា.​បាន​ស្វាគមន៍​ដល់​ការ​ពន្យា​ពេល​នៃ​ការ​បញ្ឈប់​អរិភាព​នៅ​ក្នុង​ក្រុង​ Aleppo ​ក៏​ប៉ុន្តែ​ នៅ​តែ​បន្ត​ស្វះស្វែង​ឱ្យ​មាន​លទ្ធផល​ធំ​ជាង​មុន។

លោក ​John Kirby​ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ស.រ.អា.​បាន​និយាយ​ថា​គោល​ដៅ​របស់​ស.រ.អា.​គឺ​ធ្វើ​ឱ្យ​ទៅ​ដល់​ចំណុច​មួយ​ដែល​នៅ​ទីនោះ​«យើង​មិន​ចាំ​បាច់​រាប់​ម៉ោង​ទៀត​ទេ​ ហើយ​ការ​បញ្ឈប់​អរិភាព​ត្រូវ​គោរព​លេញ​លេញនៅ ទូទាំង​ប្រទេស​ស៊ីរី»។

សេចក្តី​ថ្លែង​ការណ៍​របស់​លោក Kirby ​មាន​ឡើង​នៅ​ក្រោយ​ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍មួយ​បញ្ជាក់​អំពី​ការ​ពន្យា​ពេល​កិច្ច​ឈប់​បាញ់​គ្នា​នេះ៕