លោក​ហង់ ជួនណារ៉ុន៖ ការ​រឹត​បន្តឹង​ពេល​ប្រឡង​និង​កំណែ​ទម្រង់​អប់រំ​នៅ​បន្ត

រូប​ឯកសារ៖ លោក​​ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អបរំ​​ត្រួតពិនិត្យ​វិញ្ញាសារ​នៃការប្រលង​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែសីហា ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)

ក្នុង​ឆ្នាំ​ដំបូង​ដែល​មាន​កំណែទម្រង់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ត្រូវ​បាន​ចាប់​ផ្តើម​អនុវត្ត​ដោយ​លោក​ ហង់ ជួន ណារ៉ុន​ ​មាន​អត្រា​សិស្ស​ប្រឡង​ធ្លាក់​រហូត​ដល់​៧០​ភាគរយ​នៃ​ចំនួន​សរុប​នៃ​សិស្ស​ថ្នាក់​ទី​១២ទាំងអស់។​

ស្ថិត​ក្រោម​ម្លប់​ដើមឈើ​យ៉ាង​ត្រឈឹង​ត្រឈៃ​ក្នុង​បរិវេណ​ដ៏​ចំណាស់​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ សារឿន សុធារដ្ឋ​ ​កំពុង​អង្គុយ​ ​សញ្ជប់សញ្ជឹង​ ​ស្វះស្វែង​រក​ភាព​ច្នៃ​ប្រឌិត​ ​សម្រាប់​ធ្វើ​កិច្ចការ​សាលា​របស់​ខ្លួន។​

សុធារដ្ឋ​ ​គឺ​ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​រាប់ពាន់​នាក់​ដែល​ពុំ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​លើកទី១​នៃ​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់ឌុប​ទេ ​បន្ទាប់​ពី​ក្រសួង​បាន​អនុវត្ត​ការ​រឹត​បន្តឹង​នានា​រួម​ទាំង​លុបបំបាត់​ការ​លួច​ចម្លង​ជាដើម។​

ក្នុង​ឆ្នាំ​ដំបូង​ដែល​មាន​កំណែទម្រង់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ត្រូវ​បាន​ចាប់​ផ្តើម​អនុវត្ត​ដោយ​លោក​ ហង់ ជួន ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​មាន​អត្រា​សិស្ស​ប្រឡង​ធ្លាក់​រហូត​ដល់​៧០​ភាគរយ​នៃ​ចំនួន​សរុប​នៃ​សិស្ស​ថ្នាក់​ទី​១២ទាំងអស់។​ មុន​មាន​កំណែ​ទម្រង់​នេះ​ ​សិស្ស​ស្ទើរ​តែ​ទាំងអស់​ ​អាច​លួច​ចម្លង​ សូក​សំណូក​មេប្រយោគ​ជាដើម​ ដែល​មាន​សិស្ស​ពី​ឆ្នាំ​កន្លងៗ​ទៅ​បាន​ធ្វើ​ដើម្បី​ជាប់​សញ្ញាប័ត្រ​នេះ។​

លោក​ ហង់ ជួន ណារ៉ុន​ បាន​អះ​អាង​ថា​ «អ្នក​ចេះ​ ទើប​ជាប់»។​ ក្នុង​ឆ្នាំ​ដដែល​នោះ​ក្រសួង​បាន​បង្កើត​ការ​ប្រឡង​លើក​ទីពីរ​ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្ស​ដែល​ប្រឡង​ធ្លាក់។​

សុធារដ្ឋ​និយាយ​ថា៖​ «ពេល​ហ្នុង​ខ្ញុំ​គិត​ថា​គេ​និយាយ​ចោល។ គេ​ធ្វើ​អីចឹង​ល្អ​តែ​គ្រាន់​វា​រាង​លឿន​ពេក។​ អត់មាន​អ្នកណា​គេ​គិត​ថា ​វា​អីចឹង​ពេក​ ពេល​ខ្ញុំ​ធ្លាក់​ភ្លាម​ ​ខ្ញុំ​ដូច​ស្តាយ ​ស្តាយ​ក្រោយអីចឹង។ ​ពីព្រោះ​ខ្ញុំ​រំពឹង​ខ្ញុំ​ជាប់​ ​ដល់​ពេល​ចេញ​លទ្ធផល​មក​ខ្ញុំ​ធ្លាក់។ ​របៀប​ថា​ខ្ញុំ​ក៏​ជា​សិស្ស​ពូកែ​ដែរ»។​

ក្រុម​បេក្ខជន​ប្រឡង​បាក់ឌុប​ សម្តែងការ​រីករាយ​ពេលចេញ​ពី​ប្រឡងនៅថ្ងៃ​ចុងក្រោយ​នៃ​ការ​រប្រឡង ​នៅ​វិទ្យាល័យ​ព្រះ​យុគន្ធរ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​ ២២​ ខែ​សីហា​ ឆ្នាំ ២០១៧​។ (រិទ្ធី​ គីមហេង​/ VOA)

យើង​មើល​ឃើញ​ថា​ លទ្ធផល​នៃ​ការ​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់​ ក្រោយ​ពី​មាន​កំណែទម្រង់​អស់​រយៈ​កាល​កន្លង​ទៅ។​ ការ​អនុវត្ត​របស់ លោក​ ហង់ ជួន ណារ៉ុន ​មើល​ទៅ​ហាក់​ដូចជា​ទទួល​បាន​ជោគជ័យ​ គឺ​នៅ​ឆ្នាំ​ចុង​ក្រោយ​នេះ​ អត្រា​សិស្ស​ជាប់​សឹងតែ​ពីរ​ភាគ​បី​នៃ​បេក្ខជន​ទាំងអស់។​

បើ​ទោះបី​ជា​មាន​មតិ​វិជ្ជមាន​ពី​ក្រសួង​ក៏​ដោយ​ លោក រ៉ុង ឈុន ​ដែល​សព្វថ្ងៃ​នេះ​ជា​ ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ឱ្យ​ដឹង​ថា​ ​ការ​រឹតបន្តឹង​ការ​ប្រឡង​មិន​អាច​ឆ្លុះ​បង្ហាញ​ពី​គុណភាព​វិស័យ​អប់រំ​បាន​នោះ​ទេ។​

លោក​បន្ត​ថា៖​ «សិស្សានុសិស្ស​ឥឡូវ​ហ្នឹង​ឱ្យតែថា​ ​គេ​មិន​ឱ្យ​មើល​ប៉្រុយយុង​[សំណើ​ឯកសារ]​មិន​ឱ្យ​ចម្លង​គ្នា​ថា​ការ​រឹត​បន្តឹង»។

លោក​បាន​ពន្យល់​លម្អិត​បន្ថែម​ទៀត​ថា៖​ «ប៉ុន្តែ​ដូច​កាល​សម័យ​ខ្ញុំ​អីចឹង​ការ​ប្រឡង​តឹង​ធូរ​គេ​សំដៅ​ទៅ​លើ​ប្រធាន​វិញ្ញាសា​តែ​វិញ្ញាសា​ឥឡូវ​ហ្នឹង​គេ​ងាយ​ឱ្យ​សិស្ស​ជាប់។​ ពីព្រោះ​គណិតវិទ្យា​ក្តី វា​មិនមែន​ប្រធាន​ដែល​ប្រទាក់​ក្រឡា​គ្នា។​ ប្រធាន​ភាគច្រើន​ដាច់ៗ​ពី​គ្នា»។​

លោក​ ឌី ខាំបូលី​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និយាយ​ថា៖​ «ប្រជាជន​កម្ពុជា​គួរ​ផ្តោត​លើ​ចំណុច​វិជ្ជមាន​នៃ​កំណែ​ទម្រង់​នេះ។​ ការណ៍​ដែល​មាន​ចំនួន​សិស្ស​ជាប់​ពិន្ទុ​ខ្ពស់ៗ​កាន់​តែ​ច្រើន​ឡើងៗ​ជាង​ឆ្នាំ​មុនៗ​ បាន​ឆ្លុះ​បញ្ចាំង​ពី​ ​«ការ​កើន​ឡើង​នៃ​ ​គុណភាព​វិស័យ​អប់រំ​ ​ដូចជា​ការ​រៀន​ ​និង​ការ​បង្រៀន»។​

មុន​ការ​ដាក់​ចេញ​កំណែទម្រង់​ថ្មី​នេះ​ ​មាន​សិស្ស​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ទទួល​បាន​និទ្ទេស A​ ហើយ​សិស្ស​និទ្ទេស A ​ទាំង​តែងតែ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ផ្តល់​រង្វាន់​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ។​ នា​ពេល​ថ្មី​នេះ​អ្នក​ដែល​ប្រឡង​ជាប់​និទ្ទេស A​ បាន​កើន​ឡើង​យ៉ាង​ច្រើន​ ​ហើយ​កាល​ពី​សម័យ​ប្រឡង​បាក់ឌុប​ឆ្នាំ២០១៧​ចំនួន​សិស្ស​និទ្ទេស A ​សរុប​មាន​ដល់​៤០០នាក់​។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ក្រសួង​បាន​អះអាង​ថា​ ​ខ្លួន​មិនបាន​បន្ធូរបន្ថយ​ប្រធាន​វិញ្ញាសា​ប្រឡង​ដើម្បី​ធ្វើ​ឱ្យ​សិស្ស​ងាយ​ស្រួល​ក្នុង​ការ​ប្រឡង​ជាប់​នោះ​ទេ។​

លោក​រដ្ឋមន្ត្រី​បាន​និយាយ​ថា៖​«ដើម្បី​ធានា​បាន​នៅ​ការ​ប្រឡង​មួយ​ដែល​មាន​គុណភាព​ខ្ពស់​ ​យើងបាន​រៀប​ចំ​ជា​ស្តង់ដា​ប្រធាន​វិញ្ញាសា»។​

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា៖ ​«ហើយ​ស្តង់ដា​ប្រធាន​វិញ្ញាសា​នេះ​គឺ​ទៅ​តាម​គេ​ហៅ​ថា​កម្រិត​នៃ​ការ​គិត​ កម្រិត​នៃ​ចំណេះ​ដឹង​ មាន​ន័យ​ថា​ តើ​ប្រធាន​វិញ្ញាសា​អី​ដែល​ទាមទារ​ត្រឹម​តែ​ការ​ចងចាំ​ទន្ទេញចាំមាត់​ ​ប្រធាន​វិញ្ញាសា​អី​គឺ​ត្រូវ​ទាមទារ​មិន​ត្រឹម​ទន្ទេញ​ចាំ​មាត់​ទេ​ ​ប៉ុន្តែ​ត្រូវ​យល់។​ ប្រធាន​វិញ្ញាសា​អី​មិន​ត្រឹមតែ​យល់​ទេ​ គឺ​ត្រូវ​ចេះ​អនុវត្ត​បន្ថែម​ទៀត ​ចេះ​វិភាគ ​ចេះ​បង្កើត​ថ្មី ​ទៅ​តាម​កម្រិត​នៃ​ចំណេះ​ដឹង​នៃ​ប្រធាន​វិញ្ញាសា​នោះ។​ ដូច្នេះ​គឺ​យើង​រៀបចំ​យ៉ាង​ហ្មត់ចត់​នូវ​ប្រធាន​វិញ្ញាសា​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា​យើង​មិន​បន្ធូរ​ទេ​នៅ​ប្រធាន​វិញ្ញាសា​នោះ​ទេ»។​

ឈរ​ រតនៈទេពី​ សព្វ​ថ្ងៃ​ជា​និស្សិត​ទើបតែ​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​សិក្សា​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញ​បាន​សរសេរ​ប្រាប់​ ​VOA ​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​កាលពី​សម័យ​កំណែ​ទម្រង់​ដំបូង​ តាម​សារ​អេឡិចត្រូនិក​ថា៖

«កាលពី​ឆ្នាំ២០១៤​ ​វិញ្ញាសា​ប្រឡង​មាន​ដូច​ជា​ការ​ចងចាំ​ដែល​ផ្អែក​លើ​ការ​គិត។​ ប៉ុន្តែ​ប្រធាន​វិញ្ញាសា​នៅ​ខ្វះ​កម្រិត​ស្តង់ដា​រួម​មួយ​ត្រង់ថា​ ​គ្រូ​នីមួយៗ​តែង​មាន​របៀប​ប្រើ​ពាក្យ​ឬ ​ការ​តាក់តែង​ពាក្យ​លំហាត់​ផ្សេងៗ​ពី​គ្នា​ហើយ​កត្តា​នេះ​អាច​ប៉ះពាល់​ដល់​ការ​យល់​ដឹង​របស់​សិស្ស​ចំពោះ​លំហាត់​តែ​មួយ»។

នាង​បន្ត​ថា៖ «ជា​បន្ថែម​ខ្ញុំ​គិត​ថា​ ប្រធាន​វិញ្ញាសា​ប្រឡង​គួរ​រួម​បញ្ចូល​បន្តិច​ម្តងៗ​នូវ​ការ​គិត​បែប​ស៊ី​ជម្រៅ​ក្នុង​គោលបំណង​បង្កើន​ឲ្យ​បាន​កាន់​តែ​ច្រើន​នូវ​ការ​បំប៉ន​ដល់​ការអប់រំ​និង​ចំណេះដឹង​របស់​សិស្ស។​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​គិត​ថា​រាល់​ប្រធាន​វិញ្ញាសា​ប្រឡង​ទាំងអស់​គួរ​តែ​អាច​ឲ្យ​សិស្ស​គិត​ទៅ​រក​ចំណេះដឹង​ដែល​ខ្លួន​ធ្លាប់​បាន​រៀន​ក្នុង​ថ្នាក់»។​

បើ​យោង​តាម​ សៀ​ វុត្ថា​ ដែល​បច្ចុប្បន្ន​ជា​សិស្ស​ឆ្នាំ​ទី​បួន​ផ្នែក​ភាសា​អង់គ្លេស​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា​ វិធីសាស្ត្រ​កំណែ​ទម្រង់​នេះ​មាន​លក្ខណៈ​លឿន​ពេក។

គាត់​និយាយ​ថា៖​ «​ចង់​និយាយ​ថា ​បើ​គាត់​ដូរ ​គាត់​ដូរ​ពី​ក្រោម​មក។​ បើ​នៅ​ពេល​ហ្នឹង វា​រាង​៩០​ដឺក្រេ​ពេក​ពីព្រោះ​អី​ ចង់​និយាយ​ថា​ គាត់​អត់​ព្រម​កែ curriculum [កម្មវិធី​សិក្សា] សិន ហើយ​ចាំ​កែ​ការ​ប្រឡង​ហ្នឹង​ក្រោយ។ តែ​នេះ​គាត់​កែ​ប្រឡង​ហ្នឹង​ហ្មង ​អីចឹង​វា​អត់​សូវ​ស្តង់ដារ‍»។

កត្តា​មួយ​ដែល​ជំរុញ​ឱ្យ​មាន​ការ​សូក​ប៉ាន់​ ​និង​ការ​លួច​បន្លំ​នា​សម័យ​មុនៗ​គឺ​អាច​ ​មក​ពី​គ្រូ​បង្រៀន​ពុំ​ទទួល​បាន​ប្រាក់​បៀវត្ស​គ្រប់គ្រាន់។ គឺ​គ្រូ​ត្រូវ​បង្ខំ​បើក​ថ្នាក់​បង្រៀន​គួរ​ ​ហើយ​ផ្តល់​ចម្លើយ​មុន​ពេល​ប្រឡង​ក្នុង​ថ្នាក់​ដើម្បី​រកលុយ​ផ្គត់ផ្គង់​គ្រួសារ។​

ដោយហេតុ​ថា ​គ្រូបង្រៀន​ទទួល​បាន​កម្រៃ​តិច​ពេក​ពី​ប្រាក់​បៀវត្ស​ខ្លួន​ ​ពួក​គេ​ពុំ​គិត​ថា​អាជីព​ខ្លួន​ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​អាទិភាព​នោះ​ទេ​ ហើយ​ប្រាក់​ខែ​របស់​គ្រូ​ពុំ​អាច​ទប់ទល់​នឹង​ការ​កើន​ឡើង​នៃ​អតិផរណា​បាន​ទេ។​

លោក​ រ៉ុង ឈុន​ ក៏​មាន​ប្រសាសន៍​បន្ថែម​ថា៖​ «ប្រាក់ខែ​របស់​គាត់​ហ្នឹង​វា​តិចតួច​ ដូច​ឥឡូវ​ហ្នឹង ​ក្រសួង​អប់រំ​និង​រដ្ឋាភិបាល​គេ​ថា​ គ្រូបង្រៀន​ឥឡូវ​ប្រាក់​ខែ​ជាង​៣០០ជា​មធ្យម។ ​រឿង​អី​ដែល​នៅ​ធ្វើ​អីចឹង​ទៀត​ តែ​គុយទាវ​មួយ​ចាន​ប៉ុន្មាន?​ យើង​ត្រូវ​មើល​អាហ្នឹង។​ ​ជាង​៣០០​ ទឹក​សុទ្ធ​មួយ​ដប​ប៉ុន្មាន​ ​សាំង​មួយ​លីត្រ​ប៉ុន្មាន។​ អីចឹង​បាន​គេ​ប្រើ​ពាក្យ​មួយ​ថា​ គ្រូបង្រៀន​នៅ​តែ​ប្រាក់​ខែ​ជាង​មួយ​ជី​រហូត‍»។​

បើ​យោង​តាម​របាយការណ៍​ឆ្នាំ២០១៨​ ​របស់​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​មានឈ្មោះ​ថា​ ​«Growing Smarter Learning and Equitable Development in East Asia and Pacific»​ គ្រូបង្រៀន​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់ខែ​តិច​ហើយ​តែងតែ​យឺតយ៉ាវ​ ​ហើយ​កត្តា​នេះ​ជំរុញ​ឲ្យ​មាន​ការ​បើក​បង្រៀន​គួរ​ក្រៅ​ម៉ោង​ដើម្បី​រក​ប្រាក់​បន្ថែម​សម្រាប់​ផ្តត់​ផ្គង់​ជីវភាព។​

តែ​ទោះបី​ជា​មាន​លទ្ធផល​បែប​នេះ​ក៏ដោយ​ ​ការ​ស្ទង់​មតិ​មួយ​បន្ទាប់​ពី​ការ​ដាក់​ចេញ​កំណែ​ទម្រង់​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មូលនិធិ​អាស៊ី​លើ​ប្រធានបទ​ ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ២០១៤​ ​បាន​បង្ហាញ​ថា​មាន​មតិ​ភាគ​ច្រើន​គាំទ្រ​ការ​កែ​ប្រែ​នេះ​ដែល​ក្នុង​នោះ​មាន​ទៅ​ដល់​៩៦​ភាគរយ​នៃ​ចំនួន​៥០០​នាក់​នៃ​អ្នក​ផ្តល់​មតិ​ទាំងអស់​ ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ក្នុង​ការ​បង្កើន​ការ​រឹង​បន្តឹង​ការ​ប្រឡង​នេះ។​

វុត្ថា​ ​និស្សិត​ភាសា​អង់គ្លេស​មួយ​រូប​នេះ​ ​យល់​ឃើញ​ថា​ប្រសិទ្ធភាព​នៃ​កំណែទម្រង់​នេះ​នៅ​មិនទាន់​អាច​ជឿជាក់​នៅឡើយ។​

គាត់​ពុំបាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​កំណែ​ទម្រង់​នេះ​ទេ​ ​ដោយ​យល់​ឃើញ​ថា​ ចលនា​ការអប់រំ​ដទៃ​ជាច្រើន​ទៀត​ដូចជា គុណភាព​ ការ​បង្រៀន​ បរិក្ខារ​សិក្សា​ ​និង​កម្មវិធី​សិក្សា​នៅ​មាន​កម្រិត​នៅឡើយ៕