ការ​ពិភាក្សា​បួន​ភាគី​មាន​បំណង​ជួយ​ដល់​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន

កសិករ​ម្នាក់​ប្រមូល​កសិផល​នៅ​តំបន់​ Dnipropetrovsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៤ ខែកក្កដា​ ឆ្នាំ២០២២។

មន្ត្រី​រុស្ស៊ី ​អ៊ុយក្រែន ​តួកគី​ និង​អង្គការ​សហ​ប្រជាជាតិ​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃពុធ​នេះ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ត​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​អ៊ុយក្រែន។​

ការ​លុកលុយ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បាន​រារាំង​ការ​នាំ​ចេញ​របស់​អ៊ុយក្រែន ​ ហើយ​វា​ដំឡើង​តម្លៃ​គ្រាប់​ធញ្ញជាតិ ​ប្រេងឆា ​ប្រេងឥន្ធនៈ ​និង​ជី​ជា​សកល។ ​ប្រទេស​តួកគី​ និង​អង្គការ​សហ​ប្រជាជាតិ​បាន​និង​កំពុង​ធ្វើការ​សម្រប​សម្រួល​កិច្ច​ព្រមព្រៀង​កាត់​បន្ថយ​វិបត្តិ​នេះ។​

រុស្ស៊ី​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​កប៉ាល់​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​នាំ​សព្វាវុធ​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន ​ហើយ​បាន​អំពាវនាវ​ឲ្យ​ឆែក​កប៉ាល់។​ អ៊ុយក្រែន​បាន​និយាយ​ថា ​កិច្ច​ព្រមព្រៀង​មិន​អាច​គំរាម​កំហែង​ដល់​សន្តិសុខ​នៃ​ទឹកដី​របស់​ខ្លួន​តាម​បណ្តោយ​សមុទ្រ​ខ្មៅ​នោះ​ទេ។​

ក្រសួង​ការពារជាតិ​ចក្រភព​អង់គ្លេស​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ខ្លួន​រំពឹង​ថា​កង​កម្លាំង​រុស្ស៊ី​នឹង​ផ្តោត​លើការ​ដណ្តើម​យក​ទីក្រុង​តូចៗ​នៅ​ជិត​ទីក្រុង ​Slovyansk ​និង ​Kramatorsk​ ខណៈ​រុស្ស៊ី​ព្យាយាម​ដណ្តើម​កាន់កាប់​តំបន់​ Donbas ​ភាគ​ខាងកើត។ ​ក្រសួង​នេះ​បាន​និយាយ​ថា ​«តំបន់​ជាយ​ក្រុង​Slovyansk ​និង​ Kramatorsk​ ទំនង​ជា​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ប្រតិបត្តិ​ការ​នេះ»។​

ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ពេល​យប់​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ថា ​«ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​មិន​ឈប់​ឈរ​សូម្បី​មួយ​ថ្ងៃ។​ នៅ​ Donbas ​ការ​ប៉ុនប៉ង​វាយ​លុក​មិន​ឈប់​ទេ ​ស្ថានភាព​នៅ​ទីនោះ​មិន​ធូរស្រាល​ទេ​ ហើយ​ការ​ខាតបង់​ក៏​មិន​ថយដែរ។ ​យើង​ត្រូវតែ​ចងចាំ​រឿង​នេះ។​ យើង​ត្រូវ​តែ​មើល​ឃើញ​និង​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​នេះ»។​

អ៊ុយក្រែន​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ទាហាន​រុស្ស៊ី​៥២​ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ​លើ​ទីតាំង​គ្រាប់​រំសេវ​នៅភាគ​ខាង​ត្បូង​អ៊ុយក្រែន។​ រដ្ឋាភិបាល​ទីក្រុង​មូស្គូ​បាន​បដិសេធ​ការ​អះអាង​នេះ ​ដោយ​និយាយ​ថា​ ជន​ស៊ីវិល​៧​នាក់​ត្រូវ​បាន​សម្លាប់។ ​រដ្ឋាភិបាល​ក្រុង​កៀវ​ បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​នៅ​ទីក្រុង ​Nova Kakhovka ​ក្នុង​តំបន់ ​Kherson​ បាន​កើត​ឡើង​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​បាន​ផ្តល់​ប្រព័ន្ធ​កាំភ្លើង​ធំ​ចល័ត​ HIMARS ​កម្រិត​ខ្ពស់​ឱ្យ​អ៊ុយក្រែន​ដែល​អ៊ុយក្រែន​ថា​ មាន​ភាព​ជាក់លាក់​ក្នុង​ការវាយ​ប្រហារ​ចំ​គោលដៅ។​

រុស្ស៊ី​និង​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​សម្លាប់​ជន​ស៊ីវិល​ដោយ​មិន​រើសមុខ​ក្នុង​សង្រ្គាម។ ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ ជនស៊ីវិល​ចំនួន​៥0២៤​នាក់​ត្រូវ​បាន​រាយ​ការណ៍​ថា​ ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ចាប់តាំង​ពីការ​លុកលុយ​បាន​ចាប់​ផ្តើម​ប៉ុន្តែ​ចំនួន​ពិត​ទំនង​ជាច្រើន​ជាង​នេះ៕

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​The Associated Press, Agence France-Presse និង Reuters)