សំណើ​សុំ​ធានា​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ថៃ​៤នាក់​ត្រូវ​បាន​បដិសេធ

លោក Somyos Prueksakasemsuk (ឆ្វេង) លោក Chiwarak Parit (កណ្តាល) និងលោក Arnon Nampa លើកម្រាមដៃបីតំណាងឲ្យការតស៊ូប្រឆាំង ខណៈពួកគេបានទៅដល់តុលាការព្រហ្មទណ្ឌនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២១។

សំណើ​សុំនៅ​ក្រៅ​ឃុំ​របស់​សកម្មជនថៃ​ ៤ នាក់​ ត្រូវ​បាន​បដិសេធ​កាលពី​ថ្ងៃ​អង្គារ​ ហើយ​តុលាការ​បាន​សម្រេច​ថា​ ពួកគេ​គួរ​នៅ​ជាប់​ឃុំ​រហូត​ទាល់តែ​ដល់​ពេល​សវនាការ​កាត់​ក្តីពួកគេ​ពី​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​រាជវង្ស។

ក្រុម​រាជអាជ្ញា​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ប្រឆាំង​នឹង​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ Les majeste ដ៏​តឹងរ៉ឹង​ ដែល​នេះ​ជា​លើក​ទីមួយ​ នៅ​ក្នុង​រយៈ​ពេល ​៣ ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​មាន​អ្នក​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ច្បាប់​នេះ។ បទ​ឧក្រិដ្ឋ​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​កាន់​តែ​ច្រើន​ឡើង​ ក្រោម​ការ​គ្រប់គ្រង​របស់ព្រះ​មហាក្សត្រ Maha Vajiralongkorn។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប៉ូលិស​បាន​ចាប់​ផ្តើម​ប្រើប្រាស់​ការ​ប្រមាថ​នេះ​ ក្រោយ​ការ​រិះគន់​រាជវង្ស​និង​រដ្ឋាភិបាល​បាន​រីក​ធំឡើង។

ច្បាប់ប្រមាថ​ព្រះមហាក្សត្រ​នេះ​ចែង​ថា ​ការ​ប្រមាថ​ ឬ​បរិហាកេរ្តិ៍​ព្រះមហាក្សត្រ​ គឺ​ជា​បទ​ឧក្រិដ្ឋ​មួយ។ អ្នក​ដែល​ល្មើស​ច្បាប់​នេះ​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​ ១៥ ឆ្នាំ។ អ្នក​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​បង្ក​ភាព​បះបោរ​ និង​បំពាន​ច្បាប់​ការពារ​វិមាន​បុរាណ​ផងដែរ។

សកម្មជន​ទាំង ៤ នាក់ ​រួម​មាន​លោក Chiwarak Parit ហៅ​ Penguin លោក Arnon Nampa លោក Somyos Prueksakasemsuk និង​លោក Patiwat Saraiyaem ហៅ Mor Lam Bank មិន​ព្រម​សារភាព​ទទួល​ទោស ​ដូចការ​ចោទ​ប្រកាន់​នោះទេ។

លោក Parit បានប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា៖ «ការ​ធ្វើទុក្ខបុកម្នេញ​ប្រឆាំងនឹង​ពួកយើង​ គឺ​ជា​ការ​ប្រើប្រាស់​ច្បាប់ ​ដើម្បី​រារាំង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួកយើង»។

សកម្មជន​ទាំងនេះ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ធ្វើ​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​ក្បែរ​ព្រះបរមរាជវាំង​ កាលពីថ្ងៃទី១៩ ខែ​កញ្ញា​ ឆ្នាំមុន។ សកម្មជន​ទាំង​នេះ​ពេល​នោះ​កំពុង​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​រាជវង្ស​ ដើម្បី​ឲ្យ​ព្រះមហាក្សត្រ​ទទួល​ខុសត្រូវ​ជាង​មុន។

ពួកគេ​ក៏​បាន​ស្នើ​ឲ្យ​ដក​លោក​នាយករដ្ឋមន្ត្រី Prayuth Chan-ocha និង​រំលាយ​រដ្ឋាភិបាល​របស់​លោក ហើយ​ចង់​ឲ្យ​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដែល​អនុម័ត​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ស៊ីជម្រៅ​ជាង​មុន​ផង​ដែរ។

ក្រុម​មេធាវី​ថៃ​ការពារ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹងថា សកម្មជន​យ៉ាង​ហោចណាស់​ចំនួន ​៥៥ នាក់ ​ត្រូវបាន​ចោទប្រកាន់​ក្រោម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ តាំងពី​ខែវិច្ឆិកា​មក ប៉ុន្តែ​សកម្មជន​ទាំង ៤ នាក់​នេះ​ជា​អ្នក​ត្រូវ​ជំនុំ​ជម្រះ​ក្តី​នៅ​តុលាការ​មុនគេ។

នេះ​ក៏​ជាលើក​ទីមួយ​ដែរ​ក្នុង​រយៈពេល​យូរ​មក​ហើយ ដែល​ចុង​ចោទ​ត្រូវ​ឃាត់​ខ្លួន​ដោយ​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធានា​នៅ​ក្រៅ​ឃុំ​ក្រោម​បទ​ចោទប្រកាន់​នេះ។

សវនាការ​ជំនុំ​ជម្រះ​ក្តី​ត្រូវ​បាន​គេ​គ្រោង​ថា ​នឹង​ចាប់​ផ្តើម​នៅ​ខែក្រោយ៕

ប្រែសម្រួល​ដោយ​អ្នកនាង​ស្រេង លក្ខិណា