ជនភៀសខ្លួនបួនរូបពីកោះណូរូបានមកដល់ប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ ហើយពួកគេបានស្នើសុំមិនឲ្យបញ្ចេញព័ត៌មានទាក់ទងនឹងជីវភាពផ្ទាល់ខ្លួនរបស់ពួកគេទេ នៅពេលដែលពួកគេធ្វើសមាហរណកម្មចូលក្នុងសង្គមកម្ពុជា។
ជនភៀសខ្លួនបួនរូបពីកោះណូរូនេះបានស្នើសុំជាមុននូវសិទ្ធិមិនរំខានក្នុងជីវភាពផ្ទាល់ខ្លួន នៅពេលដែលពួកគេបានមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដែលចេញផ្សាយភ្លាមៗ ក្រោយការមកដល់របស់ជនភៀសខ្លួនទាំងនេះតាមកិច្ចព្រមព្រៀងស្ម័គ្រចិត្ត។
ការមកដល់របស់ជនភៀសខ្លួនដំបូងបួនរូបនេះ គឺផ្អែកទៅតាមអនុស្សរណៈយោគយល់គ្នា ដែលរដ្ឋាភិបាលប្រទេសកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសអូស្រា្តលីនៅក្នុងឆ្នាំ២០១៤ ដើម្បីទទួលយកជនភៀសខ្លួនជាង១០០០នាក់ដែលសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្ត្រាលី។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការ IOM បានបន្ថែមថា៖ «ជនភៀសខ្លួនទាំងបួនរូបដែលបានមកដល់ថ្ងៃនេះបានស្នើសុំសិទ្ធិមិនរំខានក្នុងជីវភាពផ្ទាល់ខ្លួន ក្នុងកំឡុងពេលនៃការមកដល់របស់ពួកគេ និងការធ្វើសមាហរណកម្មរបស់ពួកគេទៅក្នុងសង្គមកម្ពុជា»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃក៏ពុំអាចបញ្ជាក់លម្អិតអំពីអត្តសញ្ញាណរបស់ជនភៀសខ្លួនទាំងបួនរូបទេ ប៉ុន្តែលោកបានបញ្ជាក់ប្រាប់ VOA ថា ពួកគេនឹងត្រូវទៅរស់នៅជាបណ្តោះអាសន្នក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
«គាត់ស្នាក់នៅបណ្តោះអាសន្ននៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ»។
ជនទាំង៤រូប ដែលបានទទួលសិទ្ធិជាជនភៀសខ្លួនពីរដ្ឋាភិបាលប្រទេសអូស្រ្តាលី ហើយដែលត្រូវផ្ទេរមករស់នៅក្នុងប្រទេសកម្ពុជាជាអចិន្រ្តៃយ៍នេះ រួមមានជនជាតិរ៉ូហ៊ីងយ៉ា (Rohingya)ម្នាក់ និងជនជាតិអ៊ីរ៉ង់៣នាក់។ ពួកគេគឺស្ថិតនៅក្នុងចំណោមជន ដែលសុំសិទ្ធិជ្រកកោនក្នុងប្រទេសអូស្ត្រាលី ហើយត្រូវអាជ្ញាធរប្រទេសនេះដាក់ឲ្យរស់នៅក្នុងជំរំនៅលើកោះដាច់ស្រយ៉ាលមួយដែលហៅថា ណូរូ «Nauru»។
កិច្ចព្រមព្រៀងដែលរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាជាមួយរដ្ឋាភិបាលប្រទេសអូស្រ្តាលីនោះរងការរិះគន់យ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដោយអះអាងថា កិច្ចព្រមព្រៀងនេះបានរំលោភអនុសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ ក្រុមអ្នករិះគន់និយាយថា ប្រទេសកម្ពុជាដ៏ក្រីក្រមួយនេះនៅមានបញ្ហាប្រឈមជាច្រើន ដូចជាអំពើពុករលួយ ភាពក្រីក្រ ស្ថាប័នតុលាការនៅមិនទាន់ឯករាជ្យ អំពើនិទ័ណ្ឌភាព និងមានទំនាស់ដីធ្លីដ៏ច្រើន។ អង្គការគម្រោងយុត្តិធម៌ពិភពលោកទើបបានរកឃើញថា យុត្តិធម៌សង្គមក្នុងប្រទេសកម្ពុជាអន់ជាងគេបំផុតនៅលើពិភពលោក។
លើសពីនេះទៅទៀត កិច្ចព្រមព្រៀងនេះគឺត្រូវបានធ្វើឡើងជាថ្នូរនឹងអ្វីដែលគេពណ៌នាថា ជាកម្មវិធីជំនួយដែលមានទឹកប្រាក់ជាង៣០លានដុល្លារពីប្រទេសអូស្ត្រាលី។
ដោយឡែក មុនការមកដល់របស់ជនភៀសខ្លួនដដែលនេះ អាជ្ញាធរកម្ពុជាបានរឹតបន្តឹងមិនឲ្យក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលទៅកាន់ច្រក VIP របស់ព្រលានយន្តហោះភ្នំពេញអន្តរជាតិនោះទេ។
ទោះបីជាយ៉ាងណាក្តី លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានពន្យល់ថា នេះជាការអនុវត្តកាតព្វកិច្ចរបស់អាជ្ញាធរក្នុងប្រទេសប្រជាធិបតេយ្យ។
«សូម្បីតែនៅសហរដ្ឋអាមេរិកគឺដូចតែគ្នា មិនមែនតែនៅស្រុកខ្មែរឯណា?! បើសហរដ្ឋអាមេរិកវិញជាងហ្នឹងទៀត! ប្រទេសគេដទៃជាងហ្នឹងទៀត»។
រីឯអង្គការ IOM បានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយគោរពបំណងរបស់ជនភៀសខ្លួនដែលទើបនឹងមកដល់នេះ ទាក់ទង់ការមិនរំខានជីវិតឯកជនរបស់ពួកគេ៕