អាជ្ញាធរកម្ពុជាថ្លែងថា ជនភៀសខ្លួន៤រូបពីកោះណូរូនឹងមកដល់ទីក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ។ ជនភៀសខ្លួនដែលស្ម័គ្រចិត្តមករស់នៅអចិន្ត្រៃយ៍លើទឹកដីកម្ពុជាទាំងនោះនឹងស្នាក់នៅរាជធានីភ្នំពេញជាបណ្តោះអាសន្ន មុននឹងធ្វើសមាហរណកម្មចូលក្នុងសហគមន៍ខ្មែរ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានប្រាប់ឲ្យដឹងនៅថ្ងៃពុធនេះថា ជនភៀសខ្លួនបួនរូបដំបូងគេបង្អស់ពីកោះណូរូនឹងមកដល់កម្ពុជានៅថ្ងៃព្រហស្បតិ៍ស្អែក ក្នុងដំណើរតាំងទីលំនៅអចិន្ត្រៃយ៍នៅប្រទេសដ៏ក្រីក្រនេះ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់វីអូអេខេមរភាសាថា ជនភៀសខ្លួន៤រូបដំបូងគេបង្អស់ ដែលបញ្ជូនមកក្រោមកិច្ចព្រមព្រៀងជាមួយនឹងប្រទេសអូស្ត្រាលីនោះ មានជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) មួយរូប ដែលភៀសខ្លួនចេញពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរភូមា និង៣រូបទៀតមកពីប្រទេសអ៊ឺរ៉ង់។
«បាទ តាមដែលខ្ញុំដឹងគឺថ្ងៃស្អែកព្រឹកបានមកដល់ តាមជើងយន្តហោះ MH របស់ប្រទេសម៉ាឡេស៊ី»។
លោក ខៀវ សុភ័គ ក៏បានបន្ថែមថា៖ «មានតែ៤នាក់ទេ ដូចបានជំរាបជូនកន្លងមកនេះ ម្នាក់ជាជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) មកពីភូមា បីនាក់មកពីប្រទេសអ៊ឺរ៉ង់ ក្នុងនោះពីរនាក់ជាប្តីប្រពន្ធ និងម្នាក់ទៀតប្រុស»។
កាលពីឆ្នាំ២០១៤ កម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសអូស្ត្រាលី ដើម្បីទទួលយកជនភៀសខ្លួនជាង១ពាន់នាក់ ដែលសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែត្រូវបានបដិសេធ ហើយអាជ្ញាធរប្រទេសនេះដាក់ឲ្យរស់នៅក្នុងជំរំនៅលើប្រទេសដែនកោះដាច់ស្រយ៉ាលគឺ« Nauru » ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀងនេះគឺជាថ្នូរនឹងអ្វី ដែលគេពណ៌នាថា ជាកម្មវិធីជំនួយដែលមានទឹកប្រាក់ជាង៣០លានដុល្លារពីប្រទេសអូស្រ្តាលីវិញ។
កាលពីសប្តាហ៍មុន ប្រទេសអូស្ត្រាលីបានបន្ថែមទឹកប្រាក់ជំនួយជាង១២លានដុល្លារសហរដ្ឋអាមេរិកថែមទៀតដល់ប្រទេសកម្ពុជា សម្រាប់ជាការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនទាំងនោះ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងថា ជនភៀសខ្លួនទាំងនោះនឹងស្នាក់នៅក្នុងខណ្ឌច្បារអំពៅជាបណ្តោះអាសន្នក្រោមការចាត់ចែងរបស់មន្ត្រីអូស្ត្រាលី។ តាមកិច្ចព្រមព្រៀងនោះ ជនភៀសខ្លួនទាំងនេះនឹងត្រូវស្នាក់នៅទីក្រុងភ្នំពេញរយៈពេលយ៉ាងហោចណាស់៦ខែ ដើម្បីសិក្សាអំពីប្រទេសកម្ពុជាមុននឹងធ្វើសមាហរណកម្មទៅក្នុងសង្គម។
«នៅក្នុងនោះអាចរៀនសូត្រភាសាខ្មែរ និងអ្វីតាមហ្នឹង។ ជាដំបូង ធម្មតា នៅស្រុកគេគឺត្រូវរៀនភាសាខ្មែរ និងវប្បធម៌អី ជាដើមជាមុខសិន មុននឹងទៅរកកន្លែងនៅផ្សេង»។
វីអូអេខេមរភាសាមិនអាចសុំការអត្ថាធិប្បាយពីមន្ត្រីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានទេ ដោយសារអេឡិចត្រូនិច ឬemail ផ្ញើរទៅកាន់មន្ត្រីជំនាញនៅស្ថានទូតនោះមិនមានការឆ្លើយតប។
កិច្ចព្រមព្រៀងទទួល និងបញ្ជូនជនភៀសខ្លួនពីកោះណូរូនោះទទួលរងការរិះគន់យ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ ការរិះគន់នោះអះអាងថា កិច្ចព្រមព្រៀងនេះបានរំលោភអនុសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ ជាងនេះទៅទៀត ប្រទេសកម្ពុជាដ៏ក្រីក្រមួយនេះនៅមានបញ្ហាប្រឈមជាច្រើនដូចជាអំពើពុករលួយ ភាពក្រីក្រ និងទំនាស់ដីធ្លីដ៏ច្រើន។
ក៏ប៉ុន្តែ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងការពារចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដោយឆ្លើយថា ការរិះគន់ជារឿងធម្មតាសម្រាប់ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ៕