ប្រទេស​មហា​អំណាច​ចំនួន៤ ​គ្រោងនឹង​តតាំង​ជាមួយ​ចិនរឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង

  • Ralph Jennings

មេដឹកនៃ​អាស៊ាន​ទាំង​អស់​រួម​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់ ត្រាំ ​ចាប់​ដៃ​គ្នា​ដើម្បី​ថតរូប​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាមេរិក​នៅ​រដ្ឋធានី​ម៉ានីល​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃទី​១៣ វិច្ឆិកា ២០១៧។

ប្លុកនៃ​ក្រុម​ប្រទេស​មហា​អំណាច​ចំនួន៤​ ដែលជា​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​មាន​បំណង​រក្សាទុក​សមុទ្រចិន​ខាងត្បូង​សម្រាប់ការ​ប្រើប្រាស់​ជា​អន្តរជាតិ​ ទោះជា ប្រទេស​ចិន​កំពុង​ពង្រីកការ​គ្រប់គ្រង​របស់​ខ្លួនក្តី។​

ក្រុម​ប្រទេស​ទាំងនោះ​ នឹង ទំនង​ជាធ្វើ​សេចក្តី​ថ្លែងការណ៍​ដ៏រឹងប៉ឹង​ ជួយដល់​គូប្រជែងដែន​សមុទ្រ​ចិន​នានា ហើយនឹង​ធ្វើ​សមយុទ្ធ​យោធា​ជើងទឹក​រួមគ្នា ​នៅជិត​ផ្លូវទឹក​ដែល​មាន​ជម្លោះ ​នៅ​ឆ្នាំនេះ ​នេះបើ​តាមការ​អះអាង​របស់​ក្រុម​អ្នក​វិភាគ។

ប្រទេស​អូស្ត្រាលី​ ឥណ្ឌា​ ជប៉ុន ​ហើយនឹង​ស.រ.អា.​ ជាក្រុម​មួយ​ដែលគេ​ស្គាល់​ថា ជា​សម្ព័ន្ធមិត្ត​ ទំនងជា​នឹងចាត់​វិធានការ​ដូច្នោះ ​ជាជាង​ប្រជែង​នឹងចិន​ដោយ​ផ្ទាល់ ដើម្បី​ទាមទារ​ដាក់​កងទ័ព​ខ្លួនក្នុង​ចំណោម​កោះតូចៗ​ចំនួន​៥០០​នោះ។

បើតាម​ការអះអាង​របស់ ​លោក ​Stuart Orr​ សាស្ត្រាចារ្យ​ផ្នែកគ្រប់​គ្រង​យុទ្ធ សាស្ត្រ​នៅ​ឯសាកល​វិទ្យាល័យ​ Deakin University ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន បញ្ជាក់​ថា៖

«ទី១ ​វត្តមាន​ទំនង​ជាត្រូវការ ​ការជំរុញ​ពីស.រ.អា.​ហើយ​បើសិន​ខ្ញុំត្រូវ​ទស្សទាយ​ ខ្ញុំអាច​និយាយថា​ឥណ្ឌានឹង​ធ្វើតាម​ ហើយ​ជប៉ុន​នឹងមាន​តួនាទី​តិច​តួច​ដូច​ជា​ប្រទេស​អូស្ត្រាលី​ធ្វើ​ គឺការ​ផ្តល់ការ​គាំទ្រ​លំដាប់​ខ្ពស់​ផ្នែក​សម្ភារៈ​ភស្តុភា»។ ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងបួន​ចង់រក្សា​ទុក​សមុទ្រ​ដែលមាន​ទំហំ​ ៣ ​លានគីឡូ​ម៉ែត្រក្រឡា​កន្លះ​ ដែល​សម្បូរ​ទៅដោយ​ធនធាន​នានា​អាច​ប្រើប្រាស់​បាន​ ខណៈ ពេល​ដែល​ពួកគេ​ការពារ​ចំណង​សេដ្ឋកិច្ច​របស់​ពួកគេ​ជាមួយ​ក្រុង​ប៉េកាំង។​ នេះ​បើតាម​ការ​អះអាង​របស់​ក្រុមអ្នក​ជំនាញ​ដែលតាម​ដាន​បញ្ហា​នេះ។​ មាន​ប្រទេស​ជាច្រើន​ធ្វើ​នាវាចរណ៍ ​នេសាទត្រី ​និង​រុករក​ប្រេង ​ក្នុង​សមុទ្រ​ចិនខាងត្បូង​សព្វ ថ្ងៃនេះ។

ការព្រមាន​ជា​សាធារណៈ

ប្រមុខរដ្ឋ​មកពី​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងបួន​បានជួប​ប្រជុំគ្នា​ក្នុង​រដ្ឋធានីម៉ានីល​កាល ពី​ខែ​វិច្ឆិកា​ដើម្បី​ពិភាក្សា​គ្នា​លើ​បញ្ហា​រក្សាទុក​សមុទ្រ​ចិនខាង​ត្បូង​ដើម្បី​ប្រើប្រាស់ ជា​សាកល។ ​ប្រទេស​អូស្ត្រាលី ​និង​ ជប៉ុន ​ពេលនោះ​បាន​អំពាវនាវ​ឲ្យមាន​«បទ បញ្ជា​ផ្អែកតាម​ច្បាប់‍»​ ហើយនឹង‍​ «ការគោរព​ច្បាប់​អន្តរជាតិ‍»​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ​បានប្រាប់​ក្រុម​មេដឹកនាំ​មកពី​ប្រទេស អាស៊ី​អាគ្នេយ៍​ទាំង​១០រួម​ទាំងប្រទេស​៤ដែល​ប្រជែងនឹង​ចិនចំពោះ​ដែន​អធិបតេយ្យ​ផ្ទៃទឹក​កាលពី​ថ្ងៃទី២៦​ ខែ​ មករា ​ថា​ប្រទេស​ឥណ្ឌា​ប្តេជ្ញា​ធ្វើកិច្ចការ​រួមគ្នា​ថែមទៀត​លើបញ្ហា​ដែន​សមុទ្រ។

ក្រុមអ្នក​វិភាគបាន​ថ្លែងថា​ មានការ​រំពឹង​ទុកថា​នឹងមាន​សេចក្តី​ថ្លែងការណ៍​ថែម ទៀត​ក្នុង​បំណង​ទប់ទល់​នឹងចិន។​ លោក​ Ben Ho ​អ្នកវិភាគ​ជាន់ខ្ពស់​មកពី ​កម្មវិធី​សិក្សា​ស្រាវជ្រាវ​អំពី​កងទ័ព ​នៅឯ​សាលាអន្តរជាតិ ​S. Rajaratnam ​ក្នុង​ប្រទេស​សិង្ហបុរី​បាន​ថ្លែងថា៖

«ខ្ញុំគិតថា​បញ្ហា​ដែល​សំខាន់​បំផុត​គេអាច​ធ្វើគឺ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​អំពី បញ្ហា​ជម្លោះ​សមុទ្រចិន​ខាងត្បូង ​ហើយទោះ​ជាធ្វើ​ដូច្នោះក្តី ​ខ្ញុំគិតថា​ប្រទេស​ចិន ទំនង​ជាមិន​ត្រូវគេ​និយាយ​ឈ្មោះ​ចំៗក្នុង​សេចក្តី​ថ្លែងការណ៍​បែបនោះ​ដែរ‍»។

ប្រទេស​ចិនបាន​ទាមទារ​គ្រប់គ្រង​សឹងតែ​៩០​ភាគរយ​នៃដែន​សមុទ្រ​ដោយ​ខ្លួន ឯង។​ ការពង្រីក​ការគ្រប់​គ្រង​ចាប់តាំង​ពីឆ្នាំ​២០១០​មក ​បានបង្ក​ឲ្យមាន​ការខឹង សម្បា​ពីគូ​ប្រជែង​ទាមទារ​ដែន​កម្មសិទ្ធ​នេះ​ ដូចជា​ប្រទេស​ ព្រុយណេ​ ម៉ាឡេស៊ី ហ្វីលីពីន​ តៃវ៉ាន់ ​ហើយនឹង​វៀតណាម។ ​រដ្ឋាភិបាល​ទាំងនោះ​ ដែលមាន​កម្លាំង យោធា​ខ្សោយជាង​ក្រុងប៉េកាំង​មានការ​ខឹងសម្បា​ពេល​ដែលចិន​ពង្រឹង​កូនកោះ តូចៗ​ដែលមាន​ជម្លោះ​ទាំងនោះ​សម្រាប់​ការ​ប្រើប្រាស់​ផ្នែកយោធា ​ហើយ​បើក កប៉ាល់​ល្បាតឆ្លង​កាត់តំបន់​ទឹកមាន​ជម្លោះ។

ក្រុង​ប៉េកាំង​និយាយថា​កំណត់​ត្រាប្រវត្តិសាស្ត្រ​បាន​បញ្ជាក់ជា​ភស្តុតាង​នៃការ ទាមទារ​របស់ខ្លួន​ចំពោះ​ដែន​សមុទ្រនេះ​ ហើយក៏ជា​អំណះអំណាង​មួយ​ដែលធ្វើ ឲ្យចិន​ទាត់ចោល​សាល​ដីកា​របស់​តុលាការ​មជ្ឈកម្ម​ពិភពលោក​កាល​ពីឆ្នាំ ២០១៦។

សមយុទ្ធ​យោធា​រួម

ក្រុមអ្នក​ជំនាញ​បាន​និយាយថា​ ការធ្វើ​សមយុទ្ធ​រួមគ្នា​នៃប្រទេស​ទាំងបួន ​ទំនង ជាអាច​នឹង​បើក​នាវា​យោធា​ជើងទឹក​កាត់​សមុទ្រចិន​ខាងត្បូង​ ជាពិសេស​កាត់ តាមដែនទឹក​នៃឆ្នេរ​សមុទ្រ​ប្រទេស​តូចៗ​ដែលចង់​បាន​ជំនួយ ដើម្បី​ប្រឆាំង​តបត​នឹង​កប៉ាល់​ចិន។

ស.រ.អា.​ដែលជា​ប្រទេស​មហា​អំណាច​កំពូល​ខាង​យោធា​លើ​ពិភពលោក​បាន បញ្ជូន​នាវា​ចម្បាំង​របស់ខ្លួន​ទៅកាន់​ដែនទឹក​សមុទ្រចិន​ខាងត្បូង​៥លើក​ក្រោម ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​ដោយ​បន្តការ​អនុវត្តន៍​គោល ការណ៍​របស់​អតីត​ប្រធានាធិបតី​ Obama ​ដើម្បី​បង្ហាញ​គោល​ជំហរ​របស់​រដ្ឋធានី​វ៉ាស៊ីនតោន ​ ដែលថាសមុទ្រចិន​ខាងត្បូង​ត្រូវតែ​អនុញាត​ឲ្យមាន​សេរីភាព​នៃការ​ធ្វើនាវាចរណ៍។

ប្រទេស​ជប៉ុន​ទំនងជា​ធ្វើតាម ​ខណៈដែល​ជប៉ុន​ព្យាយាម​បញ្ឈប់ការ​ដាក់​កំហិត ខ្លួនឯង​មិនជ្រៀត​ជ្រែក​បញ្ហានេះ។ ​នេះបើ​តាមការ​អះអាង​របស់​លោក ​Oh Ei Sun ​សាស្ត្រាចារ្យ​ផ្នែក​ការសិក្សា​ស្រាវជ្រាវ​អន្តរជាតិ​ នៃ​សាកល​វិទ្យាល័យ Singapore ​Nanyang។

រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​បើកនាវា​ដឹក​ឧទ្ធម្ភាគចក្រ​របស់ខ្លួន​ឆ្លងកាត់​សមុទ្រចិន​ខាងត្បូង​កាលពី​ ខែមិថុនា​ឆ្នាំ​២០១៧។ ​ប្រទេស​ជប៉ុន​ជាគូប្រជែង​នឹងចិន​លើបញ្ហា​តំបន់ទឹក​នៃ ​សមុទ្រ​ខាងកើត​ប្រទេស​ចិនផង​ដែរ។ ​ក្រុមមេដឹកនាំ​ក្នុងទីក្រុង​តូក្យូ​កំពុង​សិក្សា​ អំពីការ​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ផ្តល់​អំណាច​ដល់យោធា​ថែម​ទៀត។ ​លោក Oh ​និយាយ​ថា៖

«លោកអ្នក​នឹងឃើញ​ថាជប៉ុន​ ព្យាយាម​បំពេញ​ទស្សនកិច្ច​តាម​កប៉ាល់​ចម្បាំង ញឹក​ញាប់​ថែមទៀត ​និងធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ពិតៗ​ថែមទៀត​ ហើយនឹង​ផ្តល់ ការ​ហ្វឹកហ្វឺន​ និង​ជំនួយ​ផ្សេងៗទៀត​ទៅកាន់​ប្រទេស​ទាំងនោះ‍»។

ប្រទេស​ឥណ្ឌា​និង​អូស្ត្រាលី ​គាំទ្រ​សកម្មភាព​យោធា​ទាំងឡាយ​ណា​ដែល​មាន បំណង​ព្រមាន​ដល់ចិន។ ​នេះបើ​តាមការ​អះអាង​របស់អ្នក​វិភាគ។​ ប្រទេស​អូស្ត្រាលី​ អាចក្លាយ​ជាកន្លែង​ឃ្លាំមើល​ ដំណើរ​វិវឌ្ឍន៍ និង​ កន្លែង​តាមមើល​សកម្មភាព​បន្ត‍»។ ​នេះជា​ការអះអាង​របស់​លោក ​Orr។

ប្រទេស​ឥណ្ឌានឹង​បញ្ចេញ​កប៉ាល់​ចម្បាំង ​ហើយ​ចូលរួម​ក្នុងសកម្មភាព​ល្បាត ផ្នែក​យោធា​ជើងទឹក​ជាមួយ​នឹងប្រទេស​ផ្សេងៗ​ទៀត។ ​នេះបើ​តាមការ​អះអាង របស់​លោកSameer Lalwani ​នាយក​រងនៃ​អង្គការ​តាក់តែង​គោល​នយោបាយ អាមេរិក ​The Stimson Center​ ផ្នែកកម្មវិធី​អាស៊ី​អាគ្នេយ៍។

ប្រទេស​ឥណ្ឌាប្រជែង​នឹងចិន​ពាក់ព័ន្ធ​នឹងការ​គ្រប់គ្រង​ភូមិសាស្ត្រ​នយោបាយ ក្នុងតំបន់​អាស៊ី​ខាងត្បូង​និង​អាស៊ី​កណ្តាល។

«ប្រទេស​ឥណ្ឌា​អាចពង្រីក​សមយុទ្ធ​យោធា​របស់ខ្លួន​មួយចំនួន​ផងដែរ ​ទាំងថ្នាក់ ជាតិនិង​ទាំង​ការ​ចូលរួម​ជាមួយ​ប្រទេស​នានា​ដើម្បី​បង្កើន​សមត្ថភាព ​ពង្រឹង​កិច្ច សហប្រតិបត្តិការ​ ហើយនឹង​សមត្ថភាព​ខាងការ​ផ្តល់សញ្ញា ​(ព័ត៌មាន) ​ជាការពិត កិច្ចសហការ​ជាក់ស្តែង​ថែមទៀត​ជាមួយ​ស.រ.អា.​នឹងបញ្ជូនសារ​កាន់តែ​ខ្លាំង​ឡើង»។

ការ​ផ្គត់ផ្គង់​អាវុធ

ប្រទេស​ជប៉ុន​នឹង​បន្តពង្រីក​សមត្ថភាព​ប្រទេស​សម្ព័ន្ធមិត្ត​ខ្លួន​ក្នុងតំបន់​អាស៊ាន។​នេះបើ​តាមការ​អះអាង​របស់​ Stephen Nagy ​ជា​សាស្ត្រាចារ្យរង​នៃការ​សិក្សា ស្រាវជ្រាវ​នយោបាយ​និង​កិច្ចការ​អន្តរជាតិ​នៃសាកល​វិទ្យាល័យ​ International Christian​ University ​ក្នុង​ទីក្រុង​តូក្យូ។ ​លោក​បន្តថា ​មានការ​រំពឹង​អំពី​សមយុទ្ធ យោធា​ គ្រឿង​សញ្វាវុធថ្មីៗ ​ហើយនឹង​កប៉ាល់​ពិឃាដ​ចំនួន២ ​នឹងបំពេញ​ទស្សន កិច្ច​ទៅកាន់​ប្រទេស​វៀតណាម​នៅឆ្នាំនេះ​ ដែល​ការណ៍នេះ​គឺជាសារ​មួយ​ប្រាប់ ថា​ទំនាក់​ទំនង​របស់​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ។

វៀតណាម​ក្លាយជា​ប្រទេស​ដែល​ទាមទារ​ដែន​សមុទ្រចិន​ខាងត្យូង​ពីប្រទេស​ចិន យ៉ាង​សកម្ម​បំផុត។​ កាលពី​ខែមករា​ឆ្នាំ២០១៧​ នាយក​រដ្ឋមន្ត្រី​ជប៉ុន ​Shinzo Abe បានសន្យា​ផ្តល់​កប៉ាល់​ល្បាត​ចំនួន​៦គ្រឿង​ដល់ឆ្មាំ​សមុទ្រ​វៀតណាម។ រដ្ឋាភិបាល​ស.រ.អា.​កំពុងមាន​ផែនការ​ផងដែរ​ក្នុងការ​អនុញាត​ឲ្យនាវា​ផ្ទុកយន្ត ហោះ​ចម្បាំង​របស់ខ្លួន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​នៅឆ្នាំ​នេះ។ លោក Nagy ​បានថ្លែងថា៖

«បើស.រ.អា.​បញ្ជូន​កប៉ាល់​ចម្បាំង​ដែរនោះ​ វៀតណាម​និង​ប្រទេស​ផ្សេងទៀត​ត្រូវ បានទាក់​ទាញឲ្យធ្វើ​ជាដៃគូ​សន្តិសុខ​កាន់តែ​ខ្លាំង‍»។

ឥណ្ឌា​កាលពី​អតីកាល​បានជួយ​វៀតណាម​ក្នុងការ​រុករក​ប្រេងក្នុង​ដែន​សមុទ្រ។ ឥណ្ឌា​ទំនង​ជាសម្លឹង​មើល​សម្ព័ន្ធមិត្ត​ដើម្បី​រកឱកាស​ធ្វើឲ្យ​មានការ​រីកចម្រើន​ដល់ សេដ្ឋកិច្ច ​បច្ចេកវិទ្យា ​ហើយនឹង​ទំនាក់ទំនង​ការបរទេស​របស់​ខ្លួន។ ​នេះបើតាម​ជំនឿរបស់​អ្នក​ជំនាញ។

ប្រតិកម្ម​របស់​ចិន

ប្រទេស​ចិនរំពឹង​ថានឹង​ប្រតិកម្ម​ចំពោះ​សម្ព័ន្ធមិត្ត​ម្តងមួយៗ។ ​ប្រសិន​បើ​ប្រទេស​ទាំងបួន​ធ្វើសេចក្តី​ថ្លែងការណ៍​ ចិននឹង​ប្រើពាក្យ​ពេចន៍​តបតវិញ។​ នេះ​ជាការ​អះអាង​របស់ លោក Ho។​ ប្រសិន​បើប្រទេស​ផ្សេងធ្វើ​សមយុទ្ធ​យោធា​ ចិននឹង​ដាក់កម្លាំង​ទ្វេ ឡើង​លើកោះតូចៗ ​ដែលខ្លួន​កាន់កាប់​បច្ចុប្បន្ន​នេះ​ នៅជួរកោះ ​Paracel ​និង Spratly ។

ឥណ្ឌានិង​ជប៉ុនទំនង​ជាមិន​ជំរុញ​ខ្លាំង​ពេក​លើបញ្ហា​ជាទូទៅ​ខណៈ​ដែល​ប្រទេស​ទាំងពីរ​មាន​រឿង​ចម្រូង​ចម្រាស​ជាមួយ​នឹងរឿង​ជម្លោះ​ខ្លួនឯង​ជាមួយ​ចិន។​ នេះ ជា​ការអះអាង​របស់​លោក​ Ho។ ​លោកថា​ឥណ្ឌា​និងចិន​កំពុង​ទាមទារ​តំបន់ ចំនួនពីរ​នៃតំបន់​ភ្នំរបស់​ខ្លួន​នៅជិត​ព្រំដែន។

ប្រទេស​ចិន​អាច​ប្រើ​ប្រាស់​ឥទ្ធិពល​សេដ្ឋកិច្ច​របស់ខ្លួន​ដើម្បី​ទប់ទល់​នឹង​ក្រុម សម្ព័ន្ធ​មិត្តវិញ។​ ជា​ឧទាហរណ៍​ ប្រទេស​អូស្ត្រាលី ​ចាត់ទុក​ចិន​ជាដៃ​គូពាណិជ្ជ កម្ម​លេខ ១ ​របស់ខ្លួន ​ដោយមាន​កំណើន​នាំចេញ​រហូតដល់​ទៅ​២៧ ​ភាគរយ ក្នុងឆ្នាំ ​២០១៦​ និង​ឆ្នាំ២០១៧។ ​នេះបើ​តាមទិន្នន័យ​ផ្លូវការ​របស់​អូស្ត្រាលី។ លោក ​Hoថា ​សមយុទ្ធ​យោធា​ជើងទឹក​ទំនង​ជាមិន​អាច​កើតមាន​ឡើងទេ។

«ខ្ញុំគិត​ថាក្រុង​ Canberra ​ជាប់​ជំពាក់ ​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច​ច្រើន​ពេក​ជាមួយ ក្រុង​ប៉េកាំង​ ដែល​ពិបាក​ចាត់​វិធានការ​ធ្ងន់ធ្ងរ​បែបនេះ។ ជាទី​បញ្ចប់​ប្រទេស​ចិន នឹងក្លាយ​ជាដៃគូ​ពាណិជ្ជកម្ម​ចម្បង​របស់​អូស្រ្តាលី ​ទាំងការ​នាំចេញ​និងការ​នាំ ចូល​ហើយក្រុង ​Canberra ​នឹងមិន​ធ្វើអ្វីឲ្យ​ខូចដល់​ទំនាក់​ទំនង​របស់​ខ្លួនទេ‍»៕

ប្រែសម្រួល​ដោយ ​សុខ ខេមរា ​VOA