គណបក្សនយោបាយចំនួន៤ នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើរដ្ឋសភាឱ្យលុបចោលសេចក្តីព្រាងធម្មនុញ្ញលើកទី១០ ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៨ ខែកក្កដា។ តំណាងគណបក្សទាំងនោះចាត់ទុកការធ្វើវិសោធនកម្មថ្មីនេះនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់របបសភានិយម ដោយបន្ថយសិទ្ធិអំណាចតំណាងរាស្ត្រ និងបំបាត់សំឡេងគណបក្សដែលមានអាសនៈភាគតិចក្នុងសភា។
សេចក្តីព្រាងធម្មនុញ្ញនេះកំពុងស្ថិតក្នុងដៃគណៈកម្មការជំនាញរបស់រដ្ឋសភា ដើម្បីត្រួតពិនិត្យ។ ការស្នើរបស់គណបក្សនយោបាយ ស្របពេលដែលស្ថាប័នរដ្ឋសភាត្រូវបានដឹកនាំដោយតំណាងរាស្រ្តទាំងអស់ចំនួន១២៥នាក់ មកពីគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចបច្ចុប្បន្ន។ ការអនុម័តច្បាប់នេះត្រូវការសំឡេងពីរភាគបី។
នៅព្រឹកថ្ងៃព្រហស្បតិ៍ វេលាម៉ោង៩និង៤០នាទី តំណាងគណបក្សចំនួន៤ រួមមានលោក ចេប គឹមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក តុល ប្រាសាទ តំណាងគណបក្សឆន្ទៈខ្មែរ និងលោក ត្រាវ សុភី តំណាងគណបក្សកែទម្រង់កម្ពុជា បាននាំគ្នាយកញត្តិរួមមួយច្បាប់ដាក់ទៅរដ្ឋសភា ដើម្បីសុំឱ្យរដ្ឋសភាកុំអនុម័តសេចក្តីព្រាងច្បាប់នេះ។
គណបក្សទាំង៤បញ្ជាក់ក្នុងញត្តិរួមនោះថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ធ្វើឱ្យបន្ថយអំណាចសភាជាតិ ដោយផ្តល់សិទ្ធិអំណាចទៅឱ្យគណបក្សនយោបាយ ដែលជាស្ថាប័នក្រៅរដ្ឋាភិបាលក្នុងការស្នើដោយផ្ទាល់ថ្វាយទៅព្រះមហាក្សត្រក្នុងការចាត់តាំងនាយករដ្ឋមន្ត្រី ដែលជាហេតុធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់របបសភានិយម ការបំបាត់សំឡេងគណបក្សដែលមានអាសនៈតិចក្នុងសភាដោយមិនគោរពគោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបន្ថយសិទ្ធិអំណាច និងតួនាទីអ្នកតំណាងរាស្ត្រ ដោយសារការបង្កើនចំនួនតំណាងរាស្ត្រក្នុងការធ្វើញត្តិបន្ទោសរាជរដ្ឋាភិបាលពី៣០នាក់ ទៅមួយភាគបី ឬស្មើនឹងសំឡេងតំណាងរាស្ត្រចំនួន៤២នាក់។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងមុខរដ្ឋសភាថាខ្លឹមសារនៃការកែប្រែមាត្រា១១៩ថ្មី គឺជាការផ្តល់សិទិ្ធអំណាចឱ្យទៅគណបក្សនយោបាយខ្លាំងជាងសភា និងមាត្រា៩៨ថ្មី ដែលគណបក្សមើលឃើញថាជាការបន្ថយតួនាទីតំណាងរាស្រ្តក្នុងការធ្វើញត្តិបន្ទោសរដ្ឋាភិបាល ដែលមិនគួរឱ្យមានការធ្វើវិសោធនកម្មច្បាប់នោះទេ។
លោកបញ្ជាក់ថា៖ «មាត្រា១១៩ថ្មី ដែលកែហ្នឹងទៅជាបើកសិទ្ធិអំណាចដល់គណបក្សនយោបាយដែលមិនមែនជាស្ថាប័ននៅក្នុងសភាទេ [គឺ]ជាស្ថាប័នក្រៅសភាធ្វើសេចក្តីស្នើដោយផ្ទាល់ថ្វាយព្រះមហាក្សត្រ ទ្រង់ចាត់តាំងនាយករដ្ឋមន្ត្រី។ នៅក្នុងមាត្រាធម្មនុញ្ញនៅជាធរមាននេះ ជាពិសេសវិសោធនកម្ម[លើក]ទី៩ ប្រធានរដ្ឋសភាដែលមានមតិឯកភាពពីអនុប្រធានទាំងពីរ ជាអ្នកធ្វើសេចក្តីស្នើព្រះមហាក្សត្រក្នុងការតែងតាំងវរជន ដើម្បីឱ្យបង្កើតរាជរដ្ឋាភិបាល។ ប៉ុន្តែវិសោធនកម្មនេះ ទៅជាបើកសិទ្ធិអំណាចឱ្យគណបក្សនយោបាយទៅវិញ។ អ៊ីចឹងយើងឃើញថាជាការបន្ថយតួនាទីសភា»។
បើយោងតាមសេចក្តីព្រាងធម្មនុញ្ញ ត្រង់មាត្រា១១៩ អត្ថន័យក៏ត្រូវបានស្នើកែប្រែ ដោយលុបចោលឃ្លាពាក់ព័ន្ធនឹងការស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ក្នុងការស្នើតំណាងរាស្ត្រមួយរូបជានាយករដ្ឋមន្ត្រីឱ្យុបង្កើតរដ្ឋាភិបាល។ មាត្រាថ្មីចែងថា តាមសេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាល។ សេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា។
បើតាមលោក យ៉េង វីរៈ ញត្តិរួមរបស់គណបក្សទាំង៤ គឺគណៈកម្មការទី១នៃរដ្ឋសភាជាអ្នកទទួល។
លោក សរ ចំរុង ប្រធានគណៈកម្មការទី១នៃរដ្ឋសភា ទទួលបន្ទុក សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ប្រាប់វីអូអេថា លោកកំពុងជាប់បំពេញភារកិច្ចនៅតាមខេត្ត ដោយមិនទាន់បានពិនិត្យញត្តិរួមរបស់គណបក្សទាំង៤ ដែលដាក់មករដ្ឋសភានៅឡើយទេ។ ប៉ុន្តែលោកថា លោកនឹងពិនិត្យញត្តិនោះ ពេលលោកត្រឡប់មកពីការបំពេញភារកិច្ចតាមខេត្តវិញ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាមួយរូប ប្រាប់វីអូអេថាការធ្វើវិសោធនកម្មលើកទី១០នេះ មិនមានអ្នកណា ឬស្ថាប័នណា ដែលមានសិទ្ធិក្នុងការរារាំងបានឡើយ ព្រោះក្រុមប្រឹក្សាធម្មនុញ្ញបានវាយតម្លៃ និងទូលថ្វាយព្រះមហាក្សត្ររួចរាល់ហើយ ដោយបញ្ជាក់ថាមិនមានអ្វីប៉ះពាល់របបប្រជាធិបតេយ្យ សេរីពហុបក្ស និងរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញទេ។
លោកថ្លែងថា៖ «កុំថាញត្តិមួយ គាត់ដាក់ញត្តិមួយបាវ ក៏វាអត់មានអីដែរ អាហ្នឹងសិទ្ធិរបស់គាត់ ក៏ប៉ុន្តែមិនអាចរារាំងដំណើរការឆ្ពោះទៅរកការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញហ្នឹងបានទេ»។
កាលពីថ្ងៃទី១៣ ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីប្រកាសមួយទូលថ្វាយព្រះមហាក្សត្រ ដោយបញ្ជាក់ថាវិសោធនកម្មដែលសំដៅធានានូវដំណើរការប្រក្រតីនៃស្ថាប័នជាតិ «អាចធ្វើទៅបាន» ហើយពុំមានប៉ះពាល់អ្វីដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានការពារការស្នើធ្វើវិសោធនកម្មនេះ។ លោកស្នើឱ្យគណបក្សទាំងអស់ទៅស្តាប់ការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពី១៤ ខែកក្កដា មុននឹងទាមទារ ឬអត្ថាធិប្បាយអ្វីមួយ។
លោកបន្ថែមថា៖ «ហើយជាសំណូមពររបស់ខ្ញុំមួយទៀត ប្រសិនបើពួកគាត់មើលហើយនៅតែមិនយល់ទៀត ឬមួយគាត់ស្តាប់សន្និសីទសារព័ត៌មានដ៏ក្បោះក្បាយច្បាស់លាស់ នៅតែមិនយល់ទៀត សុំឱ្យពួកគាត់សួរ មិនយល់កន្លែងណា មិនច្បាស់កន្លែងណាឱ្យគាត់សួរជាជាងការធ្វើការអត្ថាធិប្បាយទាំងមិនយល់។ ឱ្យគាត់សួរអ្នកដែលមានជំនាញផ្នែកច្បាប់ ពីព្រោះពួកគាត់គ្មានជំនាញផ្នែកច្បាប់ទេ»។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ថ្លែងថារដ្ឋធម្មនុញ្ញរបស់ប្រទេសណា ក៏មានការកែប្រែដែរ ដើម្បីធានាកុំឱ្យមានការជាប់គាំងក្នុងកិច្ចដំណើរការរបស់ស្ថាប័នជាតិ និងបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងធានាការពារឧត្តមប្រយោជន៍របស់ជាតិ៕