ជនជាតិ​ម៉ុង​តាញ៉ា​បួន​នាក់​ភៀសខ្លួន​មក​ដល់​ភ្នំពេញ

ក្នុង​រូបថត​ឯកសារ​នេះ ជនជាតិ​ម៉ុងតាញ៉ា​ដើរ​ចេញ​ពី​ក្នុង​ព្រៃ​​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត​រតន​គីរី​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ព្រំដែន​វៀតណាម កាល​ពី​ឆ្នាំ​២០០៤ ក្រោយ​​ពី​បាន​រត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម។

យ៉ាង​តិច​មាន​ជនភាគតិច​ចារ៉ាយ​ដែល​បាន​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម​ចំនួន​៤​នាក់​ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​តាក់​ស៊ី​ពី​ខេត្ត​រតនគិរី​មក​កាន់​ទី​ក្រុង​ភ្នំពេញ​ដោយ​ខ្លួន​ឯង ​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិមនុស្ស។​

លោក​ ឆាយ ធី​ អ្នក​សម្រប​សម្រួល​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី​មាន​ប្រសាសន៍​ថា​ជនភៀស​ខ្លួន​ទាំង៤​នាក់នោះ​បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ ​ហើយពួកគេ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ការពារពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ។​

លោក​បាន​បញ្ជាក់​ថា​ពួកគេ​មាន​សុវត្ថិភាព​ល្អទេ​តែមិន​ទាន់​ត្រូវ​បាន​រដ្ឋាភិបាល​ទទួល​យក​ពួកគេ​ដូច​ជនជាតិ​ភ្នំម៉ុងតាញ៉ា​១៣​នាក់​ផ្សេង​ទៀត​ដែល​បាន​ដឹក​ជញ្ជូន​មក​កាន់​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ចុង​ខែធ្នូ​ឆ្នាំ​២០១៤​ទេ។​

លោក​និយាយ​ថា៖​«គាត់​ទៅ​ដល់​ភ្នំពេញ​ដោយ​កំពុង​តែ​លាក់​ខ្លួន​នៅ​កន្លែង​មាន​សុវត្ថិភាព​មួយ​ដែល​ជា​កន្លែង​អង្គការ​សង្គម​ស៊ីវិល​មួយ​ផង​ដែរ»។​

ជនជាតិ​ភាគតិច​ចារ៉ាយ​ទាំង​៤នាក់​ដែល​មន្ត្រី​សិទ្ធិមនុស្ស​បាន​បញ្ជាក់​ថា​ជាជនជាតិ​ភ្នំម៉ុងតាញ៉ានោះ​បាន​ស្ថិត​នៅ​ក្នុង​ក្រុម​ចំនួន​៩​នាក់​ដែល​បាន​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​ប្រទេស​វៀតណាម​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ដើម​ខែមករា។​

ក្នុង​ចំណោម​ជនភៀស​ខ្លួន​ម៉ុងតាញ៉ា​ទាំង៩នាក់​ក្រុម​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ចំនួន​៥នាក់​ដែល​រួម​ឪពុក ​ម្តាយ​ និង​ កូន​តូចៗ​ ហើយ​បាន​បញ្ជូន​ត្រឡប់​ទៅ​វៀតណាម​វិញ​ដោយ​ចោទ​ថា​ពួកគេ​ជា​អ្នក​ឆ្លងដែន​ខុស​ច្បាប់​មក​ធ្វើ​ចំការ។ ចំណែក​ឯ ​៤​នាក់​ផ្សេង​ទៀត​បាន​រត់​រួច​ហើយ​បាន​ធ្វើ​ដំណើរ​ពីក្នុង​ព្រៃ​នៃ​ខេត្ត​រតនគិរី​មក​កាន់​ទី​ក្រុង​ភ្នំពេញ​ដោយ​ខ្លួន​ឯង។​

លោក​ អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ច័ន្ទ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​បាន​នាំ​ខ្លួន​ជនជាតិ​ម៉ុង​តាញ៉ា​ទាំង​៤នាក់​មក​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​តែ​ក្រសួង​មិន​ទទួល​យក។​

គិត​ចាប់​តាំង​ពី​ដើម​ខែ​មករា​រហូត​មក​ដល់​ពេល​នេះ​មាន​ជនជាតិ​ភាគ​តិច​ចារ៉ាយ​ចំនួន​២៣នាក់​ហើយ​បាន​ភៀស​ខ្លួន​ពី​ប្រទេស​វៀត​ណាម​ មក​សំងំលាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​រតន​គិរី​ដើម្បី​ស្វះ​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ​ទៅ​កាន់​ប្រទេស​ទី​៣។​

កាល​ពី​ចុង​ខែ​ធ្នូ​ជនជាតិ​ភាគតិច​ចារ៉ាយ​ឬ​ហៅ​ថា​ម៉ុងតាញ៉ាចំនួន​១៣​នាក់​ត្រូវ​បាន​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ដឹក​បញ្ជូន​តាមរថយន្តពី​ខេត្ត​រតនគិរី​មក​កាន់​ទី​ក្រុង​ភ្នំពេញ។ ឥឡូវ​នេះ​ពួកគេ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ពី​នាយក​ដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ។​

លោក​ ឧបនាយក​រដ្ឋ​មន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ប្រសិន​ណា​បើ​ជនជាតិ​ម៉ុងតាញ៉ា​ទាំង​១៣​នាក់​សម្ភាសន៍​ទៅ​រក​ឃើញ​ថា​ពួក​គេ​មិន​មែន​ជា​ជន​ភៀស​ខ្លួន​ កម្ពុជា​និង​បញ្ជូន​ពួក​គេ​ទៅ​ស្រុក​កំណើត​វិញ។​

លោក​និយាយ​ថា៖​«កន្លង​ទៅ​១៣​នាក់​នេះ។​ ១៣​នាក់​ដែល​យក​មក​បាន​ន័យ​ថា​អ្នក​ហ្នឹង​ជា​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ដូច្នេះ​យើង​ត្រូវ​ធ្វើ​បទ​សម្ភាសន៍​បញ្ជាក់​រក​ឯកសារ​ភស្តុតាង​បាន​គ្រប់​គ្រាន់។ បើ​សិន​ណា​រក​ឃើញ​ថា​ពួក​គាត់​ជា​ជន​ភៀស​ខ្លួន​មែន​យើង​ត្រូវ​តែ​បញ្ជូន​ទៅ​ប្រទេស​ទី​៣​ រក​ដៃ​គូ​ប្រទេស​ទី​បី​ដើម្បី​គេ​ទទួល​យក»។​

លោក​ ស ខេង​ បាន​បញ្ជាក់​ថា​បើ​ប្រទេស​ទី​៣​មិន​ទទួល​យក​ទេ​យើង​មិន​អាច​បង្កើត​ជំរំ​ក្នុង​ប្រទេស​កម្ពុជា​ទេ៕