ប៉ូលិសអ៊ីស្រាអែលនិយាយថា រថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿងដែលបើកបរដោយជនជាតិប៉ាលេស្ទីនម្នាក់បានបើកទៅបុកទាហានអ៊ីស្រាអែលមួយក្រុមកាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារដោយចេតនាមួយ។ ហេតុការណ៍វាយប្រហារនោះបានសម្លាប់មនុស្សអស់ចំនួន៤នាក់ និងរបួស១៥នាក់ទៀត ដែលម្នាក់ក្នុងចំណោមនោះរងរបួសធ្ងន់។
អ្នកនាំពាក្យម្នាក់របស់ប៉ូលិសបាននិយាយតាមវិទ្យុអ៊ីស្រាអែលថា៖ «ហេតុការណ៍វាយប្រហារដោយបុកសម្លាប់នោះ គឺជាអំពើភេរវកម្ម»។
អាជ្ញាធរបាននិយាយថា ទាហានបាននាំគ្នាចុះពីលើរថយន្តក្រុងមួយគ្រឿងនៅឯរមណីយដ្ឋាន Armon Hanatziv ដើម្បីទស្សនាទីក្រុងហ៊្សេរុយសាឡិម (Jerusalem) ដែលឡោមព័ទ្ធដោយជញ្ជាំង ខណៈនោះរថយន្តដឹកទំនិញធុនធ្ងន់នោះបានបើកសំដៅទៅបុកទាហានទាំងនោះតែម្តង។
អាជ្ញាធរបាននិយាយថា ពួកគេបានបាញ់សម្លាប់អ្នកបើកបររថយន្តម្នាក់នោះហើយ។ អាជ្ញាធរប៉ាលេស្ទីនបានកំណត់អត្តសញ្ញាណជនដៃដល់ម្នាក់នោះថា ជាអ្នករស់នៅក្នុងតំបន់ Jabal Mukaber ដែលស្ថិតនៅជិតកន្លែងវាយប្រហារនោះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានមានប្រសាសន៍ថា មានសូចនាករបង្ហាញថា អ្នកវាយប្រហារម្នាក់នោះគឺជាអ្នកគាំទ្រក្រុមរដ្ឋឥស្លាម។
ទាហានទាំង៤នាក់ដែលត្រូវបានសម្លាប់នោះស្ថិតក្នុងវ័យ២០ឆ្នាំជាង ក្នុងនោះមានស្ត្រី៣នាក់និងបុរសម្នាក់។
ក្រសួងការបរទេសអាមេរិកបានថ្កោលទោសការវាយប្រហារនោះយ៉ាងធ្ងន់ធ្ងរ៕