កាលពីថ្ងៃសៅរ៍ អាជ្ញាធរប្រទេសអារ៉ាប៊ីសាអូឌីតបានចាប់ខ្លួនមនុស្សជាង៤០០នាក់ដែលភាគច្រើនជាជនជាតិអារ៉ាប៊ីសាអូឌីតដែលជាប់សង្ស័យថា មានចំណងទាក់ទងជាមួយពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម។
ក្រសួងមហាផ្ទៃនៃប្រទេសអារ៉ាប៊ីសាអូឌីតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានជាផ្លូវការនៃប្រទេសអារ៉ាប៊ីសាអូឌីត SPA ថា ការចាប់ខ្លួនជនទាំងនេះជាផ្នែកមួយនៃកិច្ចប្រតិបត្តិការធំមួយដើម្បីរារាំងការវាយប្រហារដែលក្រុមរដ្ឋឥស្លាមគ្រោងធ្វើទៅលើព្រះវិហារ បេសកកម្មការទូតមួយ កងកម្លាំងសន្តិសុខ និងកន្លែងរបស់រដ្ឋាភិបាលនៅក្នុងខេត្ត Sharurah នៃប្រទេសនេះ។
សេចក្តីប្រកាសនេះធ្វើឡើងមួយថ្ងៃ ក្រោយពីមានការវាយប្រហារមួយដោយក្រុមរដ្ឋឥស្លាមទៅលើផ្សារមួយដែលមានមនុស្សកុះករនៅក្នុងខេត្ត Diyala នាប៉ែកខាងកើតនៃប្រទេសអ៊ីរ៉ាក់បណ្តាលឱ្យមនុស្ស១១៥នាក់ស្លាប់។
ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីតបានចោទប្រកាន់ជនដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ថា បានរៀបចំការបំផ្ទុះគ្រាប់បែកអត្តឃាតពីរលើក កាលពីខែឧសភាដែលបានបណ្តាលឱ្យមនុស្សរហូតដល់២៥នាក់ស្លាប់នៅក្នុងព្រះវិហារ Shi'ite នៅក្នុងផ្នែកខាងកើតប្រទេសដែលសំបូរប្រេងមួយនេះ។
គេរាយការណ៍ថាបុរសអារ៉ាប៊ីសាអូឌីទម្នាក់ដែលត្រូវបានមនុស្សមួយចំនួនជួយបានបំផ្ទុះខ្លួនឯងនៅក្នុងព្រះវិហារ Shi'ite ហើយបានសម្លាប់អ្នកគោរពសាសនា ឥស្លាម២៧នាក់កាលពីខែមិថុនា៕