តំណាងមន្ទីរពេទ្យថ្លែងថា ប្រតិបត្តិការរបស់មន្ទីរពេទ្យមនុស្សធម៌ដ៏ធំនេះនឹងនៅតែដំណើរការដូចសព្វដង ហើយសង្ឃឹមថា សប្បុរសជននឹងបន្តជួយឧបត្ថម្ភមន្ទីរពេទ្យនេះបន្តទៀត។
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិតបេអាត រិចឆ្នឺរ (Beat Richner) នឹងលាលែងពីមុខតំណែងរបស់លោក ក្នុងតួនាទីជានាយកគ្រប់គ្រងនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានផ្តល់ការព្យាបាលជំងឺដល់កុមារកម្ពុជាជាច្រើននាក់ ដោយឥតយកកម្រៃ។ ការគ្រោងលាលែងពីតួនាទីរបស់លោកកើតឡើង ខណៈលោកកំពុងធ្លាក់ខ្លួនឈឺធ្ងន់។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈគ្រប់គ្រងមន្ទីរពេទ្យដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី២៨ ខែមីនានេះ។
សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ភីធឺរ ស្ទូដឺរ (Peter Studer) ដែលជាអនុប្រធានក្រុមប្រឹក្សាមន្ទីរពេទ្យគន្ធបុប្ផា នឹងឡើងកាន់ការងារជំនួសលោក វេជ្ជបណ្ឌិត រិចឆ្នឺរ ដើម្បីចាត់ចែងកិច្ចការរបស់មន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត ភីធឺរ ស្ទូដឺរ នឹងបំពេញតួនាទីជានាយកមន្ទីរពេទ្យស្តីទី។
លោកវេជ្ជបណ្ឌិត រិចឆ្នឺរ ដែលមានវ័យ ៧០ឆ្នាំ គឺជាស្ថាបនិកនៃមន្ទីរពេទ្យមនុស្សធម៌គន្ធបុប្ផា។ លោកបានជួយធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាដំណើការនៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩២ បន្ទាប់ពីមន្ទីរពេទ្យនេះត្រូវបានបំផ្លិចបំផ្លាញនៅសម័យសង្គ្រាម។
ដោយសារការកើនឡើងនៃតម្រូវការសេវាព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ មន្ទីរពេទ្យនេះត្រូវបានពង្រីកបន្ថែមចំនួនបួនទៀត នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ បច្ចុប្បន្នមានបុគ្គលិកចំនួន២៥០០នាក់ កំពុងបម្រើការឲ្យមន្ទីរពេទ្យទាំងនេះ។
លោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ (Denis Laurent) ជំនួយការលោកវេជ្ជបណ្ឌិត Richner មិនអាចបញ្ជាក់ប្រាប់ VOA ថា លោកវេជ្ជបណ្ឌិត រិចឆ្នឺរ ធ្លាក់ខ្លួនឈឺតាំងពីពេលណានោះទេ។ តែលោកសម្តែងក្តីក្រៀមក្រំចំពោះស្ថានភាពជំងឺរបស់ លោកវេជ្ជបណ្ឌិត រិចឆ្នឺរ។ លោក ឡូរ៉ង់ មានប្រសាសន៍បន្តថា ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា នឹងដំណើរការទៅជាធម្មតា ហើយលោកសង្ឃឹមថា មន្ទីរពេទ្យនឹងបន្តទទួលបានជំនួយសប្បុរសធម៌ នៅគ្រាលោកវេជ្ជបណ្ឌិត រិចឆ្នឺរ កំពុងឈឺធ្ងន់។
«យើងសង្ឃឹមថា យើងនឹងមិនទទួលរងផលប៉ះពាល់ ប៉ុន្តែយើងមិនអាចដឹងទេ។ យ៉ាងណាក៏ដោយ អ្វីដែលបានយើងបានធ្វើរួចហើយនោះ គឺថា យើងបានជម្រាបរាជរដ្ឋាភិបាលកម្ពុជាអំពីស្ថានភាពថ្មីៗ។ ហើយយើងសង្ឃឹមថា អ្នករាល់គ្នាអាចជួយមន្ទីរពេទ្យគន្ធបុប្ផា ដូចកាលពីពេលមុន»។
លោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ ក៏មិនអាចបញ្ជាក់បានថាតើ លោកវេជ្ជបណ្ឌិត រិចឆ្នឺរ មានជំងឺអ្វីនោះទេ។ លោកវេជ្ជបណ្ឌិត ឡូរ៉ង់ មានប្រសាសន៍ថា លោកវេជ្ជបណ្ឌិត រិចឆ្នឺរ ពុំមានប្រពន្ធកូនទេ។
ជាង២៥ឆ្នាំមកនេះ មានកុមារជាង១២លាននាក់បានទទួលការព្យាបាលជំងឺពីមន្ទីរពេទ្យគន្ធបុប្ផា ដែលមានទីតាំងចំនួនប្រាំកន្លែងនៅក្នុងប្រទេស។ បើតាមតួលេខប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផាឆ្នាំ២០១៦ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត រិចឆ្នឺរ បានឲ្យដឹងថា កុមារមានជងឺចំនួន ៨៤៨ ៣៩៣នាក់ ត្រូវបានព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ដែលកើនឡើង ១២ភាគរយ ច្រើនជាងឆ្នាំ២០១៥។ តួលេខបានបង្ហាញថា កុមារមានជំងឺធ្ងន់ធ្ងរចំនួន ១៥៥ ៣៣៨ នាក់ ត្រូវបានដាក់ឲ្យសម្រាកនៅមន្ទីរពេទ្យ ដែលចំនួននេះកើនឡើង១៣ ភាគរយ ច្រើនជាងក្នុងឆ្នាំ២០១៥។
គិតមកត្រឹមខែមីនា ឆ្នាំ២០១៧ មានកុមារជាង ៧ម៉ឺននាក់បានមកទទួលការព្យាបាល និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានេះ។
ម្តាយដែលបានយកកូនមកព្យាបាលជងឺនៅមន្ទីរពេទ្យគន្ធបុផ្ផា បានសម្តែងក្តីបារម្ភចំពោះសុខភាពរបស់លោក វេជ្ជបណ្ឌិត រិចឆ្នឺរ។
អ្នកស្រី ពេញ ធីតា វ័យ៣០ឆ្នាំ និយាយថាលោកវេជ្ជបណ្ឌិត រិចឆ្នឺរ បានធ្វើកិច្ចការយ៉ាងច្រើនដើម្បីសង្គ្រោះជីវិតកុមារកម្ពុជា។ អ្នកស្រីមានការបារម្ភយ៉ាងខ្លាំងផងដែរចំពោះស្ថានភាពជំងឺរបស់លោកវេជ្ជបណ្ឌិត រិចឆ្នឺរ។
«គាត់ជាមនុស្សល្អម្នាក់ហ្មង និយាយមួយម៉ាត់ថា គាត់ល្អហ្មង ល្អដូចថាគ្មានអ្វីប្រៀបបានទេ ដូចគាត់ ដូចទេព្តាមួយក្នុងប្រទេសកម្ពុជាខ្មែរយើងអញ្ចឹង»។
កញ្ញា ឡាយ ស្រីណុច វ័យ២០ឆ្នាំ ដែលបានយកក្មួយមកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ បាននិយាយប្រាប់ VOA ថា ប្រសិនបើមិនមានវត្តមានលោកវេជ្ជបណ្ឌិត រិចឆ្នឺរ នោះកុមារកម្ពុជាជាច្រើន នឹងប្រឈមផលវិបាក ព្រោះតែកង្វះមូលនិធិ។ យ៉ាងណាក៏ដោយ កញ្ញាសរសើរការលះបង់របស់លោក រិចឆ្នឺរ ក្នុងការជួយកុមារកម្ពុជា។
«ស្ញប់ស្ញែងគាត់ថា គាត់គ្រាន់តែជាជនជាតិបរទេសម្នាក់ ប៉ុន្តែគាត់ជួយកុមារដូចជាប្រជាជននៅខ្មែរហ្នឹង គាត់មានបញ្ហាអីគឺគាត់ផ្តល់ការព្យាបាល និងការថែរទាំដោយអត់មានបង់ប្រាក់»។
លោកវេជ្ជបណ្ឌិត រិចឆ្នឺរ កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ ក្នុងទីក្រុង Zurich ប្រទេសស្វ៊ីស។ លោកទទួលបានសញ្ញាប័ត្រជំនាញវិជ្ជាពេទ្យកុមារក្នុងឆ្នាំ ១៩៧៣ នៅពេលលោកធ្វើការនៅមន្ទីរពេទ្យកុមារក្រុង Zurich។ នេះបើយោងតាមគេហទំព័រផ្ទាល់ខ្លួនរបស់លោកវេជ្ជបណ្ឌិត រិចឆ្នឺរ។
លោក វេជ្ជបណ្ឌិត រិចឆ្នឺរ ត្រូវបានបញ្ជូនមកធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផា នៅប្រទេសកម្ពុជាក្នុងចន្លោះឆ្នាំ១៩៧៤ និង១៩៧៥ ដោយកាកបាទក្រហមប្រទេសស្វ៊ីស។ ក្រោយសម័យសង្គ្រាម គឺនៅខែធ្នូ ឆ្នាំ១៩៩១ រដ្ឋាភិបាលកម្ពុជាស្នើឲ្យលោកកសាងឡើងវិញ និងគ្រប់គ្រងមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលត្រូវបានបំផ្លិចបំផ្លាញក្នុងសម័យសង្គ្រាម។
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចប្រាប់ VOA ថា លោកវេជ្ជបណ្ឌិត រិចឆ្នឺរ បានកសាងស្នាដៃជាច្រើន ក្នុងការជួយប្រទេសកម្ពុជាតាមការសង្គ្រោះកុមារកម្ពុជាជាច្រើនឆ្នាំមកនេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា៖
«យើងមានការសោកស្តាយ ទោះបីលោកមិនទាន់បាត់បង់ជីវិតក៏ពិតមែន ក៏សូមបួងសួង ឲ្យទេវព្តាឆ្នាំថ្មីទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជួយទ្រទ្រង់លោកឲ្យបានជាសះស្បើយ លើរោគាព្យាធិរបស់លោកនេះ ហើយមានកម្លាំងពលំម៉ាំមួនដើម្បីដំណើរការ គ្រប់គ្រងមន្ទីរពេទ្យដើម្បីជួយសង្គ្រោះកុមារកម្ពុជា ជាច្រើនតទៅមុខទៀតបាទ»។
ក្រុមអ្នកវិភាគនិយាយថា លោកវេជ្ជបណ្ឌិត រិចឆ្នឺរ ជាគំរូដ៏ល្អមួយដល់មន្ត្រីរដ្ឋាភិបាលក្នុងការសង្គ្រោះជីវិតកុមារកម្ពុជា។ ជាមួយគ្នានេះ ពួកគេមានមន្ទិលថា ហេតុអ្វីបានជាមន្ត្រីរដ្ឋាភិបាល មិនបានគិតគូអំពីការពង្រីកមន្ទីរពេទ្យនេះបន្ថែមទៀត តែបែរជាចំណាយថវិកាលើកិច្ចការដែលពុំមែនជាអាទិភាពសម្រាប់ការអភិវឌ្ឍន៍ប្រទេស ក្នុងនោះមានការចំណាយលុយរាប់សែនដុល្លារទៅបុណ្យសពរបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូប ដែលបានស្លាប់កាលពីពេលថ្មីៗនេះ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គមមានប្រសាសន៍ថា៖
«ការជួយរបស់គាត់ហ្នឹង វាមានរយៈពេលជាង២០ឆ្នាំ ចូលជិត៣០ឆ្នាំហើយដែរ ប៉ុន្តែយើងហាក់ដូចមិនទាន់ឃើញនូវសញ្ញាណាមួយដែលរដ្ឋាភិបាល ពិសេសក្រសួងរដ្ឋាភិបាល នឹងមានលទ្ធភាពក្នុងការចាប់យកមន្ទីរពេទ្យហ្នឹងមកបន្តកិច្ចប្រតិបត្តិការឲ្យនៅដូចសព្វថ្ងៃហ្នឹង ដើម្បីជួយកុមារខ្មែរ។ យើងឃើញរហូតមកដល់ពេលនេះ មន្ទីរពេទ្យហ្នឹងអត់មានបានរីករាលដាលទៅខេត្តដទៃទៀត ដែលរដ្ឋាភិបាលឃើញគំរូហ្នឹងគួរតែចម្លងយក ហើយថាបង្កើតយ៉ាងហោចណាស់ក៏បានមួយ ឬពីរក្នុងរយៈពេល២០ឆ្នាំចុងក្រោយហ្នឹង។ យើងឃើញថា អត់មានសោះ អញ្ចឹងអានេះគឺជាចំណុចខ្សោយមួយដែលរដ្ឋាភិបាលគួរតែពិចារណាមើល»។
«គន្ធបុប្ផា» គឺជាព្រះនាមរបស់បុត្រីមួយអង្គរបស់អតីតព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចនរោត្តម សីហនុ។ បុត្រីអង្គនេះបានសោយទិវង្គតនៅព្រះជន្ម៥ព្រះវស្សា នៅឆ្នាំ១៩៥២។
នៅពេលមានដំណឹងថា លោកវេជ្ជបណ្ឌិត រិចឆ្នឺរ កំពុងឈឺធ្ងន់នេះ ក្រុមអ្នកប្រើប្រាស់បណ្តាញស្គមហ្វេសប៊ុក បានចូលរួមជូនពរលោកវេជ្ជបណ្ឌិតឲ្យឆាប់ជាសះស្បើយពីជំងឺ។ ពួកគេនិយាយថា នៅកម្ពុជាពិបាកនឹងរកមនុស្សមានមេតា្តធម៌ដូចលោកវេជ្ជបណ្ឌិត រិចឆ្នឺរ ដែលបានលះបង់ពេលវេលាសង្គ្រោះកុមារក្នុងប្រទេសដ៏ក្រីក្រនេះ៕
រាយការណ៍បន្ថែមដោយកញ្ញា ហ៊ាន សុជាតា