អតីតមន្ត្រីសន្តិសុខជាតិសហរដ្ឋអាមេរិកមួយក្រុមដែលមានគ្នា៥៨នាក់មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃចន្ទបានរួមគ្នាអះអាងថា លោកប្រធានាធិបតី Donald Trump គ្មានមូលដ្ឋានត្រឹមត្រូវក្នុងការប្រកាសដាក់ប្រទេសជាតិក្នុងស្ថានភាពអាសន្នដើម្បីសង់ជញ្ជាំងនៅតាមព្រំដែនរវាងអាមេរិកនិងប្រទេសម៉ិកស៊ិកដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ទេ។
អតីតក្រុមមន្ត្រីទាំងនោះបាននិយាយថា «គ្មានភស្តុតាងណាដែលគួរឲ្យទុកចិត្តបាននៅក្នុងការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរបស់លោកប្រធានធិបតី ដើម្បីឲ្យលោកអាចយកថវិកាទៅសង់ជញ្ជាំងព្រំដែនភាគខាងត្បូងបានទេ»។
ក្រុមអតីតមន្ត្រីដែលបានចុះហត្ថលេខានៅលើសេចក្តីថ្លែងការរួមគ្នានោះរួមមាន ក្រុមអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Madeleine Albright លោក John Kerry អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក Chuck Hagel អតីតទីប្រឹក្សាសន្តិសុខជាតិ លោកស្រី Susan Rice អតីតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ លោក Thomas Pickering អតីតនាយក CIA លោក Leon Panetta និងអតីតទីប្រឹក្សាក្រសួងការបរទេសលោក Eliot Cohen។
លោក Trump បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពី១០ថ្ងៃមុន ដើម្បីជៀសវាងសុំការអនុម័តពីរដ្ឋសភាលើសំណើថវិការបស់លោកចំនួន៥ពាន់៧រយលានដុល្លារដើម្បីសង់ជញ្ជាំងព្រំដែន ដែលលោកនិយាយថាជាការចាំបាច់ ដើម្បីទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងចូលមកក្នុងសហរដ្ឋអាមេរិក និងដើម្បីហាមឃាត់ការដឹកជញ្ជូនថ្នាំញៀនផងដែរ។ រដ្ឋសភាបានអនុម័តផ្តល់ថវិកាចំនួន១ពាន់៣៧៥លានដុល្លារសម្រាប់សង់របារព្រំដែន ប៉ុន្តែមិនមែនជាជញ្ជាំងទេ។
លោក Trump មិនបានឆ្លើយតបដោយផ្ទាល់ចំពោះសេចក្តីថ្លែងការដោយអតីតក្រុមមន្ត្រីសន្តិសុខទាំងនេះទេ ប៉ុន្តែលោកបានការពារផែនការសង់ជញ្ជាំងរបស់លោកនៅអំឡុងកិច្ចប្រជុំនៅឯសេតវិមានជាមួយពួកអភិបាលរដ្ឋនានា៕