វីអូអេផ្នែកផ្សាយជាភាសាភូមាបានរាយការណ៍ថាលោកអតីតប្រធានាធិបតី ស.រ.អា. George W. Bush និងភរិយាលោកបានសម្តែងកង្វល់អំពីការចាប់ខ្លួនក្រុមនិស្សិតភូមា។ សេចក្តីថ្លែងការណ៍របស់លោកអតីតប្រធានាធិបតី Bush និង ភរិយាលោកចែងថា នៅក្នុងចំណោមក្រុមជនបានត្រូវចាប់ខ្លួនមាន Phyo Phyo Aung អគ្គលេខាធិការនៃសហព័ន្ធសហភាពនិស្សិតក្នុងទូទាំងប្រទេសភូមាដែលភាសាអង់គ្លេសហៅថា All-Burma Federation of Student Unions និងជាអ្នកចូលរួមម្នាក់ក្នុងវេទិកាសេរីភាពនិងភាពជាមេដឹកនាំរបស់វិទ្យាស្ថាន Bush ផងដែរ។ សេចក្តីថ្លែងការណ៍នេះក៏បាននិយាយដូច Phyo Phyo Aung ដែរថាបាតុករជាច្រើននាក់ជាក្រុមនិស្សិតដែលធ្វើការដើម្បីគាំទ្រអន្តរកាលនៃប្រទេសភូមាដោយទ្រទ្រង់ប្រព័ន្ធសិក្សាអប់រំមួយមានតម្លាភាពនិងការទទួលខុសត្រូវខ្ពស់៕