លោក Hastert អតីត​ប្រធាន​សភា​អាមេរិក​ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ

លោក Dennis Hastert ​អតីត​ប្រធាន​សភា​អាមេរិក​ត្រូវ​បាន​នាំ​ចេញ​ពី​សវនាការ​សហព័ន្ធ​ កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅ​ក្នុង​ក្រុង Chicago បន្ទាប់​ពី​ការ​កាត់​ទោស​របស់​លោក។

លោក Dennis Hastert ​អតីត​ប្រធាន​សភា​អាមេរិក​ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​១៥​ខែ ​ក្នុង​ករណី​ពាក់ព័ន្ធ​នឹង​ប្រាក់​បិទ​មាត់​ដែល​លោក​បាន​បង់​ឲ្យ​ទៅ​សិស្ស​ម្នាក់ក្នុង​ចំណោម​អតីត​សិស្ស​របស់​លោក​យ៉ាង​ហោច​ណាស់ចំនួន​៤​នាក់​ ដែល​គេ​ចោទប្រកាន់​ថា លោក​បាន​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​សិស្ស​រូប​នោះ​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន។

លោក Hastert ​ក៏​នឹង​ត្រូវទទួល​ការ​អប់រំ​កែ​ប្រែ​សម្រាប់អ្នក​ប្រព្រឹត្តការ​បំពាន​ផ្លូវភេទ​ ​ស្ថិត​ក្រោម​ការ​តាមដាន​រយៈពេល​២​ឆ្នាំ​ក្រោយ​ពី​ចេញ​ពី​ពន្ធនាគារ និង​បង់​ប្រាក់​ពិន័យ​ចំនួន​២​សែន​៥​ម៉ឺន​ដុល្លារ​ផង​ដែរ។ ​

មុន​ពេល​កាត់ទោស ចៅក្រម​តុលាការ​សហព័ន្ធ​ទីក្រុង Chicago ​គឺ​លោក Thomas Thornton ​បាន​ហៅ​លោក Hastert ថា​ជា​អ្នក​បៀតបៀន​ផ្លូវ​ភេទទៅ​លើ​កុមារ​ជាច្រើន​នាក់។ ​

លោក Hastert ​បាន​សារភាព​ទទួល​កំហុស​កាល​ពី​ឆ្នាំ​មុន ​ថា​បាន​ផ្ទេរ​ប្រាក់​ជា​ច្រើនតាម​គណនីធនាគារ​ ទោះ​បី​ជា​បរិមាណ​នោះលើស​ពីបរិមាណ​ដែល​ច្បាប់​អនុញ្ញាត​ក៏​ដោយ។​

លោក Hastert ​ព្យាយាម​ផ្ទេរ​ប្រាក់​ចំនួន​៣​លាន​៥​សែន​ដុល្លារ​ដល់​បុរស​ម្នាក់ដែល​បច្ចុប្បន្ន​នេះស្ថិត​ក្នុង​វ័យ​ជាង៥០​ឆ្នាំ ដើម្បី​បិទ​បាំង​អំពី​ការ​បំពាន​ផ្លូវ​ភេទ​របស់​ខ្លួន​ទៅ​លើ​បុរស​ម្នាក់​នោះ កាល​ពី​ពេល​ដែល​លោក Hastert ធ្វើ​ជា​គ្រូ​បង្វឹក​កីឡា​បោក​ចំបាប់​នៅ​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋ Illinois។

លោក Hastert ​មិន​ត្រូវ​បាន​កាត់​ទោសលើ​ករណីបំពាន​ផ្លូវ​ភេទ​នោះ​ទេ ដោយសារ​តែ​អាជ្ញាយុកាល​នៃ​ករណី​បំពាន​ផ្លូវភេទ​នោះ​បាន​ផុត​កំណត់​ទៅ​ហើយ៕