អតីត​មន្រ្តី​លោក​ត្រាំ​ ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ​ពីបទ​លាងលុយទុច្ចរិត

លោក Paul Manafort អតីត​ប្រធាន​យុទ្ធនាការ​បោះ​ឆ្នោត​លោក​ត្រាំ​ ចាកចេញ​ពី​តុលាការ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០២ វិច្ឆិកា ២០១៧។

ចៅក្រម​ស.រ.អា.​បាន​បដិសេធបណ្តឹង​កាលពី​ថ្ងៃព្រហស្បតិ៍​របស់​អតីត​មន្ត្រី​យុទ្ធនាការ​បោះឆ្នោត​ពីរនាក់​របស់លោក​ប្រធានាធិបតី​ Donald Trump ​ដែល​សុំបញ្ចប់​ការ​ឃុំឃាំង​ពួកគេ​ក្នុង​ផ្ទះ​ រង់ចាំ​ការ​កាត់ទោស​ពីបទ​លាង​លុយទុច្ចរិត​ច្រើនលាន​ដុល្លារ ដែល​ពួកគេ​បានទទួល​សម្រាប់​ធ្វើ​កិច្ចការ​ឲ្យ​លោក Viktor Yanukovych ​ដែលជា​បុរសខ្លាំងនៅ​ប្រទេស​អ៊ុយក្រែន​កាលពី​មុន ដូច្នេះ​ពួក​គេអាច​លាក់លុយ​ចំណូល​របស់គេ​មិនឲ្យ​អាជ្ញាធរ​ស.រ.អា.​ដឹង។​

លោក ​ Paul Manafort ​ដែលបាន​ធ្វើជាប្រធាន​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី​រយៈពេល​៣ខែ​ ហើយ​នឹងដៃគូ​ធ្វើកិច្ចការ​ជំនួញ​របស់​លោក​ឈ្មោះ ​ Rick Gates ​ដែល​ជាអនុប្រធាន​យុទ្ធនាការ​នោះ​ ​បាន​សុំឲ្យ​ចៅក្រម​រដ្ឋធានី​វ៉ាស៊ីនតោន​បញ្ចប់ការ​ឃុំឃាំង​ពួក​គេក្នុង​ផ្ទះ។​ ពេលពួក​គេត្រូវ​ចោទ​ប្រកាន់​កាល​ពីថ្ងៃចន្ទ ​ ចៅក្រម​តម្រូវ​ឲ្យ​លោកManafort ​បង់លុយ​១០​លានដុល្លារបើលោក​មិន​បង្ហាញ​ខ្លួនក្នុង​សវនាការ​ក្នុង​ពេល​អនាគត ​ហើយលោក ​Gates ​ត្រូវបង់៥​លាន​ដុល្លារ៕