លោក​ លី ​អតីត​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​បាន​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​១៥ឆ្នាំ

រូបឯកសារ៖ អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Lee Myung-bak ត្រូវ​បាន​ជួយ​ដោយ​មន្ត្រី​ពន្ធនាគារ​នៅ​ពេល​លោក​មក​ដល់​តុលាការ​ដើម្បី​ចូល​រួម​សវនាការ​កាល​ពី​ថ្ងៃទី​៦ កញ្ញា ២០១៨។

លោក ​Lee Myung-bak ​អតីត​ប្រធានា​ធិបតី​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ត្រូវ​តុលា​ការ​កាត់​ទោស​ឲ្យ​ជាប់​គុក​១៥​ឆ្នាំ​នៅ​ថ្ងៃ​សុក្រ​នេះ​លើ​បទ​ចោទ​ប្រកាន់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

លោក​ Lee ​ក៏​បាន​ត្រូវ​តុលាការ​បញ្ជា​ឲ្យ​បង់​ប្រាក់​ពិន័យ​ជិត​១១​លាន​៥​សែន​ដុល្លារ​ផង​ដែរ។

លោក​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ទទួល​ប្រាក់​សំណូកពីក្រុម​ហ៊ុន​ Samsung ​ហើយ​នឹង​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​ខណៈ​ដែលនៅ​កាន់​អំណាច ​ហើយ​នឹង​លួច​បន្លំ​ប្រាក់​ជិត​៣៥​លាន​ដុល្លារ​មកក្រុម​ហ៊ុនចំនួន​៣​ដែល​លោក​បាន​ពាក់​ព័ន្ធ។

ពួក​រដ្ឋ​អាជ្ញា ​កាល​ពី​ដំបូង​បាន​ស្វះ​ស្វែង​រក​ដាក់​ទោស​លោក​២០​ឆ្នាំ​ចំពោះ​សកម្ម​ភាព​ទាំង​នេះ​របស់​លោក។

លោក ​Lee​ បាន​បដិសេធ​ថា ​លោក​ពុំ​បាន​ធ្វើ​អ្វី​ខុស​ទេ​ហើយ​បាន​ហៅ​ការ​កាត់​ទោស​លោក​ថា​ «ជា​ការ​សង​សឹក​ខាង​នយោបាយ»។ ​លោក​បាន​ស្ថិត​នៅ​ក្នុងការ​ឃុំឃាំង​ចាប់​តាំង​ពី​ថ្ងៃ​ទី២៣ ​ខែមីនា​មក។

លោក Lee ​ជា​មេដឹកនាំជាប់​ឆ្នោត​កូរ៉េខាងត្បូងទី៤​ដែល​បាន​ជាប់​គុក​បន្ទាប់​ពី​ចាក​ចេញ​ពី​ដំណែងនីតិ​ប្រតិបត្តិមក។

​ក្នុង​ការ​កាត់​ទោស​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ដែល​មាន​រយៈ​ពេល​ជិត​៩០​នាទី ​តុលាការ​បាន​សម្រេច​ថា ​អតីត​ប្រធានា​ធិបតី Lee ​ជាម្ចាស់​ក្រុម​ហ៊ុន​ DAS ​ពិត​ប្រាកដ​ដែល​បាន​ដាក់​ឈ្មោះ​បង​ប្អូន​ប្រុស​របស់​លោក។ លោក​ Lee ​បាន​ត្រូវ​គេ​សង្ស័យ​ជា​យូរ​យា​ណាស់​មក​ហើយ​ថា​ លោក​ជា​ម្ចាស់​ក្រុម​ហ៊ុន​ DAS ​ដែល​ជា​ក្រុម​ហ៊ុនពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ដែល​នាំ​ឲ្យ​លោក​ជាប់​គុក៕