អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​នឹង​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ

លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង Jacob Zuma ប្រកាស​លែងលា​ពី​តំណែង​នៅ​អគារ Union Buildings នៅ​ក្នុង​ក្រុង Pretoria ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង លោក Jacob Zuma ត្រូវ​បាន​កោះហៅ​ឲ្យ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ខាង​មុខ​នេះ ដើម្បី​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

ប៉ូលិស​បាន​និយាយ​ថា លោក Zuma ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះហៅ​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​កាល​ពី​ខែ​មុន ក្រោយ​ពី​គណបក្ស​របស់​លោក​លែង​គាំទ្រ​លោក​ត​ទៅ​ទៀត។ ​

អាជ្ញាធរ​កាត់ទោស​ជាតិ​នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​និយាយ​កាល​ពី​ដើម​ខែ​នេះ​ថា ខ្លួន​នឹង​ចោទប្រកាន់​លោក Zuma លើ​១៦​ករណី ដោយ​រួម​ទាំង​ករណី​បន្លំ ទុច្ចរិត ពុករលួយ និង​ការ​លាង​លុយ​កខ្វក់។ ​

ការ​ចោទប្រកាន់​ទាំង​នោះ​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចព្រមព្រៀង​អាវុធ​កាល​ពី​អំឡុង​ទសវត្សរ៍​៩០ ហើយ​ត្រូវ​បាន​លុបចោល​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មុន​នឹង​លោក Zuma បាន​ជាប់​ជា​ប្រធានាធិបតី​ដោយ​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ​២០០៩។

លោក Zuma គឺ​ជា​អនុប្រធានាធិបតី​កាល​ពីពេល​ធ្វើ​កិច្ចព្រមព្រៀង​អាវុធ​នោះ។ លោក Schabir Shaikh ដែល​ជា​អតីត​ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​លោក ត្រូវ​បាន​រកឃើញ​ថា​មាន​កំហុស​កាល​ពី​ឆ្នាំ​២០០៥ ចំពោះ​ការ​ព្យាយាម​ទាមទារ​ប្រាក់​ឲ្យ​លោក Zuma ពី​ក្រុមហ៊ុន​ផលិត​អាវុធ​បារាំង​មួយ។ លោក Zuma បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ខុសឆ្គងនោះ​ទេ៕