អតីតសមាជិកជាន់ខ្ពស់មួយរូបរបស់គណបក្សភ្លើងទៀន លោកស៊ុន ចន្ធី អះអាងថាលោកបង្កើតគណបក្សនយោបាយថ្មីមួយ គឺដើម្បីរួមចំណែកដល់ការស្តាឡើងវិញនូវដំណើរការប្រជាធិបតេយ្យ។
គណបក្សនយោបាយថ្មីនេះ មានឈ្មោះថា «គណបក្សកម្លាំងជាតិ» ហើយត្រូវ បានទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃកាលពីថ្ងៃទី១២ ខែតុលា។ លោកស៊ុន ចន្ធីដែលជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ធំគឺជាប្រធានគណបក្សនយោបាយដែលទើបតែត្រូវបានបង្កើតឡើងនេះ។
ក្នុងការឆ្លើយឆ្លងជាមួយសំឡេងសហរដ្ឋអាមេរិក(វីអូអេ)តាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកលោកស៊ុន ចន្ធី ថ្លែងថា គណបក្សនយោបាយរបស់លោកនឹងធ្វើឱ្យមានអ្នកនយោបាយជំនាន់ក្រោយដែលគាំទ្រលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងដើម្បីស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលលោកថាកំពុងធ្លាក់ចុះខ្លាំង។
លោកលើកឡើងថា៖«មូលហេតុដែលខ្ញុំបានរៀបចំបង្កើតគណបក្សកម្លាំងជាតិនេះឡើងគឺក្នុងគោលបំណងសំខាន់ពីរ ទី១គឺចង់ឱ្យមានអ្នកនយោបាយប្រជាធិបតេយ្យជំនាន់ក្រោយពិតប្រាកដ ហ្នឹងទី១។ ទី២ គឺដើម្បីស្រោចស្រង់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យមានដំណើរការរស់រវើកឡើងវិញ បន្ទាប់ពីយើងបានមើលឃើញថាដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបានរងគ្រោះស្ទើតែស្លាប់បាត់បង់ទៅហើយនោះក្នុងពេលបច្ចុប្បន្ននេះ»។
បើតាមលោកស៊ុន ចន្ធី គណបក្សភ្លើងទៀនកំពុងស្ថិតក្នុងស្ថានភាពជាប់គាំងមួយដែលលោកជឿថាមិនអាចចូលរួមទ្រទ្រង់ដំណើរការប្រជាធិបតេយ្យបានទេ ដោយ លើកហេតុផលថាគណបក្សនេះកំពុងប្រឈមមុខនឹងកង្វះភាពស្របច្បាប់ ពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។
លោកបន្ថែមថា៖ «ខ្ញុំមើលឃើញថា នៅក្នុងស្ថានភាពចុងក្រោយនេះ គណបក្សភ្លើងទៀនមិនអាចបន្តសកម្មភាពដើម្បីជំរុញឱ្យមានដំណើរការប្រជាធិបតេយ្យបាននោះទេ បាទ ពីព្រោះគណបក្សភ្លើងទៀននៅពេលនេះប្រៀបបានទៅនឹងកប៉ាល់មួយដែលគឿង គាំងមិនអាចទៅមុខទៀតបានទេ ដោយសារគណបក្សភ្លើងទៀនពុំមានឯកសារច្បាប់ដើម ដែលត្រូវបានអនុញ្ញាតឱ្យចូលរួមការ បោះឆ្នោតទៅមុខទៀត»។
ក្នុងការបោះឆ្នោតជាតិចុងក្រោយកាលពីខែកក្កដាកន្លងទៅ គណបក្សភ្លើងទៀនខកខានមិនបានចូលរួមឈរឈ្មោះបោះឆ្នោត ដោយសារគ្មានឯកសារដើមបញ្ជាក់អំពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ ប៉ុន្តែគណបក្សនេះ បានចូលរួមឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ដោយទទួលបានសំឡេងគាំទ្រ១,៦លាននាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកទូច សុខៈ បញ្ជាក់វីអូអេឱ្យដឹងកាលពីសប្តាហ៍មុនថាគណបក្សកម្លាំងជាតិបានបំពេញគ្រប់លក្ខខណ្ឌក្នុងការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។
លោកថ្លែងថា៖ «ជារួមគណបក្សកម្លាំងជាតិនេះ គឺគោរពទៅតាមលក្ខខណ្ឌដែលបញ្ញត្តិដោយច្បាប់ស្តីពីគណបក្សនយោបាយ។ នៅក្នុងហ្នុង ខ្ញុំលើកត្រួសៗខ្លះៗ ដូចជាពាក្យស្នើសុំចុះបញ្ជីគណបក្ស ប្រវត្តិរូប ឬក៏ព័ត៌មានរបស់ស្ថាបនិក របស់សមាជិកគាំទ្រ លក្ខន្តិកៈរបស់គណបក្ស ទីស្នាក់ការកណ្តាលរបស់គណបក្ស រូបសញ្ញា និមិត្តសញ្ញា ហើយឈ្មោះរបស់គណបក្សក៏អាចទទួលយកបាន មិនមានការប៉ះពាល់អីទេ។ ដូច្នេះ គឺក្រសួងមហាផ្ទៃសម្រេចផ្តល់ជូនដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី»។
នៅពេលសួរអំពីស្ថានភាពលិខិតដើមបញ្ជាក់ការចុះបញ្ជីរបស់គណបក្សភ្លើងទៀននៅក្រសួងមហាផ្ទៃ អ្នកនាំពាក្យរូបនេះមិនផ្តល់ការឆ្លើយតបតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅរសៀលថ្ងៃចន្ទនេះ។
ដោយឡែក អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គីម សួរភិរិទ្ធ ថ្លែងថាការបង្កើតគណបក្ស«នយោបាយកម្លាំងជាតិ» នេះមិនត្រូវបានចាត់ទុកថាជាការបំបែកសំឡេងរបស់គណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យនោះទេ ព្រោះគណបក្សនេះមានគោលដៅរួមមួយដូចគណបក្សជំទាស់ឯទៀត ដែលទើបបានបង្កើតសម្ព័ន្ធភាពនយោបាយមួយ ដើម្បីលើកស្ទួយការគោរពសិទ្ធិមនុស្ស និងស្តាលម្ហប្រជាធិប តេយ្យនៅកម្ពុជា។
លោកប្រាប់វីអូអេថា៖ «បាទ ដូចជាអត់មានអីបែកសំឡេងអីទេ។ បន្តិចទៅ គាត់ក៏មកជជែកជាមួយនឹងយើងដែរថា គាត់ចង់មកចូលក្នុងសម្ព័ន្ធភាពហ្នឹងដែរណ៎ា! ដូច្នេះមិនជាចោទអីទេ គ្រាន់តែថាជារូបភាពនយោបាយ គាត់គិតថាភ្លើងទៀនមិនទៅមុខ។ ដូច្នេះគាត់មានវិធីដើររបស់គាត់អ៊ីចឹងទៅណ៎ា! អ៊ីចឹងវាអត់មានបញ្ហាអីទេ។ សំខាន់ឱ្យតែគាត់មានគោលដៅ និងឆន្ទៈប្រហាក់ប្រហែលនឹងយើងដូចយើងអ៊ីចឹងអាចចូលក្នុងសម្ព័ន្ធភាពតែមួយបានហើយ»។
អ្នកវិភាគនយោបាយលោកសេង សារី យល់ថាការបង្កើតគណបក្សកម្លាំងជាតិ ជាយុទ្ធសាស្ត្ររបស់អ្នកនយោបាយជំទាស់ ដើម្បីតទល់នឹងការគាបសង្កត់របស់គណបក្សកាន់អំណាច។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំ ខ្ញុំរាប់ថា ជាយុទ្ធសាស្ត្រមួយនៅក្នុងការទប់ ជាមួយនឹងយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច ដែលតែងតែប្រើយុទ្ធសាស្ត្រផ្សេងៗ ដើម្បីបិទគណបក្សណាដែលមានកម្លាំងប្រកួតប្រជែងជាមួយខ្លួនហ្នឹង។ កន្លងមកយើងឃើញបទពិសោធន៍ជាក់ស្តែង គណបក្សភ្លើងទៀនដែលរាប់ថាជាគណបក្សមួយដែលមានកម្លាំងប្រកួតប្រជែងជាមួយនឹងគណបក្សកាន់អំណាចហ្នឹងត្រូវបានហាមមិនឱ្យចូលរួមការបោះឆ្នោតជាសាកលអាណត្តិទី៧ ឆ្នាំ២០២៣»។
អ្នកវិភាគរូបនេះលើកឡើងទៀតថាគណបក្សកម្លាំងជាតិអាចជាច្រកស្រូបយកសំឡេងគាំទ្ររបស់គណបក្សភ្លើងទៀន បើសិនគណបក្សជំទាស់ដ៏ធំមួយនេះមិនអាចចូលរួមការបោះឆ្នោតពេលខាងមុខបាន ហើយក៏ជាជន្ទល់ដើម្បីទ្រទ្រង់សម្ព័ន្ធនយោបាយថ្មីមួយគឺ«សម្ព័ន្ធភាពឆ្ពោះទៅអនាគត» បើសិនសម្ព័ន្ធភាពនេះប្រេះឆា ដោយប្រការណាមួយ។ សម្ព័ន្ធភាពនយោបាយថ្មីនេះមានគោលដៅចម្បងក្នុងសា្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយត្រូវបានប្រកាសបង្កើតឡើងកាលពីសប្តាហ៍មុន៕