អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​ផ្តោត​លើ​លម្ហ​​សង្គម​ស៊ីវិល​នៅ​កម្ពុជា

រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ (AP)

តំណាង​ស្ត្រី​សកម្មជន​ឈាន​មុខ​និង​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​មួយ​នៅ​កម្ពុជា​បង្ហាញ​ការព្រួយបារម្ភ​ពី​ការ​បន្ត​រឹតត្បិត​លម្ហសិទ្ធិសេរីភាព​របស់​សង្គមស៊ីវិល​នៅ​ក្នុង​ការ​ពិភាក្សា​មួយ​ក្រោម​ប្រធានបទ​ «ភាព​ជា​អ្នក​ដឹក​នាំ​នយោបាយ​របស់​ស្ត្រី​ ខណៈ​លម្ហ​សង្គមស៊ីវិល​កំពុង​រួម​តូច​នៅ​អាស៊ាន»។

ការ​ពិភាក្សា​តាម​ប្រព័ន្ធ​អនឡាញ​រយៈពេល​មួយ​ម៉ោង​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១១ ខែ​ឧសភា​ ដោយមាន​ការ​ចូល​រួម​ពី​ស្ត្រី​សកម្មជន​ពី​ប្រទេស​មីយ៉ាន់ម៉ា កម្ពុជា ហ្វីលីពីន និង​ថៃ ដែល​បាន​ចែក​រំលែក​ពី​គំនិត​ និង​យោបល់​ផ្សេងៗ ទាក់​ទិន​ការ​លើក​កម្ពស់​ការ​ចូលរួម​ផ្នែក​នយោបាយ​របស់​ស្ត្រី​ ខណៈ​ពេល​មាន​ការ​រឹតត្បិត​លម្ហ​សង្គម​ស៊ីវិល​នៅ​ក្នុង​តំបន់។ កិច្ចពិភាក្សា​ដដែល​នោះ​ ក៏​បាន​លើកឡើង​ពី​បែបផែន​ដែល​ភាគីពាក់ព័ន្ធ​ក្នុង​ឆាកអន្តរជាតិ​អាច​ចូលរួម​ដោះស្រាយ​ជុំវិញ​ការ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ​នៅ​អាស៊ាន។

ស្ត្រី​ជា​មេដឹកនាំលេចធ្លោសំខាន់​ៗ រួម​មាន​អ្នកស្រី​ Chiranuch Premchaiporn សកម្មជន​ផ្នែក​បណ្តាញ​ផ្សព្វ​ផ្សាយ​ និង​សហស្ថាបនិក​នៃ​បណ្តាញ​ផ្សព្វផ្សាយ Prachatai ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​តាម​ប្រព័ន្ធ​អនឡាញ ​អ្នក​ស្រី​ Khin Lay សកម្មជន​នយោបាយ​នៅ​មីយ៉ាន់ម៉ា និង​ជា​ស្ថាប​និក​អង្គការ​ Triangle Women Organization (TWO) អ្នកស្រី​ Teresita Quintos Deles សហស្ថាបនិក​ អតីត​ប្រធាន​ និង​អ្នក​ដឹកនាំផ្នែក​ស្ត្រីនៃ​មជ្ឈមណ្ឌល​លើ​នវានុវត្តន៍​ ការ​ផ្លាស់ប្តូរ និង​ភាព​ល្អ​ប្រសើរ​ក្នុង​ផ្នែក​អភិបាល​កិច្ច (INCITEGov) និង​អ្នកស្រី​ មូរ សុខហួរ អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចូលរួម​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​ការ​ពិភាក្សានោះ​។

នៅ​ក្នុង​ការ​ពិភាក្សា​ខាង​លើ វាគ្មិន​នីមួយៗ​បាន​និយាយ​រៀបរាប់​ពី​បញ្ហា​ចោទ​ចម្បងៗ​ទៅ​លើ​លម្ហ​សង្គមស៊ីវិលនៅ​តាម​ប្រទេស​របស់​ខ្លួន ដែល​រង​ការ​ប៉ះពាល់​ផ្សេងៗ​តាមរយៈ​ការ​វិវឌ្ឍ​ផ្នែក​សង្គម​និង​នយោបាយ​នៅ​ក្នុង​ប្រទេស​ ក៏ដូចជា​ស្នើ​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ចាត់វិធានការ​ចាំបាច់​មួយ​ចំនួន ក្នុង​កិច្ចប្រឹងប្រែង​ស្តារ​នូវ​ស្ថានភាព​សិទ្ធិ​សេរីភាព​ឡើង​វិញ​ ដែល​ពួកគេ​ចាត់​ទុកថា «កំពុង​ធ្លាក់ចុះ​យ៉ាង​ខ្លាំង»។

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ អ្នក​ស្រី មូរ សុខហួរ បាន​និយាយ​ថា ក្រុម​ស្ត្រី​សកម្មជន​បាន​ចូលរួម​គ្នា​ផ្ញើ​លិខិត​បើក​ចំហ​ពីរទៅ​កាន់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ដោយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​ពួកគេទាក់ទង​នឹង​តួនាទី​ និង​ទំនាក់ទំនង​របស់​សហរដ្ឋអាមេរិក​ជាមួយ​អាស៊ាន នៅ​អំឡុងពេល​ដែល​អ្នកស្រី​ពណ៌នា​ថា «លម្ហ​សង្គមស៊ីវិល​មិនត្រឹមតែ​រួម​តូច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ លែងមាន​តទៅ​ទៀត​ ជា​ពិសេស​នៅ​កម្ពុជា» ។

ដំណាល​គ្នា​នេះ​ដែរ អ្នក​ស្រី​ក៏​បាន​ស្នើ​ឱ្យសហគមន៍​អន្តរជាតិ​ពិចារណា​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មុន​ពេល​សម្រេច​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណាមួយ​ជាមួយ​រដ្ឋាភិបាល​នៃប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ។ អ្នកស្រី​បាន​ថ្លែងជា​ភាសា​អង់គ្លេស និង​ត្រូវ​បាន​ប្រែសម្រួល​ជា​ភាសាខ្មែរ​ថា៖

«យើង​ចង់​និយាយ​ឱ្យ​បាន​ច្បាស់​ទៅ​កាន់​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ សូម​កុំ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ណា​មួយ​ ដែល​មិន​មាន​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស ហើយ​សូម​ដាក់​ជា​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស។ សូម​កុំ​ទទួលស្គាល់​មេដឹកនាំ​មិន​ស្រប​ច្បាប់ សូម​កុំ​ផ្តល់​ឱ្យពួកគេ​នូវ​លម្ហ​ដើម្បី​បន្ត​ មិនត្រឹម​តែ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ និង​លម្ហ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បំផ្លាញ​ជីវិត​ផង​ដែរ»។

​អ្នកនយោបាយ​ជំទាស់​រូបនេះ​ បាន​លើកឡើ​ង​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ផង​ដែរ ជា​ពិសេស​ក្រុម​សកម្មជនស្ត្រី​តាម​មូលដ្ឋាន​ ក្នុង​ទិសដៅ​លើកកម្ពស់​លម្ហ​សេរីភាព​ និង​លទ្ធិប្រជាធិបតេយ្យក្នុង​ប្រទេស។

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ផៃ ស៊ីផាន បាន​ច្រានចោល​សំណើ​របស់​អ្នកស្រី​ មូរ សុខហួរ ខណៈ​លោក​សង្កត់ធ្ងន់​ពី​ផលប្រយោជន៍ចម្រុះរវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖ «ការ​រអ៊ូរទាំ​ គំនិត​អវិជ្ជមាន​ប្រឆាំង​ប្រទេស​របស់​គាត់ អាហ្នឹង​ជា​រឿង​ប្រពៃណី ហើយ​ជា​រឿង​ប្រវត្តិសាស្ត្រ​របស់​គាត់។ វា​រាប់​សិប​ឆ្នាំ​មក​ហើយ។ ដូច្នេះ​ ខ្ញុំ​មិន​ចាប់​អារម្មណ៍​អី​ទៀត​ទេ អាហ្នឹង។ គាត់​និយាយ​អី​ និយាយ​ទៅ​ ពីព្រោះ​ផល​ប្រយោជន៍​របស់​សហរដ្ឋអាមេរិក​ជាមួយ​កម្ពុជា មិនមែន​ជា​ផលប្រយោជន៍​ពាណិជ្ជកម្ម​ទេ វា​មាន​ផលប្រយោជន៍​សហប្រតិបត្តិការ​ទ្វេភាគី ក៏​ដូចជា ពហុភាគី​ជាមួយ​អាស៊ាន»។

លោក​បាន​បន្ត​ថា រាល់ការ​លើកឡើង​ពីការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពី​សំណាក់​មន្ត្រី​គណបក្ស​ប្រឆាំង ឬ​សង្គម​ស៊ីវិល​មិន​តំណាង​ឱ្យ​ស្ថានការណ៍​ពិត​ប្រាកដ​នោះ​ទេ និង​ថា កម្ពុជា​មិនមាន​ការ​ដាក់​កំហិត​លើ​ការ​បញ្ចេញ​មតិ​ ឬ​ការ​ធ្វើសកម្មភាព​នយោបាយ​ណា​មួយ​ដែល​ស្រប​ច្បាប់​នោះ​ទេ។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើលសិទ្ធិមនុស្សនៃ​អង្គការ​លីកាដូ​លោក អំ សំអាត​ ចាត់​ទុកថា​ ការ​លើកឡើង​របស់​អ្នកស្រី​ មូរ សុខហួរ គឺ​ជា​សារនយោបាយ​មួយ។

យ៉ាងណាក្តី ​លោក​បាន​បន្ថែម​ថា ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង អង្គការ​សង្គមស៊ីវិលនៅ​កម្ពុជាតែងតែ​បង្ហាញ​ក្តី​បារម្ភ​ពីការ​បន្ត​រឹតត្បិត​សេរីភាព​សង្គមស៊ីវិល និង​សេរីភាព​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដូចជា ករណី​បង្ក្រាប​លើ​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ឬ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ជា​ដើម​នា​ពេល​ថ្មីៗ​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​ខាង​លើ​ក៏​បាន​សង្កត់ធ្ងន់ពី​ផលវិបាក​មួយ​ចំនួន​ផង​ដែរ​ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រមកែ​តម្រូវ​លើ​ចំណុចពាក់ព័ន្ធ​នឹង​លម្ហ​សិទ្ធិសេរីភាពដែល​មជ្ឈដ្ឋាន​អន្តរជាតិ​ចាត់​ទុក​ថា នៅ​កំពុង​អន់ថយ ឬ​កំពុង​រង​ការ​ដាក់​កំហិត។

លោក​បាន​ថ្លែង​ថា៖ «នេះ​ជា​ការ​ព្រួយបារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​ បើ​សិន​ជា​កម្ពុជា​យើង​មិន​ពិនិត្យ​មើល​ចំណុច​ខ្វះខាត ឬ​ក៏​អនុសាសន៍​របស់​សហគមន៍​អឺរ៉ុប ឬ​អនុសាសន៍​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ដើម្បី​ធ្វើការ​កែ​លម្អ។ អ៊ីចឹង​ វា​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដូចជា បញ្ហា EBA បន្ថែម ឬ​ក៏ GSP របស់​សហរដ្ឋអាមេរិក​ជា​ដើម»។

លោក អំ សំអាត ក៏​បាន​ស្នើ​ឱ្យមាន​ការ​លើកកម្ពស់​សមភាព​យេនឌ័រ​ផង​ដែរ​នៅ​តាម​ស្ថាប័ន និង​មូលដ្ឋាន​នានា​ ខណៈ​លោក​និយាយ​ថា ភាព​ជា​អ្នក​ដឹកនាំ​របស់ស្ត្រីក្នុង​ផ្នែក​នយោបាយ​នៅ​មាន​កម្រិត​នៅ​ឡើយ ហើយ​ការ​បន្តរឹតត្បិត​លម្ហសេរីភាព និង​លម្ហ​សង្គម​ស៊ីវិល​កាន់​តែ​ដាក់​កំហិត​លើ​ការ​ចូលរួម​របស់​ស្ត្រីបន្ថែម​ទៀត។

គួរ​បញ្ជាក់​ផងដែរ​ថា សិទ្ធិ​សេរី​ភាព​របស់​អង្គការ​សង្គមស៊ីវិល និង​បញ្ហា​សិទ្ធិ​មនុស្សបានបន្តស្ថិត​ក្នុង​ស្ថានភាព​គួរឱ្យ​ព្រួយបារម្ភ​ ​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិកាលពីឆ្នាំ​២០១៧។ នេះ​បើតាម​អ្នកឃ្លាំមើល​ស្ថាន​ភាព​សង្គម​ និង​នយោបាយ​នៅ​កម្ពុជា៕