នៅក្នុងសវនាការតុលាការកំពូលនាព្រឹកថ្ងៃពុធ អតីតអ្នកសារព័ត៌មានអាស៊ីសេរីម្នាក់ គឺលោក យាង សុធារិន្ទ បានស្នើសុំចៅក្រមសម្រេចផ្តល់លិខិតឆ្លងដែនដល់រូបលោក ដើម្បីលោកអាចទៅទឹកដីកំណើតកម្ពុជាក្រោម សួរសុខទុក្ខឪពុកម្តាយបង្កើត ជាពិសេសបានទៅមើលបងស្រីបង្កើតដែលកំពុងឈឺធ្ងន់។
លោក យាង សុធារិន្ទ ឬហៅ យាង សុជាមេត្តា អាយុ ៣៤ ឆ្នាំ ដែលមានដើមកំណើតនៅភូមិកិង ឃុំឬស្សីស្រុក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម និងជាអ្នកសារព័ត៌មានមួយរូប ត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចអន្តរាយការពារជាតិ» កាលអំឡុងឆ្នាំ ២០១៧។
សំណុំរឿងរបស់លោកត្រូវបានអូសបន្លាយរហូតមកដល់ពេលនេះ បើទោះលោកបច្ចុប្បន្ននៅក្រៅឃុំ ប៉ុន្តែស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។ លោកបានប្តឹងទាស់នឹងការសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានបដិសេធមិនផ្តល់លិខិតឆ្លងដែនឱ្យរូបលោក ចូលរួមមហាសន្និបាតរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក។
នៅក្នុងសវនាការ អតីតអ្នកកាសែតអាស៊ីសេរីរូបនោះ បានបញ្ជាក់មូលហេតុទៅអង្គចៅក្រមចំពោះការប្តឹងទាស់ និងការស្នើសុំលិខិតឆ្លងដែន គឺដើម្បីលោកអាចមានឱកាសទៅសួរសុខទុក្ខក្រុមគ្រួសារ។
លោកអះអាងថា លោកនឹងមិនរត់ចេញពីទឹកដីកម្ពុជាក្រោម ដែលជាទឹកដីកំណើតរបស់លោកនោះទេ។ ដើម្បីឱ្យតុលាការទុកចិត្ត លោកក៏បានស្នើចៅក្រមដាក់លក្ខខណ្ឌកំណត់លើលិខិតឆ្លងដែនរបស់លោក ដោយហាមប្រាមមិនឱ្យរូបលោកចាកចេញពីកម្ពុជាក្រោមទៅក្រៅប្រទេស។ លោក យាង សុធារិន្ទ ប្រាប់ចៅក្រមបន្ថែមថា លោកមិនបានចាកចេញទៅទឹកដីកំណើតជាង ៥ ឆ្នាំមកហើយ។
ក្រោយពីបញ្ចប់សវនាការ លោក យាង សុធារិន្ទ បានប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការកំពូលថា៖ «ករណីខ្ញុំនេះ គឺជារឿងមួយអភ័ព្វមែនទែន ដែលថាមិនអាចមានឱកាសសូម្បីទៅជួបឪពុកម្តាយ ពេលឪពុកម្តាយឈឺ ឥឡូវបងឈឺធ្ងន់មែនទែន ដល់ដំណាក់កាលចុងក្រោយហើយ។ បើសិនជាតុលាការគាត់ពិចារណាទៅលើគោលការណ៍មនុស្សធម៌ ហើយផ្សាភ្ជាប់ទៅនឹងការអះអាងរបស់មេធាវីរបស់ខ្ញុំទាក់ទងផ្លូវច្បាប់ ថាពួកខ្ញុំលែងជាប់កាតព្វកិច្ចត្រួតពិនិត្យរបស់តុលាការ ហើយរយៈពេលស៊ើបអង្កេតមកដល់ពេលនេះ ៥ ឆ្នាំដែលអត់មានដំណើរការជាលទ្ធផលអីសោះហ្នឹង គឺផ្អែកលើហេតុផលទាំង ៣ ហ្នឹង ខ្ញុំគិតថា លិខិតឆ្លងដែនរបស់ខ្ញុំស្នើសុំគួរតែបាន ដោយឈរលោកគោលការណ៍ហ្នឹង ដោយអត់ផ្សាភ្ជាប់ករណីពួកខ្ញុំទៅរឿងអីផ្សេងទៀតក្រៅពីបញ្ហាទាំងអស់ហ្នឹង»។
លោក សំ ចំរើន មេធាវីការពារក្តីឱ្យលោក យាង សុធារិន្ទ ឱ្យដឹងថា មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ក្នុងការស្នើសុំលិខិតឆ្លងដែននេះ ទើបលោកនិងកូនក្តីប្តឹងទាស់មកកាន់តុលាការកំពូលឱ្យបដិសេធសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍។
លោកប្រាប់អ្នកសារព័ត៌មានថា៖ «រហូតមកដល់ពេលនេះ ផ្អែកទៅលើកកត្តាពេលវេលា និងកត្តាច្បាប់ គឺលោក យាង សុធារិន្ទ មានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការដាក់ពាក្យស្នើសុំទទួលយក Passport [លិខិតឆ្លងដែន] មកប្រើប្រាស់វិញ»។
លោក រស់ សារ៉ាត់ អ្នកសម្របសម្រួលគម្រោងបង្កើនការគោរពសិទ្ធិមនុស្សនៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលចូលស្តាប់អង្គសវនាការ បានលើកឡើងថា ការមិនផ្តល់ភាពច្បាស់លាស់នៃរឿងក្តី ដែលអូសបន្លាយពេលតាំងពី ២០១៧ មកនេះ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជំនុំជម្រះ និងរាំងស្ទះដល់ការធ្វើដំណើររបស់លោក យាង សុធារិន្ទ ក្នុងការទៅសួរសុខទុក្ខក្រុមគ្រួសារនៅកម្ពុជាក្រោម។ លោកបន្តថា បើសិនជាតុលាការមិនមានភស្តុតាងក្នុងការដាក់បន្ទុកទេ គួរតែទម្លាក់បទចោទប្រកាន់ដល់លោក យាង សុធារិន្ទ និងត្រូវផ្តល់នូវលិខិតឆ្លងដែនដល់រូបលោកវិញ។
លោកថ្លែងថា៖ «បើយើងមើលពីនីតិវីធីតាំងពីដំបូងឡើយ គឺតុលាការដំបូង គឺបានយករឿងហ្នឹងទៅជំនុំជម្រះហើយ ប៉ុន្តែដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុក ក៏បង្វិលសំណុំឱ្យធ្វើការស៊ើបអង្កេតឡើងវិញ។ ហើយខ្ញុំថា បើសិនជាតុលាការរកមិនឃើញមានភស្តុតាង ដើម្បីដាក់បន្ទុកគាត់ទេ គួរតែផ្តល់ភាពយុត្តិធម៌ដល់គាត់ ដោយទម្លាក់បទចោទទាំងអស់ទៅលើរូបគាត់ ដើម្បីឱ្យគាត់រួចផុតពីបទចោទទាំងអស់ហ្នឹង»។
បន្ទាប់ពី លោក គង់ ស្រ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានស្តាប់ពីមូលហេតុរបស់លោក យាង សុធារិន្ទ និងស្តាប់អង្គហេតុ និងអង្គច្បាប់របស់មេធាវីការពារ និងតំណាងអយ្យការរួចមក លោកបញ្ជាក់ថា តុលាការនឹងពិចារណាលើការស្នើសុំរបស់លោក យាង សុធារិន្ទ ហើយសេចក្តីសម្រេច នឹងត្រូវប្រកាសនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២។
គួរបញ្ជាក់ថា អតីតអ្នកកាសែតពីររូបរបស់វិទ្យុអាស៊ីសេរី គឺលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ត្រូវបានចាប់ និងឃុំខ្លួន កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដោយតុលាការចោទប្រកាន់ថា ពួកគេទាំងពីរបានផ្តល់ព័ត៌មានឱ្យរដ្ឋបរទេសដែលអាចបង្កឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ក្នុងការចោទនោះ តុលាការអះអាងថា ពួកគេទាំងពីរបន្តរាយការណ៍ព័ត៌មានឱ្យវិទ្យុអាស៊ីសេរី បន្ទាប់ពីវិទ្យុនេះបានបិទការិយាល័យរបស់ខ្លួននៅកម្ពុជា៕