អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ថ្លែងថា ព្រែកជីកហ្វូណនជា «គំនិតផ្តួចផ្តើមរបស់កម្ពុជាសុទ្ធសាធ» ហើយលោកស្នើឱ្យបញ្ឈប់យកកម្ពុជាមកប្រើប្រាស់ក្នុងភូមិសាស្រ្តនយោបាយ ដែលលោកថា មានទំនោរប្រឆាំងនឹងចិន។
លោក ហ៊ុន សែន បានថ្លែងបែបនេះ តាមរយៈវីដេអូផ្សាយផ្ទាល់លើហ្វេសប៊ុករបស់លោក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ពាក់ព័ន្ធនឹងគម្រោងព្រែកជីកតម្លៃប្រមាណ ១.៧០០ លានដុល្លារ ដែលត្រូវបានផ្តួចផ្តើមក្នុងពេលលោកធ្វើជានាយករដ្ឋមន្រ្តីកម្ពុជា។
លោក ហ៊ុន សែន ថ្លែងថា កម្ពុជាបានពិភាក្សាជាមួយចិនលើព្រែកជីកហ្វូណននេះ ហើយក្រុមហ៊ុនចិនបានចូលរួមក្នុងការសិក្សានិងវិនិយោគ។ លោកសង្កត់ធ្ងន់ថា គម្រោងផ្លូវទឹកភ្ជាប់ទន្លេទៅសមុទ្រនេះមិនមែនជាការផ្តួចផ្តើមរបស់ចិនឡើយ។
លោក ហ៊ុន សែន ថ្លែងថា៖ «ដូច្នេះ សូមអ្នកដែលតែងតែចោទប្រកាន់យើងអំពីក្របខណ្ឌភូមិសាស្រ្តនយោបាយ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន សូមបញ្ឈប់រឿងនេះទៅ។ វាជាការឆោតល្ងង់ ដែលអ្នកទាំងឡាយធ្វើការលើកឡើងដោយមិនដឹងឫសគល់នៃបញ្ហា»។
បើតាមលោក ហ៊ុន សែន ព្រែកជីកហ្វូណននេះធ្វើឡើងក្នុងគោលបំណងដើម្បីផលចំណេញខាងសេដ្ឋកិច្ច និង «ឯករាជ្យភាពនយោបាយ» លើបញ្ហានៃការដឹកជញ្ជូនតាមផ្លូវទឹក។ លោក ហ៊ុន សែន បន្ថែមថា នាវាចម្បាំងមិនអាចចល័តតាមព្រែកជីកនេះទេ ប៉ុន្តែអាចមាននាវាតូចៗក្នុងការល្បាតតាមផ្លូវទឹកមួយនេះ។ លោកហ៊ុន សែន បានហៅព្រែកជីកហ្វូណននេះគ្រាន់តែជា «កូនព្រែកតូច» សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកតែប៉ុណ្ណោះ។
លោក ហ៊ុន សែន ក៏បានជំរុញទៅរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក បើកការដ្ឋានព្រែកជីកហ្វូណននេះឱ្យបានឆាប់ដើម្បីបញ្ឈប់ការរិះគន់។
លោកថ្លែងថា៖ «ហើយខ្ញុំសុំផ្តល់មតិទៅនាយករដ្ឋមន្រ្តីថ្មី ទៅរាជរដ្ឋាភិបាល កុំយប់យូរសុបិនច្រើន។ បើបើកការដ្ឋានបានឆាប់គឺធ្វើទៅ! កុំរង់ចាំអីទៀត នាំមានសាធារណៈមតិ ពីមួយថ្ងៃទៅមួយថ្ងៃ គឺចាប់ផ្តើមកើន»។
គម្រោងដ៏មានមហិច្ឆតារបស់កម្ពុជាមួយនេះក៏កំពុងត្រូវបានសារព័ត៌មានអន្តរជាតិមួយចំនួនរាយការណ៍ថា វាអាចបង្កជាក្តីបារម្ភផ្នែកសន្តិសុខដល់រដ្ឋាភិបាលទីក្រុងហាណូយ ពាក់ព័ន្ធនឹងការពង្រីកឥទ្ធិពលរបស់ចិន ប្រសិនបើផ្លូវទឹកមួយនេះត្រូវបានរដ្ឋាភិបាលទីក្រុងភ្នំពេញប្រើប្រាស់លើសពីក្របខណ្ឌពាណិជ្ជកម្ម។ រដ្ឋាភិបាលវៀតណាមបានស្នើសុំឯកសារបន្ថែមពីកម្ពុជា និងស្នើសុំការសិក្សារួមគ្នាលើផលប៉ះពាល់ឆ្លងដែនទឹក។
គម្រោងព្រែកជីកហ្វូណនដែលក្រុមហ៊ុនចិនវិនិយោគក្នុងតម្លៃទឹកប្រាក់ប្រមាណ ១.៧០០ លានដុល្លារ ភ្ជាប់ពីទន្លេមេគង្គទៅឆ្នេរសមុទ្រក្នុងខេត្តកែប នឹងកាត់បន្ថយការដឹកជញ្ជូនទំនិញតាមកំពង់ផែវៀតណាម ប្រមាណ ៧០%។ នេះបើតាមការអះអាងរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រែកជីកនេះ។
គម្រោងព្រែកជីកនេះមានប្រវែង ១៨០ គីឡូម៉ែត្រ ហើយនឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ ក្រុមហ៊ុនចិនជាអ្នកវិនិយោគលើគម្រោងព្រែកជីកនេះ តាមទម្រង់ BOT (Build Operate and Transfer) ឬហៅថា សាងសង់ ប្រតិបត្តិការ និងផ្ទេរ។ នេះមានន័យថា ក្រុមហ៊ុនចិននឹងគ្រប់គ្រងផ្លូវទឹកនេះ ក្នុងរយៈពេលកំណត់ណាមួយ អាចដល់ ៥០ ឆ្នាំ មុននឹងប្រគល់មកឱ្យកម្ពុជាគ្រប់គ្រងវិញ៕