តុលាការពិសេសនៅក្នុងប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារនេះ បានរកឃើញទោសកំហុសរបស់អតីតប្រធានាធិបតី និងជាមេបញ្ជាការយោធាលោក Pervez Musharraf ពីបទក្បត់ជាតិធ្ងន់ធ្ងរ និងបានកាត់ទោសប្រហារជីវិតលោក។ នេះគឺជាលើកដំបូងហើយ ដែលមេដឹកនាំផ្តាច់ការយោធាម្នាក់ត្រូវបានកាត់ទោសដោយតុលាការនៅក្នុងប្រទេសប៉ាគីស្ថាន។
លោក Musharraf ដែលបច្ចុប្បន្នកំពុងព្យាបាលជំងឺនៅក្នុងទីក្រុងឌូបៃ បានឡើងកាន់អំណាចដោយរដ្ឋប្រហារយោធានៅក្នុងឆ្នាំ១៩៩៩។ កាលពីឆ្នាំ២០០៧លោកបានដាក់រដ្ឋឲ្យស្ថិតក្នុងស្ថានភាពអាសន្នដែលជាមូលហេតុបណ្តាលឲ្យមានការចោទប្រកាន់ប្រឆាំងនឹងរូបលោក។
ករណីចោទប្រកាន់នេះត្រូវបានអូសបន្លាយនៅតុលាការចាប់តាំងពីឆ្នាំ២០១៤មក នៅពេលដែលលោក Musharraf ត្រូវបានចោទប្រកាន់។ នៅក្នុងឆ្នាំ២០១៦ លោកត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសដើម្បីព្យាបាលជំងឺ។ ការអនុញ្ញាតឲ្យលោកចាកចេញពីប្រទេសនេះ គឺជាអ្វីដែលមនុស្សជាច្រើនជឿថា ដោយសារមានសម្ពាធពីយោធាដ៏មានឥទ្ធិពលរបស់ប្រទេស។
លោកត្រូវបានតុលាការកោះហៅឲ្យត្រឡប់ចូលប្រទេសវិញជាច្រើនដងរួចមកហើយដើម្បីធ្វើសក្ខីកម្មនៅក្នុងតុលាការ ប៉ុន្តែមានការលើកឡើងពីមូលហេតុសុខភាពដែលមិនអាចឲ្យលោកវិលចូលប្រទេសវិញ។
កាលពីដើមខែនេះ ពីមន្ទីរពេទ្យនៅក្នុងទីក្រុងឌូបៃ លោក Musharraf បានបង្ហាញពីភាពមិនទុកចិត្តរបស់លោកទៅលើប្រព័ន្ធតុលាការ និងបាននិយាយថាលោកគឺជាជនរងគ្រោះ។
គណបក្សសំខាន់ៗនានានៅក្នុងប្រទេសបានសាទរចំពោះការកាត់ទោសនេះដែលជារបាំងមួយដ៏រឹងមាំមួយដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធានៅថ្ងៃអនាគត។
លោក Bilawal Bhutto Zardari មេដឹកនាំគណបក្សពលរដ្ឋប៉ាគីស្ថាន និងជាកូនប្រុសរបស់លោកស្រី Benazir Bhutto អតីតប្រធានាធិបតីប៉ាគីស្ថានដែលត្រូវបានធ្វើឃាតបានសរសេរបង្ហោះសារនៅលើ Twitter ថា «ប្រជាធិបតេយ្យគឺជាការសងសឹកដ៏ល្អបំផុតមួយ»៕