អតីតមន្ត្រីប៉ូលិសលោក Derek Chauvin ដែលត្រូវគណៈវិនិច្ឆ័យមួយ សម្រេចឱ្យមានទោសក្នុងការសម្លាប់ពលរដ្ឋអាមេរិកស្បែកខ្មៅមួយរូប គឺលោក George Floyd ត្រូវកាត់ទោសដោយតុលាការ នៅទីក្រុង Minneapolis រដ្ឋ Minnesota កាត់ឱ្យជាប់ទោស២២ឆ្នាំកន្លះ កាលពីថ្ងៃសុក្រ។
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោក Chauvin ត្រូវបានគណៈវិនិច្ឆ័យនៅរដ្ឋ Minnesota សម្រេចឱ្យមានទោសពីបទឃាតកម្មមិនមានការគិតទុកជាមុនកម្រិតមធ្យម (second-degree murder) បទឃាតកម្មមិនមានការគិតទុកជាមុនកម្រិតស្រាល (third-degree murder) និងបទមនុស្សឃាតដោយអចេតនាកម្រិតមធ្យម (second-degree manslaughter) ពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floyd ដែលជារឿងក្តីបង្កឲ្យមានការផ្ទុះឡើងនូវបាតុកម្មនៅទូទាំងពិភពលោកប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិសទៅលើប្រជាពលរដ្ឋ។ អតីតមន្ត្រីប៉ូលិសរូបនេះ កំពុងត្រូវឃុំក្នុងពន្ធនាគារ ចាប់តាំងពីការសម្រេចទោសនោះមក។
លោក Floyd ត្រូវបានសម្លាប់កាលខែឧសភាឆ្នាំមុន បន្ទាប់ពីលោក Chauvin ដែលជាប៉ូលិសស្បែកស បានសង្កត់ជង្គង់ពីលើ ឬគៀកនឹងករបស់បុរសស្បែកខ្មៅវ័យ៤៦ឆ្នាំរូបនោះ រយៈពេលប្រហែល៩នាទីកន្លះ។
ទោសធ្ងន់ជាងគេសម្រាប់លោក Chauvin គឺសម្រាប់បទឃាតកម្មមិនមានការគិតទុកជាមុនកម្រិតមធ្យម ដែលអាចជាប់ពន្ធនាគាររហូតដល់៤០ឆ្នាំ។
នៅមុនការកាត់ទោសថ្ងៃសុក្រ អ្នកជំនាញខាងច្បាប់ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃព្រហស្បតិ៍ថា ទោសដែលអាចអនុវត្តជាក់ស្តែងបាន គឺជាប់ពន្ធនាគារ៣០ឆ្នាំ ដោយសារការសម្រេចដាក់ទោសអប្បបរិមាលើសពី៣០ឆ្នាំ ងាយនឹងត្រូវសាលាឧទ្ធរណ៍បដិសេធវិញ៕