អតីតសមាជិកចំនួនពីររូបនៃគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី បានដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺ បន្ទាប់ពីតុលាការកោះហៅសាកសួរពាក់ព័ន្ធនឹងការប្រមូលបច្ច័យបុណ្យ តាមបណ្តឹងរបស់ប្រធានគណបក្សយុវជនកម្ពុជា ដែលប្តឹងពីបទរំលោភលើសេចក្តីទុកចិត្ត។
លោក កែម ឡី អ្នកវិភាគសង្គមដ៏ល្បីល្បាញត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ នៅកណ្តាលរាជធានីភ្នំពេញ កាលពីខែកក្កដាឆ្នាំទៅមិញ។ មុនពេលដង្ហែរសពលោក កែម ឡី ទៅកាន់ផ្ទះកំណើតរបស់លោកក្នុងខេត្តតាកែវ គណៈកម្មការរៀបចំបុណ្យសពត្រូវបានបង្កើតឡើង ដើម្បីរៀបចំបុណ្យសពរបស់លោក កែម ឡី ឱ្យបានអធិកអធមក្នុងវត្តមួយនៅភ្នំពេញ។
ប៉ុន្មានខែក្រោយមក គ្រួសាររបស់លោកបានប្រារព្ធខួបបុណ្យនៃការស្លាប់របស់លោក និងមានព័ត៌មានថា ខ្វះខាតថវិកាក្នុងការប្រារព្ធបុណ្យខួបសពលោក កែម ឡី។
កាលពីថ្ងៃទី៨ ខែកញ្ញាកន្លងទៅ លោក ពេជ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលទើបតែបង្កើតថ្មីមុនពេលបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើឲ្យអយ្យការស៊ើបអង្កេតស្វែងរកការណ៍ពិតពាក់ព័ន្ធនឹងថវិកាដែលប្រជាពលរដ្ឋចូលបុណ្យសពលោក កែម ឡី ក្នុងពេលកន្លងមក។
កាលពីថ្ងៃទី២២ ខែកញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅអតីតគណៈកម្មការចំនួន៣រូប ដែលរៀបចំបុណ្យសពរបស់លោក កែម ឡី ដើម្បីសាកសួរពាក់ព័ន្ធនឹងបទរំលោភលើសេចក្តីទុកចិត្ត។
អ្នកទាំង៣រូបមានដូចជា លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ត្រូវបានកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី៩ ខែតុលា ព្រមទាំងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដែលត្រូវបានកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី១១ ខែតុលា។
ពាក្យសុំពន្យារពេលចូលបំភ្លឺចេញដោយលោក សំ ចំរើន ដែលជាមេធាវីរបស់លោក ប៉ា ងួនទៀង ចេញកាលពីថ្ងៃទី៨ ខែតុលា បានបញ្ជាក់ពីមូលហេតុថា ដោយសារកូនក្តីរបស់ខ្លួនពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីពិគ្រោះយោបល់ទៅលើដំណើររឿងដែលត្រូវចូលបំភ្លឺ និងមិនទាន់ពិនិត្យមើលឯកសារពាក្យបណ្តឹង រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗទៀត។
ចំណែកពាក្យសុំលើកពេលចូលបំភ្លឺរបស់លោក មឿន តុលា ចេញកាលពីថ្ងៃទី៦ ខែតុលា បញ្ជាក់ពីមូលហេតុថា លោកមិនទាន់ទទួលបានដីកាកោះហៅរបស់តុលាការដោយផ្ទាល់ដៃ ដោយសារលោកទើបត្រឡប់មកពីបំពេញបេសកកម្មនៅបរទេស និងថា ដីកាដែលចេញដោយតុលាការបានសរសេរខុសអាស័យដ្ឋានបច្ចុប្បន្នរបស់លោក។ លោកបានបន្ថែមក្នុងពាក្យសុំពន្យារនោះដោយស្នើឲ្យតុលាការចេញដីកាកោះសារជាថ្មី។
លោក មឿន តុលា បានបញ្ជាក់ក្នុងលិខិតនោះដោយសម្រង់ន័យដើមថា៖ «ខ្ញុំបាទនឹងចូលបំភ្លឺនៅចំពោះមុខតំណាងអយ្យការ ប្រសិនបើខ្ញុំបានទទួលដីកាកោះសារជាថ្មី ដោយមានអាស័យដ្ឋានផ្ទះលេខ៣៥៩ ផ្លូវ៦៩ BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក លី សុផាណា និងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេ។ ចំណែកលោក មឿន តុលា និងលោក ប៉ា ងួនទៀង ក៏វីអូអេមិនអាចទាក់ទងបាន ដើម្បីសុំការបញ្ជាក់បន្ថែមដែរ រហូតដល់ល្ងាចថ្ងៃចន្ទនេះ៕