កាលពីថ្ងៃសៅរ៍លោក Martin O'Malley អ្នកសេរីនិយមនិងជាអតីតអភិបាលរដ្ឋ Maryland នាប៉ែកខាងកើតស.រ.អា.បានប្រកាសបេក្ខភាពរបស់លោកសម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៦។
លោកប្រឈមមុខនឹងឧបសគ្គជាច្រើនក្នុងការប្រជែងជាមួយលោកស្រីអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា. Hillary Clinton ដែលជាបេក្ខជននាំមុខគេសម្រាប់ការទទួលការតែងតាំងនេះ។ ក៏ប៉ុន្តែលោក O'Malley ដែលមានអាយុ៥២ឆ្នាំសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងរបស់លោកដែលមានជោគជ័យក្នុងការធ្វើឱ្យការរៀបអាពាហ៍ពិពាហ៍រវាងមនុស្សដែលមានភេទដូចគ្នាមានលក្ខណៈត្រឹមត្រូវតាមច្បាប់នៅក្នុងរដ្ឋ Maryland ការបញ្ឈប់ទោសប្រហារជីវិតនៅក្នុងរដ្ឋនេះ និងការដំឡើងប្រាក់បៀវត្សរ៍ទាបបំផុតសម្រាប់គ្រួសារមានប្រាក់ចំណូលទាបនឹងធ្វើឱ្យអ្នកបោះឆ្នោតក្នុងគណបក្សប្រជាធិបតេយ្យមានការរំភើបចិត្ត។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោកបានទាក់ទាញការគាំទ្រតែបន្តិចបន្តួចដោយការស្ទង់មតិជាតិមួយក្នុងសប្តាហ៍នេះបង្ហាញថាលោកមានការគាំទ្រតែមួយភាគរយពីសមាជិកគណបក្សប្រជាធិបតេយ្យដោយនៅឆ្ងាយពីក្រោយលោកស្រី Clinton ដែលមានការគាំទ្រ៥៧ភាគរយ៕