នៅថ្ងៃសៅរ៍នេះ លោក Najib Razak អតីតនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានលាលែងចេញពីតំណែងប្រធានគណបក្ស UNMO ដែលជាគណបក្សរបស់ក្រុមជនអំបូរម៉ាឡេគ្រប់គ្រងប្រទេសម៉ាឡេស៊ី ចាប់តាំងពីប្រទេសនេះបាន ចាប់កំណើតជាប្រទេសឯករាជ្យមួយក្នុងឆ្នាំ១៩៥៧និងពីតំណែងជាមេដឹកនាំនៃក្រុមចម្រុះ Barisan Nasional ដែលបានចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតទូទៅកាលពីថ្ងៃពុធ។
កាលពីព្រឹកថ្ងៃសៅរ៍នេះ លោក Najib និងលោកស្រី Rosmah Mansor ជាភរិយាលោកបានត្រូវរារាំងមិនឱ្យចាកចេញពីប្រទេសម៉ាឡេស៊ីទេ។
មន្ទីរអន្តោប្រវេសន៍នៃប្រទេសម៉ាឡេស៊ី បាននិយាយថាគូស្វាមីភរិយានេះ«ឋិតនៅក្នុងបញ្ជីខ្មៅ» ហើយមិនអាចធ្វើដំណើរបានទេ។
លោក Najib អាចប្រឈមនឹងការចោទប្រកាន់ទាក់ទិននឹងរឿងអាស្រូវពុករលួយធំមួយ។
សេចក្តីប្រកាសរបស់លោកតាម Facebook ថាលោកទៅវិស្សមកាល ក៏ប៉ុន្តែនឹងវិលត្រឡប់មកវិញក្នុងពេលមួយសប្តាហ៍បាននាំឱ្យមានពាក្យចចាមអារាមថាលោកប៉ុនប៉ងរត់គេចខ្លួនចេញពីការចោទប្រកាន់ចំពោះមុខតុលាការ។ លោកបានបដិសេធថាលោកមិនបានធ្វើអ្វីខុសទេ។
ទីភ្នាក់ងារព័ត៌មាន Ass ociated Press រាយការណ៍ថាបញ្ជីជើងហោះហើរអាកាសយានបង្ហាញថាលោក Najib និងភរិយាលោកមានកំណត់ធ្វើដំណើរចាកចេញពីប្រទេសម៉ាឡេស៊ី ទៅកាន់ក្រុង Jakarta នៅថ្ងៃសៅរ៍នេះតាមយន្តហោះប្រតិកម្មឯកជនមួយគ្រឿង៕