មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នឹង​សំណើ​របស់​អតីត​តំណាងរាស្ត្រ​និង​មន្ត្រី​បក្ស​សង្គ្រោះជាតិ​ដើម្បី​ចូល​ជួប​ លោក​ ​កឹម សុខា

  • VOA

រូបេកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ (រូបផ្តល់ឲ្យ)

ការ​ស្នើ​សុំ​ជួប​ លោក​ កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​លោក​ សម រង្ស៊ី​ ​និង​អតីត​តំណាងរាស្ត្រ​មួយ​ចំនួន​របស់​​បក្ស​ជំទាស់​ដ៏​ធំ​នេះ​ បាន​ប្រកាស​បង្កើត​ ​«ចលនា​សង្គ្រោះជាតិ»​ ​​មួយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។

ក្នុងសប្តាហ៍​នេះ​ អតីត​ក្រុម​តំណាងរាស្ត្រ ​និង​មន្ត្រី​សំខាន់ៗ​មួយ​ចំនួននៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​សាលក្រម​តុលាការ​កំពូល​ បាន​ស្នើ​តុលាការ​រាជធានី​ភ្នំពេញចូល​ជួប​ប្រធាន​របស់​ផង​ខ្លួន​ គឺ​ លោក​ ​កឹម សុខា​ ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង។​ ក៏ប៉ុន្តែ​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ មិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​នៅ​ឡើយ​នោះ​ទេ។​

រូបឯកសារ៖ លោក​ ម៉ៅ មុន្នីវណ្ណ​ អតីត​អ្នក​តំណាងរាស្ត្រ​ខេត្តកំពង់ចាមមកពីគណបក្ស​សង្គ្រោះ​ជាតិ។ (រូបថតដកស្រង់ពីហ្វេសប៊ុក Mao Monyvann)

ក្នុង​លិខិត​មួយ​សរសេរ​ដោយ​ ​លោក ​ម៉ៅ មុនីវណ្ណ​ ផ្ញើ​ទៅ​កាន់​ចៅក្រម​នៃ​តុលាការ​រាជធានី​ភ្នំពេញ​ អតីត​ក្រុម​តំណាងរាស្ត្រ ​និង​មន្ត្រីរបស់​បក្ស​ជំទាស់​ជាង​១០​រូប​ ​បាន​ស្នើសុំ​ចូល​ជួប​ និង «សួរ​សុខទុក្ខ» លោក កឹម សុខា នៅ​ក្នុង​គុក​ម៣​ ​នៃ​ខេត្ត​ត្បូងឃ្មុំ​ ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ។​

​លោក​ លី សុផាណា អ្នក​នាំ​ពាក្យ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ តេឡេក្រាម​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ ​

«លេខាធិការដ្ឋាន​រដ្ឋបាល​ ​បាន​ទទួល​លិខិត​នេះ​ ហើយ​បញ្ជូន​ទៅ​លោក​ចៅ​ក្រម​ស៊ើបសួរ​ដើម្បី​ពិនិត្យ​អំពី​ការ​ស្នើ​សុំ​នេះ»។​

​ការ​ស្នើ​សុំ​ជួប​ លោក​ កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​អំណាច​តុលាការ​កំពូល​ ​គឺ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ ​លោក​ សម រង្ស៊ី​ ​និង​អតីត​តំណាងរាស្ត្រ​មួយ​ចំនួន​របស់បក្ស​ជំទាស់​ដ៏​ធំ​នេះ​ ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ​បាន​ប្រកាស​បង្កើត​ ​«ចលនា​សង្គ្រោះជាតិ»​ មួយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។​

ការ​ប្រកាស​បង្កើត​ចលនា​ថ្មី​នេះ​ ​ត្រូវ​គេ​យល់​ថា​ ​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការ​ប្រេះឆា​របស់​បក្ស​ជំទាស់​ ដែល​ធ្លាប់​បាន​រួមគ្នា​តែ​មួយ​ដោយ​គណបក្ស​នយោបាយ​ពីរ ​គឺ​គណបក្ស​ សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​ ​កឹម សុខា៕​